ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ប្រកាសបញ្ឆេះសង្គ្រាមលោក បើអាមេរិក វាយប្រហារគោលដៅរបស់ខ្លួន
តាមការចុះផ្សាយរបស់ RT កាលពីថ្ងៃអាទិត្យទី២៦ខែឧសភា អតីតប្រធានាធិបតីរុស្ស៊ីលោក Dmitry Medvedev បានប្រកាសក្តែងៗថា បើសហរដ្ឋអាមេរិក ហ៊ានតែវាយប្រហារចំគោលដៅរុស្ស៊ីណាមួយនៅក្នុងប្រទេសអ៊ុយក្រែននោះ ច្បាស់ណាស់ សង្គ្រាមលោកនឹងផ្ទុះឡើងជាក់ជាមិនខានឡើយ។
លោកបានព្រមានបែបនេះ ដើម្បីឆ្លើយតបទៅរដ្ឋមន្ត្រីការបរទេសប៉ូឡូញ Radoslaw Sikorski ដែលអះអាងថា ទីក្រុងវ៉ាស៊ីនតោននឹងវាយប្រហារគោលដៅទាំងនោះ ប្រសិនបើរុស្ស៊ី ប្រើអាវុធនុយក្លេអ៊ែរនៅអ៊ុយក្រែនមែន។
ក្នុងការបង្ហោះនៅលើបណ្តាញសង្គម X, លោក Medvedev សរសេរថា លោក Sikorski កំពុងបំភ័យចៅហ្វាយនាយរបស់គាត់ហើយ។ ទីក្រុងវ៉ាស៊ីនតោន មិនដូច វ៉ាសូវីទេ! មកទល់ពេលនេះ អាមេរិកមិនដែលគំរាមកំហែងជាសាធារណៈអ៊ីចឹងឡើយ ពីព្រោះពួកគេប្រុងប្រយ័ត្នជាងប៉ូឡូញ។ យ៉ាងណា បើអាមេរិក ហ៊ានវាយគោលដៅរបស់យើងមែន នោះមានន័យថា ជាការចាប់ផ្តើមសង្គ្រាមលោកហើយ! រដ្ឋមន្ត្រីការបរទេស ឬសូម្បីប្រទេសដូចប៉ូឡូញ ក៏គួរយល់រឿងនេះដែរ។
នេះមិនមែនជារឿងថ្មីឡើយដែលលោក Medvedev គំរាមបញ្ឆេះសង្គ្រាមលោក ពោលគឺម្តងជាពីរដង គាត់តែងតែគំរាមបែបនេះឯង ជាក់ស្តែងកាលពីឆ្នាំមុន អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីរូបនេះក៏គំរាមដែរថា លោកខាងលិច កំពុងរុញពិភពលោកឲ្យខិតទៅជិតជម្លោះសកល ដែលមិនធ្លាប់ឃើញសោះ ចាប់តាំងពីសង្គ្រាមលោកលើកទី២មក ដោយសារការផ្គត់ផ្គង់អាវុធធុនធ្ងន់ដល់អ៊ុយក្រែន។
កាលនោះ គាត់បានប្រតិកម្មចំពោះការដែលអ៊ុយក្រែន ទទួលបានរថក្រោះប្រយុទ្ធ M1 Abrams ផលិតដោយសហរដ្ឋអាមេរិក និងរឿងអាស្រូវដែលសភាកាណាដា រួមជាមួយនាយករដ្ឋមន្ត្រី Justin Trudeau និងប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky អបអរដល់អតីតសមាជិកក្រុម Waffen SS។
លោក Medvedev អះអាងថា “វាហាក់ដូចជា ពួកគេធ្វើឲ្យលែងសល់ជម្រើសអ្វីទៀតហើយ ក្រៅពីជម្លោះផ្ទាល់ជាមួយណាតូ។ អង្គការនេះ បានប្រែទៅជាប្លុកហ្វាស៊ីសដោយបើកចំហ ស្រដៀងទៅនឹងក្រុមរបស់ហ៊ីត្លែរ។ ទោះយ៉ាងណា រុស្ស៊ីនៅតែត្រៀមខ្លួនជាស្រេច ដើម្បីប្រឈមមុខនឹងរឿងនេះ ប្រសិនបើចាំបាច់”។
ទន្ទឹមនោះ លោកបានព្រមានថា សង្គ្រាមលោក នឹងនាំឲ្យមានផលវិបាកយ៉ាងមហន្តរាយដល់មនុស្សជាតិ។ លទ្ធផលនឹងមានការខាតបង់ខ្លាំងសម្រាប់មនុស្សជាតិ ជាងឆ្នាំ១៩៤៥ទៅទៀត៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រុស្ស៊ី ព្រមានថា ណាតូ នឹងបង្កជម្លោះ ដែលអាក្រក់ជាង សង្គ្រាមលោកលើកទី២ទៅទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា