ព័ត៌មានជាតិ
បណ្ឌិតកម្ពុជា ៣រូប យល់ឃើញដូចគ្នាថា រៀនគួរបន្ថែមសំខាន់ណាស់ក្នុងប្រព័ន្ធអប់រំ
បណ្ឌិតរបស់កម្ពុជា ៣រូប ដូចជា បណ្ឌិត គិន ភា បណ្ឌិត ដៀប សុផល និងបណ្ឌិត យង់ ពៅ បានសរសេរសំណេរលើទំព័រហ្វេសប៊ុកដូចគ្នា ដោយលោកយល់ថា ការរៀនគួរបន្ថែម ក្រៅពីរៀនក្នុងម៉ោងរដ្ឋគឺពិតជាសំខាន់ និងជួយច្រើនចំពោះអ្នកសិក្សា រួមទាំងវិស័យអប់រំទាំងមូល។
ការលើកឡើងរបស់លោកបណ្ឌិតទាំង៣ ធ្វើឡើងបន្ទាប់ពីមួយរយៈចុងក្រោយ មានការប្រតិកម្មយ៉ាងខ្លាំងពីមហាជន អាណាព្យាបាល ចំពោះការបង្រៀនគួរបន្ថែមរបស់គ្រូបង្រៀន ថា ចេញវិញ្ញាសារប្រឡងតាមតែមេរៀនរៀនគួរ ឬ សិស្សរៀនគួរបានពិន្ទុច្រើនជាងសិស្សមិនបានទៅរៀន ដែលទាំងនេះ ធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍របស់សិស្សមួយចំនួន។ ជាមួយគ្នានេះ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីថ្លែងការណ៍ ហាមឃាត់គ្រឹះស្ថានសិក្សាសាធារណៈ មិនត្រូវបង្ខិតបង្ខំសិស្សឱ្យរៀនគួរ និងមិនត្រូវយកមេរៀន ឬ លំហាត់បង្រៀនគួរដើម្បីជាវិញ្ញាសារប្រឡងឡើយ។ ការថ្លែងការណ៍នេះ បន្ទាប់ពីក្រសួងទទួលបានការត្អូញត្អែរពីអាណាព្យាបាលសិស្សពីផលលំបាកក្នុងការចំណាយលើការរៀនគួររបស់កូនៗ និងចេញវិញ្ញាសារប្រឡងដូចនឹងលំហាត់ ឬ ខ្លឹមសាររៀនគួរ។
បណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា បានសរសេរនៅលើបណ្តាញសង្គមកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ថា អាចខឹងគ្រូបាន ប៉ុន្តែកុំស្អប់គុំគ្រូ ត្រូវចាំថា «គ្រូ ជារណសិរ្សខួរក្បាលសង្គម» វិជ្ជាជីវៈគ្រូ បង្រៀនសិស្សទាំងឡាយក្នុងសង្គម សិស្សរៀនចប់ បានវិវត្តខ្លួនទៅជាមនុស្សល្អៗភាគច្រើនជាងមនុស្សមិនល្អ ខណៈដែលអ្នកខ្លះកំពុងដឹកនាំសង្គម អ្នកខ្លះជាមហាសេដ្ឋី អ្នកខ្លះជាសិល្បករល្បី ជាវិចិត្រករល្បី…។ល។ គ្រូខ្លះ បានប្រព្រឹត្តិខុសវិជ្ជាជីវៈបន្តិចបន្តួចព្រោះចង់រស់រីករាយដូចគេដែរ គ្រូក៏មានប្រពន្ធ/ប្តី គ្រូក៏មានកូនប្រុស/ស្រី…ត្រូវចិញ្ចឹមថែបីបាច់។ លោកថា គួរដូរពីការស្តីបន្ទោស មកពិភាក្សាកែលម្អ សម្រាប់ភាពរឹងមាំនៃសង្គមជាតិ។ កុំដាក់បន្ទុកកំហុសធំៗក្នុងសង្គមឱ្យគ្រូ កុំចេះតែបន្ទោស ក្នុងខណៈខ្លួនឯងគេចមិនផុតពីគ្រូផងនោះ។ លោកបញ្ជាក់ថា សំណេររបស់លោកនេះ មិនសំដៅកាន់ជើងមនុស្សខុស ប៉ុន្តែត្រូវចេះថ្លឹងកំហុស ព្រោះលោកសង្កេតឃើញថ្មីៗនេះ មានគេផ្តល់កំហុសដល់គ្រូច្រើន។
រីឯ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាចបណ្ឌិត្យសភាកម្ពុជា បានសរសេរនៅលើហ្វេសប៊ុក ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ថា កាលពីចុងឆ្នាំ១៩៨៩ និងដើមឆ្នាំ១៩៩០ លោកបានរៀនគួរភាសាអង់គ្លេសបន្តិចបន្តួច។ ការរៀនគួរប៉េះរប៉ោះពេលនោះហើយ ទើបធ្វើឱ្យលោកអាចប្រើភាសាអង់គ្លេសបានក្នុងការទាក់ទងការងារជាមួយបរទេស។ ដូច្នេះ លោកស្នើ កុំឱ្យមើលស្រាលដល់ការបង្រៀនគួរក្រៅម៉ោង ដរាបណាសាលាដែលមានគុណភាពខ្ពស់ភាគច្រើនជាសាលាថ្លៃ ដែលកូនអ្នកក្រភាគច្រើនគ្មានវាសនាដើរក្បែរនោះទេ។
