ព័ត៌មានជាតិ
ស្ពានឆ្លងទន្លេពីដីឥដ្ឋ ភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត បន្តវឌ្ឍនភាពតាមការគ្រោងទុក
នៅព្រឹកមិញនេះ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការនិងដឹកជញ្ជូន បានបើកកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធនឹងគម្រោងសាងសង់ស្ពាន (ដីឥដ្ឋ-ថ្មគរ) ចំណុចតភ្ជាប់ផ្លូវក្រវាត់ក្រុងទី ៣ និងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។ កិច្ចប្រជុំក៏មានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមន្ត្រីជំនាញពាក់ព័ន្ធផ្សេងទៀត។
កិច្ចប្រជុំដែលដឹកនាំដោយលោក សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគ្រប់គ្រងគម្រោង ដើម្បីពិនិត្យការអនុវត្តការងារជាអាទិភាពមួយចំនួន សំដៅជំរុញឱ្យគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធស្ពាន (ដីឥដ្ឋ-ថ្មគរ) ដំណើរការទៅដោយរលូន។
ប្រាប់កម្ពុជាថ្មីនៅរសៀលនេះ លោក ផន រឹម មន្រ្តីអ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូនបានឲ្យដឹងថា កិច្ចប្រជុំនេះត្រូវបានធ្វើឡើងជាទៀងទាត់ ដើម្បីពិនិត្យវឌ្ឍនភាពនិងដោះស្រាយបញ្ហាប្រឈមនានា។
ទាក់ទងលទ្ធផលជុំវិញគម្រោងសាងសង់ស្ពានឆ្លងទន្លេ (ដីឥដ្ឋ-ថ្មគរ) លោក ផន រឹម បានបញ្ជាក់ថា ដំណើរការស្របតាមគោលការណ៍ណែនាំពីថ្នាក់ដឹកនាំ និងស្របតាមប្រតិទិនការងារដែលបានគ្រោងទុក។
យ៉ាងណាមិញ មន្រ្តីក្រសួងសាធារណការរូបនេះមិនបានបង្ហាញលទ្ធផលជាក់ស្តែងបន្ថែមលើការដ្ឋានសាងសង់ស្ពានដ៏សំខាន់នេះ ដែលជាចំណុចតភ្ជាប់ពីផ្លូវក្រវាត់ក្រុងទី៣ និងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។
នៅក្នុងសន្និសីទជាមួយក្លឹបអ្នកកាសែតកម្ពុជាស្តីពី «ស្ថានភាពវិនិយោគនៅកម្ពុជា និងវឌ្ឍនភាពគម្រោងព្រែកជីកហ្វ៊ូណនតេជោ» កាលពីថ្ងៃទី ៧ ខែឧសភា លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឆ្លើយតបទៅសំនួររបស់កម្ពុជាថ្មីថា ស្ពានឆ្លងទន្លេនៅដីឥដ្ឋតភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ដែលដំបូងឡើងគ្រោងប្រើប្រាស់ថវិកាជាតិយកមកសាងសង់ ប៉ុន្តែក៏មានការកែសម្រួលខ្លះៗដោយបង្វែរយកប្រាក់សន្សំពីដៃគូអភិវឌ្ឍដើម្បីយកមកសាងសង់ស្ពាននេះវិញ។
លោក ស៊ុន ចាន់ថុល បានលើកឡើងថា ក្រោយបើកការដ្ឋានសាងសង់មានការយឺតយ៉ាវខ្លះ ប៉ុន្តែគម្រោងនៅតែបន្តទៅមុខអត់មានឈប់នោះទេ។
ក្នុងឱកាសបើកការដ្ឋានសាងសង់គម្រោងផ្លូវល្បឿនលឿនភ្នំពេញបាវិត សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជាបានគូសបញ្ជាក់ថា រដ្ឋាភិបាលនឹងប្រើប្រាស់ថវិកាជាតិសាងសង់ស្ពានឆ្លងទន្លេពីដីឥដ្ឋតភ្ជាប់ទៅគម្រោងផ្លូវល្បឿនលឿនភ្នំពេញបាវិត។
បើតាមប្រមុខដឹកនាំកម្ពុជា គម្រោងដើមដំបូងដំណើរការការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ត្រូវភ្ជាប់ជាមួយការសាងសង់ស្ពានឆ្លងទន្លេមេគង្គក្រោម (កៀនស្វាយ-ល្វាឯម) ដោយតម្រូវឱ្យពលរដ្ឋត្រូវបង់ថ្លៃធ្វើដំណើរទាំងនៅលើស្ពានទាំងផ្លូវ ប៉ុន្តែដោយសារគិតគូរដល់ជីវភាពប្រជាពលរដ្ឋ រាជរដ្ឋាភិបាលក៏បានបញ្ចេញថវិកាជាតិប្រមាណ ២៣០ លានដុល្លារ ចេញថ្លៃសាងសង់ស្ពាន ដើម្បីឱ្យប្រជាពលរដ្ឋអាចធ្វើដំណើរឆ្លងកាត់ដោយមិនចាំបាច់បង់ថ្លៃឆ្លងស្ពាននោះឡើយ។
«បើឲ្យក្រុមហ៊ុនទទួលបន្ទុកចំណាយសាងសង់ទាំងផ្លូវនិងស្ពាន គឺពលរដ្ឋត្រូវបង់ថ្លៃធ្វើដំណើរទាំងប្រើប្រាស់ផ្លូវនិងស្ពាន។ អីចឹងរដ្ឋាភិបាលសុខចិត្តបញ្ចេញប្រាក់វិនិយោគសាងសង់ស្ពានដោយខ្លួនឯង បញ្ចៀសការយកលុយពីពលរដ្ឋក្នុងការធ្វើដំណើរឆ្លងកាត់ស្ពាន»។ សម្តេចបញ្ជាក់។
ថ្លែងនៅចំពោះមុខពលរដ្ឋនិងក្រុមហ៊ុនសាងសង់ សម្ដេចតេជោ ហ៊ុន សែន ក៏បានណែនាំដល់ក្រុមហ៊ុនដែលទទួលបន្ទុកសាងសង់ស្ពាន និងផ្លូវល្បឿនលឿនត្រូវតែសាងសង់ឱ្យរួចដំណាលគ្នា ហើយប្រសិនបើស្ពានសាងសង់រួចមុនគឺកាន់តែល្អព្រោះប្រជាជននឹងឆាប់បានធ្វើដំណើរឆ្លងកាត់ដោយមិនចាំបាច់ឆ្លងទូកដរដូចមុនទៀត៕
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍១ សប្តាហ៍ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ចរាចរណ៍៣ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ចរាចរណ៍២១ ម៉ោង ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី