ព័ត៌មានអន្ដរជាតិ
លោក Netanyahu ទទួលកំហុស ក្រោយទម្លាក់គ្រាប់លើជំរំជនភៀសខ្លួននៅ Rafah ស្លាប់មនុស្សរដូករណែល
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានចេញមុខនិយាយថា ការវាយប្រហារសម្លាប់ជនភៀសខ្លួនប៉ាឡេស្ទីនរដូករណែល នៅក្នុងទីក្រុង Rafah កាលពីថ្ងៃអាទិត្យ គឺជា “កំហុសសោកនាដកម្ម” ហើយបានចេញបញ្ជាឲ្យបើកការស៊ើបអង្កេតជាបន្ទាន់ចំពោះករណីនេះ។

តាមការចុះផ្សាយរបស់ BBC កាលពីថ្ងៃចន្ទទី២៧ខែឧសភា មនុស្សយ៉ាងតិច៤៥នាក់ ត្រូវបានសម្លាប់ ខណៈរាប់រយនាក់ទៀត បញ្ជូនទៅមន្ទីរពេទ្យព្យាបាលរបួសរលាកធ្ងន់ធ្ងរ ក្នុងការវាយប្រហារយ៉ាងសាហាវឃោរឃៅរបស់អ៊ីស្រាអែល លើជំរំជនភៀសខ្លួន។
ទន្ទឹមនោះ បើតាមសេចក្តីរាយការណ៍របស់ Reuters វិញ, ជាងពាក់កណ្តាលនៃអ្នកស្លាប់គឺជាស្ត្រី កុមារ និងមនុស្សចាស់ ហើយមន្ត្រីសុខាភិបាលក្នុងតំបន់ហ្គាហ្សា និយាយថា តួលេខអ្នកស្លាប់ ទំនងជាកើនឡើងបន្ថែម ព្រោះថានៅមានមនុស្សមួយចំនួនទៀត កំពុងរបួសធ្ងន់។

ថ្លែងក្នុងសភា លោក Netanyahu និយាយថា វាពិតជាមានសារៈសំខាន់បំផុតដែលអ៊ីស្រាអែល ត្រូវប្រុងប្រយ័ត្នគ្រប់បែបយ៉ាងតាមធ្វើទៅបាន ដើម្បីការពារជនស៊ីវិលដែលជាប់ក្នុងការប្រយុទ្ធប្រឆាំងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា។ ប៉ុន្តែលោកទទូចថា កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានធ្វើអស់ពីសមត្ថភាពហើយ ដោយមិនចង់ឲ្យប៉ះពាល់ដល់មនុស្សស្លូតត្រង់ណាម្នាក់ទេ។
លោក Netanyahu បន្តថា “នៅទីក្រុង Rafah យើងបានជម្លៀសពលរដ្ឋប្រហែលមួយលាននាក់រួចមកហើយ ហើយថ្វីបើយើងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព មិនចង់បង្កផលប៉ះពាល់ដល់អ្នកមិនមែនជាយុទ្ធជនក៏ពិតមែន ប៉ុន្តែរឿងអកុសលកើតឡើងទាល់តែបាន។ យើងកំពុងស៊ើបអង្កេតឧបទ្ទវហេតុនេះ ហើយនឹងឈានដល់ការសន្និដ្ឋាន ព្រោះនេះជាគោលការណ៍របស់យើង”។

សូមបញ្ជាក់ថា អ៊ីស្រាអែលបានបើកការវាយប្រហារទីក្រុង Rafah កាលពីថ្ងៃអាទិត្យពោលគឺត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីក្រុមហាម៉ាស បាញ់មីស៊ីលលើក្រុង Tel Aviv ដែលនោះគឺជាការបាញ់លើកដំបូងក្នុងរយៈពេលជាច្រើនខែមកនេះ។
មន្ត្រី IDF អះអាងថា ប្រតិបត្តិការនោះ បានសម្លាប់មេបញ្ជាការជាន់ខ្ពស់ក្រុមហាម៉ាស២នាក់ ប៉ុន្តែបើតាមការបញ្ជាក់ពីអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន, ការវាយប្រហារតាមអាកាសនោះគឺសំដៅលើតង់របស់ជនភៀសខ្លួននៅជិតទីតាំងរបស់អង្គការសហប្រជាជាតិក្នុងតំបន់ Tal al-Sultan ចម្ងាយប្រហែល២គីឡូម៉ែត្រ ភាគពាយព្យទីក្រុង Rafah។

ការវាយប្រហារនោះទៀតសោត ត្រូវបានថ្កោលទោសដោយអង្គការនិងស្ថាប័នអន្តរជាតិជាច្រើន ជាពិសេសសហភាពអឺរ៉ុបតែម្តង ដែលទទូចសុំឲ្យអ៊ីស្រាអែល គោរពសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) កាលពីសប្តាហ៍មុន ដែលបញ្ជាឲ្យបញ្ឈប់ការវាយប្រហារលើទីក្រុង Rafah ជាបន្ទាន់។
ទោះបីជាយ៉ាងណាក៏ដោយ គេមើលឃើញថា អ៊ីស្រាអែល មិនខ្វាយខ្វល់ឡើយ ហើយ ICJ ក៏គ្មានឥទ្ធិពលអ្វីឲ្យអ៊ីស្រាអែល គោរពតាមសេចក្តីសម្រេចរបស់ខ្លួនដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អ៊ីស្រាអែល ទម្លាក់គ្រាប់បែកចាស់ដៃ លើទីក្រុង Rafah មិនខ្វល់សម្តីអាមេរិក

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?