ព័ត៌មានជាតិ
វិនិយោគិនកម្ពុជា និងវៀតណាម ចាប់ដៃគ្នាបង្កើតក្រុមហ៊ុនផ្គត់ផ្គង់ម៉ាស៊ីន និងគ្រឿងបន្លាស់កែច្នៃគ្រាប់ស្វាយចន្ទីនៅកំពង់ស្ពឺ
វិនិយោគិនកម្ពុជា២រូប បានចាប់ដៃសហការគ្នាជាមួយវិនិយោគិនវៀតណាម១រូប បង្កើតក្រុមហ៊ុន និងរោងចក្រ វីស៊ីភីអិម ថាញ់ដាត «ខេមបូឌា» ឯ.ក ដើម្បីផ្តត់ផ្គង់ម៉ាស៊ីន និងគ្រឿងបន្លាស់កែច្នៃគ្រាប់ស្វាយចន្ទីនៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ ជាជំហានដំបូង ក្រុមហ៊ុននេះ នឹងនាំចូលម៉ាស៊ីន និងគ្រឿងបន្លាស់កែច្នៃគ្រាប់ស្វាយចន្ទីពីប្រទេសវៀតណាម មកផ្តត់ផ្គង់នៅលើទីផ្សារប្រទេសកម្ពុជា ហើយនៅពេលអនាគត ក្រុមហ៊ុននេះ គ្រោងនឹងបង្កើតរោងចក្រ ដើម្បីផលិតម៉ាស៊ីនកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងប្រទេសកម្ពុជាតែម្តង។
ក្រុមហ៊ុន និងរោងចក្រ វីស៊ីភីអិម ថាញ់ដាត «ខេមបូឌា» ឯ.ក ត្រូវបានសម្ពោធជាផ្លូវការ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤នេះ នៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីលោក វ៉ា រុតសាន រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ឡេង សុខគា ប្រធានសភាពាណិជ្ជកម្មខេត្តកំពង់ស្ពឺ លោក សំអឿន សុបញ្ញា អភិបាលស្រុកបរសេដ្ឋ និងលោក អាន តារា ប្រធានសហព័ន្ធស្វាយចន្ទីកម្ពុជា។
ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន វីស៊ីភីអិម ថាញ់ដាត (ខេមបូឌា) ឯ.ក លោក ទ្រី វ៉េង បានបង្ហាញឱ្យដឹងថា ក្រុមហ៊ុនរបស់លោក ត្រូវបានចុះបញ្ជីផ្លូវការនៅឆ្នាំ២០២៣ ដើម្បីផ្គត់ផ្គង់ម៉ាស៊ីន និងគ្រឿងបន្លាស់កែច្នៃគ្រាប់ស្វាយចន្ទី ប្រកបដោយគុណភាព មកកាន់ទីផ្សារកម្ពុជា។ ក្រុមហ៊ុន ក៏បានបង្កើតជាមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ដើម្បីជួយផ្សព្វផ្សាយ ពង្រឹងបទដ្ឋានបច្ចេកទេសកែច្នៃដ៏ត្រឹមត្រូវ និងប្រកបដោយសុវត្ថិភាពម្ហូបអាហារ ដែលជាគន្លឹះក្នុងនាំចេញផលិតផលស្វាយចន្ទីពាក់កណ្តាលសម្រេច និងសម្រេច ទៅកាន់ទីផ្សារអន្តរជាតិ។
ក្រុមហ៊ុន វីស៊ីភីអិម ថាញ់ដាត ត្រូវបានបង្កើតឡើងដោយស្ថាបនិក៣រូប គឺលោក ទ្រី វ៉េង និងលោក ទ្រីន ឡុង ដែលជាវិនិយោគិនកម្ពុជា និងលោក ត្រឹង កុងក្វាន ដែលជាវិនិយោគិនវៀតណាម។ ការបង្កើតក្រុមហ៊ុននេះឡើង ដោយសារតែស្ថាបនិកទាំង៣មើលឃើញថា នៅកម្ពុជានៅមានកង្វះខាតមិនទាន់មានបច្ចេកវិទ្យាកែច្នៃសមស្របសម្រាប់វិស័យគ្រាប់ស្វាយចន្ទីកម្ពុជា។ លោក ទ្រី វ៉េង បាន បានគូសបញ្ជាក់ថា ជំហានដំបូងនេះ ក្រុមហ៊ុន នឹងផ្គត់ផ្គង់ម៉ាស៊ីន ព្រមទាំងគ្រឿងបន្លាស់កែឆ្នៃពីប្រទេសវៀតណាម ដើម្បីធ្វើតេស្តសាកល្បងពីតម្រូវទីផ្សារកម្ពុជា ជំហានបន្ទាប់ក្រុមហ៊ុននឹងបង្កើតរោងចក្រផលិតម៉ាស៊ីនកែឆ្នៃស្វាយចន្ទី នៅកម្ពុជាតែម្តង»។
