ព័ត៌មានជាតិ
អាជ្ញាធរខេត្តកោះកុង ស្នើដល់ប្រជានេសាទកុំប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់
អភិបាលរងខេត្តកោះកុង បានស្នើដល់ប្រជានេសាទនៅស្រុកមណ្ឌលសីមា កុំប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ដែលងាយនឹងបំផ្លាញធនធានជលផល និងធនធានធម្មជាតិដទៃទៀត។

នេះជាការស្នើឡើងរបស់លោកស្រី អ៊ី នារីនេត អភិបាលរងខេត្តកោះកុង កាលពីល្ងាចថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ ក្នុងពិធីជួបសំណេះសំណាល និងចែកប័ណ្ណសម្គាល់នាវា និងសៀវភៅត្រួតពិនិត្យលក្ខណៈបច្ចេកទេសនាវា ជូនប្រជាពលរដ្ឋក្នុងស្រុកមណ្ឌលសីមា។
លោកស្រីអភិបាលរងខេត្តកោះកុង បានលើកឡើងថា ការប្រើប្រាស់ឧបករណ៍នេសាទដែលច្បាប់ផ្តល់ជូនជាការចូលរួមចំណែកការពារអភិរក្សធនធានជលផល និងធនធានធម្មជាតិនានាក្នុងសមុទ្រទៅថ្ងៃអនាគតបានយូរអង្វែង និងប្រកបដោយចីរភាព។
លោកស្រី អ៊ី នារីនេត បានស្នើឱ្យប្រជានេសាទ កុំទៅនេសាទនៅកន្លែងហាមឃាត់មួយចំនួន ដូចជា តំបន់សហគមន៍ តំបន់ អភិរក្សធនធានធម្មជាតិ និងតំបន់ត្រីព ជាដើម។ ទន្ទឹមនោះ លោកស្រី ក្រើនរម្លឹកដល់ប្រជានេសាទប្រុងប្រយ័ត្នផងដែរចំពោះការចេញទៅនេសាទក្នុងរដូវវស្សានេះ ដែលជារដូវមានភ្លៀងធ្លាក់ច្រើន និងខ្យល់ព្យុះខ្លាំងដែលអាចបង្ក គ្រោះថ្នាក់។

ទាក់ទិនបញ្ហានេះដែរ អាជ្ញាធរខេត្តកោះកុង ក៏ថ្លែងអំណរគុណចំពោះមន្ទីរសាធារណការ និងជញ្ជូនខេត្ត និងអាជ្ញាធរឃុំ ស្រុក ដែលបានរួមសហការគ្នាកំណត់ទីតាំងផ្តល់សេវាជូនប្រជានេសាទនៅមូលដ្ឋាន ដែលជាការបង្កលក្ខណៈងាយស្រួលជូនប្រជានេសាទ ដោយបានកាត់បន្ថយការលំបាករបស់ប្រជានេសាទ ទាំងពេលវេលា និងថវិកា។ សម្រាប់ករណីប្រជានេសាទទាំងអស់ ដែលពុំទាន់មានប័ណ្ណសម្គាល់នាវា និងសៀវភៅត្រួតពិនិត្យលក្ខណៈបច្ចេកទេសនាវា សូមទំនាក់ទំនងមន្ត្រីដែលបានមកបម្រើសេវាតាមពេលវេលា ដែលបានកំណត់ គឺក្នុងឃុំប៉ាក់ខ្លង ០៥ថ្ងៃ និងឃុំពាមក្រសោប ០៥ថ្ងៃ ដើម្បីទទួលបានប័ណ្ណសម្គាល់នាវា ឬទូកនេសារបស់ខ្លួន ដែលជាលិខិតគតិយុត្តមួយសម្រាប់សម្គាល់នាវា ឬទូកនេសាទស្របច្បាប់។
អ្នកស្រី មាស ឡា និងលោក រស់ ម៉ៅ ជាពលរដ្ឋរស់នៅភូមិបឹងកាឆាំង ឃុំប៉ាក់ខ្លង លើកឡើងថា ពួកគាត់ពិតជាមានក្ដីសប្បាយពេលដែលមានអាជ្ញាធរមន្រ្តីជំនាញចុះផ្តល់សេវាធ្វើបញ្ជីទូករបស់ពួកគាត់ ដោយលឿនរហ័ស ស្របច្បាប់ និងបន្ថយចំណាយផ្សេងៗមិនចាំបាច់ទៅដល់ទីរួមខេត្តនោះទេ។

ពលរដ្ឋយល់ថា ការចុះបញ្ជីទូកនេសាទ កប៉ាល់ និងនាវានេះ មានសារៈសំខាន់ណាស់លើការងារនេសាទនៅដែនសមុទ្រ ពិសេសអាចសម្គាល់ទូកបានយ៉ាងត្រឹមត្រូវ ករណីមានចោរលួច ឬបាត់ប្រការណាមួយអាចកំណត់អត្តសញ្ញាជលយានរបស់ខ្លួនបានងាយស្រួលបំផុត។
តបនឹងការស្នើឡើងរបស់អាជ្ញាធរខេត្តកោះកុង អ្នកស្រី មាស ឡា និងលោក រស់ ម៉ៅ អះអាងថា ពួកគាត់ ក៏ដូចជាអ្នកនេសាទដទៃទៀតដែរ នឹងចូលរួមគោរពច្បាប់ដោយមិនប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ឡើយ។ តែទោះយ៉ាងណា ពួកគាត់ស្នើឱ្យអាជ្ញាធរមន្រ្តីជំនាញពិនិត្យកំណត់តំបន់នេសាទនីមួយៗឱ្យច្បាស់លាស់ ចៀសវាងនេសាទចម្រុះពិបាកគ្រប់គ្រង និងទប់ស្កាត់បទល្មើសនេសាទ៕

(អត្តបទៈសិរីវឌ្ឍនៈ)

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