វប្បធម៌ ជំនឿ
តើ កំពូលប្រាសាទបន្ទាយឆ្មារជាដុំមាស ហើយត្រូវបានលួចចម្លង និងលក់ឱ្យបរទេស មែន ឬទេ?
ខណៈបច្ចុប្បន្ន មានលើកឡើងផុសផុលជាថ្មីតាមបណ្ដាញសង្គមថា លោហៈកំពូលប្រាសាទបន្ទាយឆ្មារ ជាដុំមាស ហើយមតិខ្លះថា កំពូលនេះត្រូវបានលួចចម្លង និងយករបស់ពិតលក់ឱ្យបរទេសជាដើមនោះ លោក ឆាយ វិសុទ្ធ ប្រធាននាយកដ្ឋានសារមន្ទីរ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបកស្រាយចម្ងល់ទាំងនេះ។
លោក ឆាយ វិសុទ្ធ បញ្ជាក់ថា លោហៈកំពូលប្រាសាទបន្ទាយឆ្មារ គឺជា សំរឹទ្ធទឹបទឹកមាស ពោលគឺមិនមែនជាមាសសុទ្ធទេ។ លោកបានរំលឹកថា លោហៈកំពូលប្រាសាទនេះ ត្រូវបានរកឃើញនៅ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១១ នៅពេលជួសជុលប្រាសាទ។
លោក ឆាយ វិសុទ្ធ មានប្រសាសន៍បន្តថា៖ “ពេលឃើញស្នាមប្រលាក់កប់ក្នុងដីសើមនាំឱ្យលោហៈប្រែពណ៌ដូចមាស នាំឱ្យមានការសន្និដ្ឋានថា កំពូលនេះជាដុំមាសសុទ្ធ ប៉ុន្តែក្រុមការងារដោយសហការជាមួយក្រុមបរទេសដែលជួយជួសជុលប្រាសាទ បានបញ្ជាក់ថា កំពូលនេះជាលោហៈសំរិទ្ធិទឹបទឹកមាស ឬស្រោបទឹកមាស ដោយមានការទទួលស្គាល់អន្តរភាគីត្រឹមត្រូវ”។
ប្រធាននាយកដ្ឋានសារមន្ទីរ រូបនេះ សំណូមពរកុំបន្តចែករំលែកថា មានការលួចដូរ ឬលក់ឱ្យបរទេសទៀត។ លោកបញ្ជាក់ថា កាលមុនវិបត្តិកូវីដ-១៩ អំឡុងឆ្នាំ២០១៧ ដល់ ២០១៩ មានស្ថាប័នសារមន្ទីរនៅអឺរ៉ុប បានខ្ចីវត្ថុបុរាណខ្មែរ ទាំងលោហៈ ភាជន៍ ថ្ម ជាង មួយរយមុខ ដើម្បីតាំងពិព័រណ៍ចល័ត។ លោកបញ្ជាក់ថា បរទេស គេមានជំនាញ គេស្គាល់វត្ថុបុរាណពិត ហើយគេមិនយកវត្ថុក្លែងក្លាយទៅតាំងពិព័រណ៍ និងហ៊ានធ្វើបណ្ណធានាទឹកប្រាក់លានដុល្លារទេ។
ភាគី កម្ពុជា និង ស្ថាប័នសារមន្ទីរអឺរ៉ុប បានឯកភាពចុះកិច្ចព្រមព្រាងជាមួយគ្នានៅឆ្នាំ២០២១ ដោយបាន និងកំពុងរៀបចំតាំងពិព័រណ៍វត្ថុបុរាណកម្ពុជាទាំងនោះដូចជា៖
ទីតាំងទី១ នៅសារមន្ទីរ កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ខែកុម្ភៈ ឆ្នាំ២០២២
ទីតាំងទី២ នៅ សារមន្ទីរ UTAH សហរដ្ឋអាមេរិក ពីខែតុលា ឆ្នាំ២០២២ ដល់ ខែមេសា ឆ្នាំ២០២៣
ទីតាំងទី៣ នៅ សារមន្ទីរ Royal BC ប្រទេសកាណាដា
ទីតាំងទី៤ នៅ សារមន្ទីរ RAM ប្រទេសកាណាដា ពីខែកុម្ភៈ ដល់ កក្កដា ឆ្នាំ២០២៤ នេះ
ការផ្ដល់វត្ថុបុរាណកម្ពុជាទៅពិព័រណ៍នៅបរទេសនេះ ដើម្បីទាក់ទាញជនបរទេសចូលមកកម្ពុជាដើម្បីទស្សនាប្រាសាទនានាផ្ទាល់។ រាល់ពេលយកវត្ថុបុរាណខ្មែរទៅតាំងពិព័រណ៍នោះ តែងមានអ្នកជំនាញកម្ពុជាទៅតាមពិនិត្យការវេចខ្ចប់ ដឹកជញ្ជូន ដំឡើងជាដើម។
លោក ឆាយ វិសុទ្ធ លើកឡើងថា ការបង្ហោះព័ត៌មាន ចែករំលែក និងបញ្ចេញមតិថា មានការលួចលក់វត្ថុបុរាណដែលនាំឱ្យប៉ះពាល់កេរ្តិ៍ឈ្មោះស្ថាប័ន និងរាជរដ្ឋាភិបាល។ លោកសូមថ្លែងអំណរគុណដល់សាធារណជនដែលបង្ហាញការព្រួយបារម្ភទាក់ទងការបាត់បង់វត្ថុបុរាណជាតិ ប៉ុន្តែសូមផ្ទៀងផ្ទាត់ព័ត៌មានមុនជឿ ចែករំលែកបន្ត និងបញ្ចេញមតិរិះគន់នានា។ ប្រសិនចង់បានព័ត៌មានលម្អិត អាចមកសួរ និងទទួលនៅសារមន្ទីរជាតិបាន។
គួរបញ្ជាក់ថា ប្រាសាទបន្ទាយឆ្មារ ត្រូវបានកសាងឡើងពីចុងសតវត្សរ៍ទី១២ ដល់ដើមសតវត្សរ៍ទី១៣ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសដល់បុត្រា និងមេទ័ព ៤ រូបរបស់ព្រះអង្គ ដែលបានពលីនៅក្នុងសមរភូមិដេញចាមនៅឆ្នាំ១១៧៧។ ប្រាសាទបន្ទាយឆ្នា មានទីតាំងស្ថិតនៅ ភូមិបន្ទាយឆ្មារ ស្រុកពួក ខេត្តបន្ទាយមានជ័យ និងមានចម្ងាយប្រមាណ ៧ គីឡូម៉ែត្រខាងជើងពីទីប្រជុំជនខេត្តបន្ទាយមានជ័យ៕
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់