លោកអគ្គនាយក បានលើកឡើងថា៖ «កិច្ចខិតខំប្រឹងប្រែងរបស់យើង ស្របតាមគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ មានគោលបំណងប្រែក្លាយកម្ពុជាឲ្យក្លាយជាប្រទេសផលិត និងផ្គត់ផ្គងផលិតផលស្វាយចន្ទីដ៏សំខាន់មួយនេះ សម្រាប់បម្រើតម្រូវទីផ្សារក្នុងស្រុកតំបន់ និងពិភពលោក»។ លោកបន្តថា ចក្ខុវិស័យនេះ ជំរុញយើងឆ្ពោះទៅរកវិបុលភាពសេដ្ឋកិច្ច មិនត្រឹមតែប៉ុណ្ណោះទេ ថែមទាំងធានានូវការប្រកាន់ខ្ជាប់នូវ ស្តង់ដារបច្ចេកទេសកែឆ្នៃ បទដ្ឋានសុវត្ថិភាព ចំណីអាហារ និងស្របតាមរបត់ទីផ្សារ ដែលជាតម្រូវការសកលផងដែរ។
ដើម្បីផ្តល់បច្ចេកទេសក្នុងការកែច្នៃគ្រាប់ស្វាយចន្ទីខ្មែរ ឲ្យមានគុណភាពល្អ និងមានប្រសិទ្ធភាពខ្ពស់ កាលពីថ្មីៗនេះ ក្រុមហ៊ុន វីស៊ីភីអិម ថាញ់ដាត (ខេមបូឌា) ក៏បានចុះអនុសារយោគយល់គ្នា MoU ជាមួយសហព័ន្ធស្វាយចន្ទីកម្ពុជាផងដែរ។ លោក អាន តារា ប្រធានសហព័ន្ធស្វាយចន្ទីកម្ពុជា បាននូវសេចក្តីរំភើប និងកោតសសើរ ដល់ក្រុមហ៊ុន វីស៊ីភីអិម ថាញ់ដាត ដែលបានពុះពារគ្រប់ឧបសគ្គ រហូតបានបង្កើតក្រុមហ៊ុន និងមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសកែច្នៃស្វាយចន្ទី សម្រាប់ចូលរួមចំណែកក្នុងការអនុវត្ត គោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ មានគោលបំណង ប្រែក្លាយកម្ពុជាឲ្យក្លាយជាប្រទេសផលិត និងផ្គត់ផ្គងផលិតផលស្វាយចន្ទី។
ក្នុងពិធីសម្ពោធនេះ លោក វ៉ា រុតសាន រដ្ឋលេខាធិការ នៃក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ការវនិយោគរបស់ក្រុមហ៊ុនខាងលើនេះពិតត្រឹមត្រូវ និងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញផលិតផលស្វាយចន្ទី។ លោកបានផ្តល់អនុសាសន៍មួយចំនួនដល់ក្រុមហ៊ុន ដើម្បីធ្វើយ៉ាងណា ផ្តល់សេវាកម្មឲ្យបានល្អប្រសើរដល់អតិថិជនរបស់ខ្លួន។
ជាថ្មីម្ដងទៀត លោក វ៉ា រុតសាន បានសង្ឃឹមយ៉ាងមុតមាំថា ក្រុមហ៊ុន និងដៃគូពាក់ព័ន្ធនានារួមមានសហព័ន្ធស្វាយចន្ទីកម្ពុជា សមាគម សហគមន៍ ក្រុមហ៊ុននានា ទាំងបរទេសនៅកម្ពុជា ដែលកំពុងប្រកបអាជីវកម្មនៅកម្ពុជាព្រមទាំងក្រសួងស្ថាប័នមានសមត្ថកិច្ច នឹងចូលរួមសហការគ្នាពង្រឹងវិស័យស្វាយចន្ទីនៅកម្ពុជាឱ្យមានការរីកចម្រើនទៅមុខ បានឆាប់រហ័ស៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
គម្រោងផ្លូវល្បឿនលឿន ១៧ ខ្សែ ដាក់ក្នុងផែនការមេអភិវឌ្ឍរបស់រដ្ឋាភិបាលកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពិតទេ ដែលថា កងទ័ពដីឥដ្ឋនៅផ្នូរអធិរាជ ឈិនស៊ី បង្កើតឡើងពីសាកសពមនុស្ស
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ស្ពានខ្ពស់ជាងគេនៅស្រុកខ្មែរ នឹងដាក់ឱ្យប្រើប្រាស់សាកល្បងមុនចូលឆ្នាំខ្មែរខាងមុខនេះ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ទូកទេសចរណ៍មួយគ្រឿងលិចបាត់ទាំងស្រុងក្នុងសមុទ្រកោះរ៉ុង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បុរស ចិន វ័យ៤១ឆ្នាំ ស្លាប់ដោយសារជំងឺខ្សោយតម្រងនោម ក្រោយហូបបន្លែ៤មុខ
-
ចរាចរណ៍១២ ម៉ោង ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
សេដ្ឋកិច្ច២ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល