Connect with us

កីឡា

ស្វាយរៀងខាប់បុរស និងនារី បិទបញ្ចប់ថ្ងៃអាទិត្យនេះ សុទ្ធតែមានប្រាក់រង្វាន់ច្រើន

បានផុស

នៅ

ការ​ប្រកួត​បាល់ទាត់​ស្វាយរៀង​ខាប់​បុរស​រដូវ​កាល​ទី​៦ និង​នារី រដូវ​កាល​ទី១​ ឈាន​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ ​នៅ​ថ្ងៃ​អាទិត្យ ទី​២ ខែ​មិថុនា ឆ្នាំ​២០២៤​ ​នៅ​កីឡដ្ឋាន​ខេត្ត​ស្វាយរៀង​​​ផ្សាយ​ផ្ទាល់​តាម BTV។

ស្វាយរៀង​ខាប់នារី​រដូវ​កាល​ទី​១

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ស្វាយរៀងខាប់​នារី​រដូវ​កាល​ទី១​ មានក្រុម​​៩​ចូល​រួម​ប្រកួត​ដោយ​បាន​បែង​ចែក​ជា​ពីរ​ពូល។ បន្ទាប់​ពី​ចប់​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល ក្រុម​លេខ១ និង​លេខ​២​នៃ​ពូល​នីមួយ​ៗ​បាន​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ និង​បន្ត​​ឈាន​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​។

ក្រុម​បាល់ទាត់​នារី សសយក ស្រុកស្វាយទាប ត្រូវ​ប្រកួត​ជា​មួយ​ ក្រុមបាល់ទាត់នារី​ សសយក ស្រុករំដួល វគ្គ​ផ្តាច់​ព្រ័ត្រ​ ដើម្បី​ដណ្តើម​ជើង​ឯក​ស្វាយរៀង​ខាប់​នារី រដូវ​កាល​ទី១ ឆ្នាំ​២០២៤ វេលា​ម៉ោង​២:៣០​នាទី​រសៀល។

ជ័យលាភី និង​ប្រាក់​រង្វាន់​ ស្វាយរៀងខាប់នារី រួមមាន៖

  • ម្ចាស់ជើងឯក ទទួលបានពាន១ មេដាយមាស​៣៣គ្រឿង និងថវិកា៦លានរៀល
  • ជើងឯករង ទទួលបានមេដាយប្រាក់២៨គ្រឿង និងថវិកា៤លានរៀល
  • ចំណាត់​ថ្នាក់​លេខ៣ ទទួលបានមេដាយសំរិទ្ធ២៨គ្រឿង និងថវិកា២លានរៀល
  • ក្រុមគោរពវិន័យបានល្អ ទទួលបានពាន Fair Play និងថវិកា១លានរៀល
  • ក្រុមអាជ្ញាកណ្តាលល្អ ទទួលបានថវិកា១លានរៀល
  • គ្រូបង្វឹកល្អ ទទួលបានពានគ្រូបង្វឹកល្អ និងថវិកា៨០ម៉ឺនរៀល
  • កីឡាករទាត់បាល់បញ្ចូលទីច្រើនជាងគេ ទទួលបានពានស្បែកជើងមាស និងថវិកា៨០ម៉ឺនរៀល
  • អ្នកចាំទីល្អជាងគេ ទទួលបានពាន និងថវិកា៨០ម៉ឺនរៀល

ស្វាយរៀង​ខាប់​បុរស រដូវ​កាល​ទី​៦

ការ​ប្រកួត​ស្វាយរៀងខាប់​បុរស​រដូវ​កាល​ទី​៦​​មាន​ក្រុម​ចូល​រួម​ប្រកួត​ចំនួន​៤០​ក្រុម ដោយ​ត្រូវ​បាន​បែង​ចែក​ជា​៨​ពូល។ ​ក្រុម​លេខ​១ និង​លេខ​២​នៃ​ពូល​នីមួយ​ៗ ​បាន​ឡើង​ទៅ​កាន់​វគ្គ​១៦​ក្រុម​ចុង​ក្រោយ និង​បន្ត​ការ​ប្រកួត​ប្រជែង​វគ្គ​៨​ក្រុម និង​វគ្គ​៤​ក្រុម។

ឥឡូវ​នេះ​ឈាន​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​ហើយ​ដែល​ជា​ការ​ជួប​គ្នា​រវាង​​ ក្រុមបាល់ទាត់ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និង​​ ក្រុមបាល់ទាត់ សសយក ក្រុងបាវិត ​ដើម្បី​ដណ្តើម​ជើង​ឯក​ស្វាយរៀង​ខាប់​បុរស រដូវ​កាល​ទី​៦ វេលា​ម៉ោង​៤:៣០​នាទី​រសៀល។

ជ័យលាភី និង​ប្រាក់​រង្វាន់ ស្វាយរៀងខាប់ បុរស រួមមាន៖

  • ម្ចាស់ជើងឯក ទទួលបានពាន១គ្រឿង មេដាយ២៨គ្រឿង និងថវិកា ២០លានរៀល
  • ជើងឯករង ទទួលបានមេដាយប្រាក់ ២៨គ្រឿង និងថវិកា ១០លានរៀល
  • ក្រុម​​លេខ៣ ទទួលបានមេដាយសំរិទ្ធ២៨គ្រឿង និងថវិកា ៥លានរៀល
  • ក្រុម​លេខ៤ ទទួលបានថវិកា ២,៥លានរៀល
  • ក្រុមគោរពវិន័យបានល្អ ទទួលបានពាន Fair Play និងថវិកា ១លានរៀល
  • ក្រុមអាជ្ញាកណ្តាលល្អ ទទួលបានថវិកា ១លានរៀល
  • គ្រូបង្វឹកល្អ ទទួលបានពានគ្រូបង្វឹកល្អ១គ្រឿង និងថវិកា ១លានរៀល
  • កីឡាករទាត់បាល់បញ្ចូលទីច្រើនជាងគេ ទទួលបានពានស្បែកជើងមាស និងថវិកា១លានរៀល
  • អ្នកចាំទីល្អជាងគេ ទទួលបានពាន និងថវិកា១លានរៀល

លើសពីនេះក្នុងពិធីបិទការប្រកួតនេះក៏មានកម្មវិធីសិល្បៈបុរាណ របាំគែន សម្តែងដោយក្រុមយុវជន សសយក ខេត្តស្វាយរៀង មកពីស្រុកស្វាយជ្រំ និងតារាចម្រៀងរ៉ែបម្ចាស់បទ «ក្រឡុកទីក្រុង» លោក Zedes ផងដែរ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម