ព័ត៌មានជាតិ
មន្ត្រី៖ ព្រឹត្តិការណ៍ជំនួបម៉ូតូ និងយានយន្ត ក្លាយជាកញ្ចប់ផលិតផលទេសចរណ៍ថ្មីនៅកម្ពុជា
ក្រុមអ្នកស្រលាញ់ម៉ូតូ និងរថយន្ត បានជួបជុំគ្នានៅក្នុងបរិវេណអតីតអាកាសយានដ្ឋានអន្តរជាតិសៀមរាប ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍នៃជំនួបម៉ូតូ និងយានយន្ត លើកទី១ ដែលធ្វើឡើងរយៈពេល ៣ថ្ងៃនៅខេត្តសៀមរាប។ ព្រឹត្តិការណ៍នេះ ត្រូវបាន មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ ចាត់ទុកថា ជាកញ្ចប់ផលិតផលទេសចរណ៍ថ្មីមួយទៀតរបស់កម្ពុជា។

ថ្លែងនៅក្នុងពិធីបើកព្រឹត្តិការណ៍ជំនួបម៉ូតូ និងយានយន្ត ក្រោមប្រធានបទ «ជំនួបយានយន្ត ជំរុញទេសចរណ៍» នារាត្រីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ លោក គុជ បញ្ញាសា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានលើកឡើងថា គ្រប់អាណត្តិរបស់រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យទេសចរណ៍ ជាប៉ូលដ៏សំខាន់នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដោយបានបង្កើតនូវផលិតផលទេសចរណ៍ថ្មីៗជាច្រើន។ លោក បញ្ជាក់ថា ជាក់ស្តែងព្រឹត្តិការណ៍នៃជំនួបម៉ូតូ និងយានយន្ត ពេលនេះ បានបង្ហាញអំពីការបង្កើតនូវកញ្ចប់ផលិតផលទេសចរណ៍ថ្មីសម្រាប់ទាក់ទាញទាំងទេសចរបរទេស និងទេសចរក្នុងស្រុក។

បើតាមអភិបាលរងខេត្តសៀមរាប លោក សំកុល សុចិត្រា ការផ្តួចផ្តើមរៀបចំព្រឹត្តិការណ៍នៃជំនួបម៉ូតូ និងយាយន្ត គឺក្នុងគោលបំណងជំរុញការផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជា ហើយក៏ជាឱកាសដ៏ល្អដើម្បីជួយបង្កើននូវការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍សម្រាប់ខេត្តសៀមរាប នៅក្នុងដំណាក់កាលនៃការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្រោមប្រធានបទ «ជំនួបយានយន្ត ជំរុញទេសចរណ៍»។
លោកអភិបាលរងខេត្ត បានបន្តថា ស្របតាមអនុសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីទស្សនាសៀមរាប ឆ្នាំ២០២៤ ដើម្បីចូលរួមស្តារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុងខេត្តនេះឱ្យមានសន្ទុះឡើងវិញ។

លោក បានគូសបញ្ជាក់ថា ខេត្តសៀមរាប ជាខេត្តប៉ូលទេសចរណ៍មួយដ៏សំខាន់របស់កម្ពុជា ដែលមានប្រាសាទអង្គរវត្តជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក និងមានតំបន់ទេសភាពធម្មជាតិ អេកូទេសចរណ៍ជាច្រើនទៀត សម្រាប់ភ្ញៀវទេសចរទស្សនាកម្សាន្ត។ ដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ជាពិសេសមានការចង្អុលបង្ហាញពីក្រសួងទេសចរណ៍ និងមានការគាំទ្រពីក្រសួងស្ថាប័នពាក់ព័ន្ធ ព្រមទាំងមានកិច្ចសហប្រតិបត្តិការល្អជាមួយផ្នែកឯកជន ដៃគូអភិវឌ្ឍន៍ជាតិ-អន្តរជាតិនានា និងការរួមចំណែកគាំទ្រពីប្រជាពលរដ្ឋក្នុងខេត្តសៀមរាម ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ធ្វើឱ្យវិស័យទេសចរណ៍ខេត្តសៀមរាបកាន់តែមានការអភិវឌ្ឍរីកចម្រើន និងបានចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ។

ព្រឹត្តិការណ៍ជំនួបម៉ូតូ និងយានយន្ត នឹងរៀបចំធ្វើឡើងនៅអតីតអាកាសយានដ្ឋានអន្តរជាតិសៀមរាប ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤។
បើតាមលោក ទៀ ស្យាម អនុប្រធានសហព័ន្ធកីឡាយានយន្តកម្ពុជា ក្រៅពីការទាក់ទាញទេសចរ ការរៀបចំព្រឹត្តការណ៍នេះ ក៏មានគោលបំណងចង់ឱ្យអ្នកដែលស្រលាញ់យានយន្តប្រឹងប្រែងហ្វឹកហ្វឺនខ្លួនឱ្យទៅជាកីឡាករក្នុងទីលាន ជាជាងការលេងនៅលើដងផ្លូវសាធារណៈដែលនាំមកនូវភាពរំខាន និងគ្រោះថ្នាក់ដល់អ្នកដទៃ។ លោក ថា «ការលេងយានយន្តនៅលើទីលានវាបានផ្តល់នូវកិត្តិយស ដូច្នេះយើងគួរធ្វើខ្លួនឱ្យក្លាយជាកីឡាករ»៕ ដោយ៖ គឿន វេត





-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