ចំណែក បណ្ឌិត ដៀប សុផល ជំនាញប្រវត្តិសាស្ត្រកម្ពុជា បានលើកឡើងលើហ្វេសប៊ុក នៅថ្ងៃទី២០ ខែឧសភា ថា ទោះបីលោកមិនដែលរៀនគួរពិតមែន ប៉ុន្តែលោកបណ្ឌិតមើលឃើញថា ជាង៤០ឆ្នាំមកហើយ ដែលការរៀនគួរ ជួយដល់គ្រូ និងសិស្ស។ លោកបានបន្ថែមនូវ ៤ចំណុចទៀតថា៖ នៅក្នុង របបសង្គមរាស្ត្រនិយម គ្រូបង្រៀនបានប្រាក់ខែច្រើន សង្គមឱ្យតម្លៃ ថាជាមុខងារថ្លៃថ្នូរ។ ក្នុងរបបសាធារណរដ្ឋខ្មែរ ប្រាក់ខែគ្រូបង្រៀនចាយមិនគ្រប់ សង្គមមិនសូវឱ្យតម្លៃ នៅតាមសាលាមានជើងកាង ដែលហ៊ានលើកពូថៅដៃកាប់ក្បាលគ្រូ។ តើមានអ្នកទាន់សម័យពូថៅដៃក្នុងសាលាដែរឬទេ? ចំណែករបបខ្មែរក្រហមវិញ គ្រូជាមុខសញ្ញាដែលគេត្រូវបោសសម្អាត។ រីឯ សាធារណរដ្ឋប្រជាមានិតកម្ពុជា សម័យរស់ឡើងវិញពីរបបប្រល័យពូជសាសន៍ គ្រូដែលនៅសល់ពីស្លាប់បន្តិចបន្តួចនាំគ្នាប្រឹងបើកសាលាឱ្យដំណើរការ ចាប់ពីរបបស្រូវសាលីមកដល់ប្រាក់ឧបត្ថម្ភបន្តិចបន្តួច សុខចិត្តស៊ីអត់ស៊ីឃ្លាន បំពេញបន្ថែមដោយការរៀនគួរ។ លោកថា គ្រូមិនមែនការងារពេញនិយមក្នុងសង្គមទេ ប៉ុន្តែសង្គមមិនអាចអត់គ្រូបានឡើយ។
បើក្រឡេកមកបណ្ឌិត យង់ ពៅ វិញ បានស្រង់ទស្សនៈពីមហាជន ដែលបានស្នើសុំពីលោកគ្រូ/អ្នកគ្រូ ពីនាយកសាលា ករណីរៀនគួរក្រៅម៉ោង តាមរយៈការសរសេរលើហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២៤ ដូចតទៅ ៖
១- មហាជនភាគច្រើនទទួលស្គាល់ ការរៀនបំប៉ន (រៀនគួរ) ដើម្បីបង្កើនសមត្ថភាព តាមតម្រូវការឬភាពចាំបាច់ផ្សេងៗគ្នា
២- បើកបង្រៀនបំប៉ន (រៀនគួរ) ឱ្យស្របនឹងក្រមសីលធម៌វិជ្ជាជីវៈ
៣- វិញ្ញាសារប្រឡងនានា មិនត្រូវបែកចេញទៅសាលាឬថ្នាក់គួរ
៤- មិនត្រូវយកលំហាត់ពីថ្នាក់រៀនគួរមកចេញវិញ្ញាសារប្រឡងនោះទេ
៥- បើសិស្សមិនមានលទ្ធភាពបង់លុយគួរ គួរយោគយល់ផង កុំជេរ/ប្រមាថ នាំបាក់ទឹកចិត្ត នាំចិត្តស្អប់គ្រូ ស្អប់ការអប់រំស្រុកយើង
៦- សិស្សមិនបានទៅរៀនគួរ មិនត្រូវរើសអើងនោះទេ
៧- អាជ្ញាធរមានសមត្ថកិច្ចលើវិស័យអប់រំ គួរឆាប់រកដំណោះស្រាយល្អៗ ផ្តល់ឱកាសសមធម៌ និងបរិយាបន្ន សម្រាប់ពលរដ្ឋគ្រប់គ្នា។
ចំពោះលោកបណ្ឌិត យង់ ពៅ យល់ថា «វិស័យអប់រំ ជាឆ្អឹងខ្នងសង្គម ជាខួរក្បាលក្បាលជាតិ ជាជោគវាសនាប្រទេស» ដូច្នេះត្រូវលើកកម្ពស់ និងសិក្សាពីកំណែទម្រង់ឱ្យសមស្រប និងស៊ីជម្រៅជាក់លាក់ ជាក់ស្តែង ពោលគឺមិនមែនធ្វើឱ្យល្អមើលនោះទេ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
គម្រោងផ្លូវល្បឿនលឿន ១៧ ខ្សែ ដាក់ក្នុងផែនការមេអភិវឌ្ឍរបស់រដ្ឋាភិបាលកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពិតទេ ដែលថា កងទ័ពដីឥដ្ឋនៅផ្នូរអធិរាជ ឈិនស៊ី បង្កើតឡើងពីសាកសពមនុស្ស
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ស្ពានខ្ពស់ជាងគេនៅស្រុកខ្មែរ នឹងដាក់ឱ្យប្រើប្រាស់សាកល្បងមុនចូលឆ្នាំខ្មែរខាងមុខនេះ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ទូកទេសចរណ៍មួយគ្រឿងលិចបាត់ទាំងស្រុងក្នុងសមុទ្រកោះរ៉ុង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បុរស ចិន វ័យ៤១ឆ្នាំ ស្លាប់ដោយសារជំងឺខ្សោយតម្រងនោម ក្រោយហូបបន្លែ៤មុខ
-
ចរាចរណ៍១០ ម៉ោង ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
សេដ្ឋកិច្ច២ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល