Connect with us

ព័ត៌មានជាតិ

ប្រធានសភាអ៊ុយក្រែន លើក៣ចំណុចជូនសម្ដេចតេជោ ដើម្បីសុំការគាំទ្រពីកម្ពុជាជុំវិញសន្តិភាពនៅអ៊ុយក្រែន

បានផុស

នៅ

ជំនួបសន្ទនាជាមួយសម្ដេចតេជោ ហ៊ុន សែន តាមប្រព័ន្ធវីដេអូ លោកប្រធានសភាអ៊ុយក្រែន បានលើកឡើង៣ចំណុចសំខាន់ៗជូនសម្ដេចតេជោ ដើម្បីសុំការគាំទ្រពីសម្ដេចពាក់ព័ន្ធនឹងការស្ដារសន្តិភាពឡើងវិញនៅអ៊ុយក្រែន និងការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងអ៊ុយក្រែន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានជួបសន្ទនាជាមួយលោក រូស្លាន ស្តេហ្វានឈុក (Ruslan Stefanchuk) ប្រធានសភាអ៊ុយក្រែន តាមប្រព័ន្ធវីដេអូ។ លោកប្រធានសភា បានថ្លែងអំណរគុណសម្តេចតេជោ ដែលបានតបនឹងសំណើសុំជួបសន្ទនាតាមប្រព័ន្ធវីដេអូពេលនេះ ដែលជាកិច្ចប្រជុំដ៏មានសារសំខាន់ចំពោះកិច្ចសន្ទនាសន្តិភាពស្តីពីអ៊ុយក្រែន។

ក្នុងជំនួបនេះ​ លោក រូស្លាន ស្តេហ្វានឈុក ប្រធានសភាអ៊ុយក្រែន បានជម្រាបជូនសម្ដេចតេជោ ហ៊ុន សែន នូវរូបមន្តរបស់ប្រទេសអ៊ុយក្រែនចំនួន១០ចំណុច ដើម្បីស្តារបូរណភាពដែនដី និងសន្តិភាព ដោយបានអំពាវនាវឱ្យកម្ពុជាចូលរួមក្នុងរូបមន្តសន្តិភាពនេះ។ ដោយនៅពាក់កណ្តាលខែមិថុនាខាងមុខ នឹងមានកិច្ចប្រជុំកំពូលស្តីពីសន្តិភាពនៅអ៊ុយក្រែន ដែលនឹងរៀបចំឡើងនៅក្នុងប្រទេសស្វីស លោកប្រធានសភា រំពឹងថា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអាចចូលរួមក្នុងកិច្ចប្រជុំកំពូលដ៏មានសារៈសំខាន់សម្រាប់អ៊ុយក្រែន និងពិភពលោក។

ជាមួយគ្នានេះ ដោយមើលឃើញពីបទពិសោធន៍ក្នុងការដោះមីនរបស់កម្ពុជា លោកប្រធានសភាអ៊ុយក្រែន ក៏បានស្នើសុំការគាំទ្រពីសម្តេចតេជោ ប្រធានព្រឹទ្ធសភា ដើម្បីជួយដោះមីននៅអ៊ុយក្រែន។ លោកប្រធានសភា បញ្ជាក់ថា ការដោះមីននៅអ៊ុយក្រែន គឺជាកិច្ចការសំខាន់ណាស់ ដូច្នេះ អ៊ុយក្រែន ទន្ទឹងរងចាំកម្ពុជា ចូលរួមក្នុងសម្ព័ន្ធភាពដោះមីន នៅប្រទេសអ៊ុយក្រែន។

ពាក់ព័ន្ធនឹងការពង្រឹង និងពង្រីកទំនាក់ទំនងរវាងកម្ពុជា និងអ៊ុយក្រែន លោកប្រធានសភា បានអញ្ជើញសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅបំពេញទស្សកិច្ចនៅអ៊ុយក្រែន និងសុំការគាំទ្រពីកម្ពុជាដល់ទំនាក់ទំនងរបស់អ៊ុយក្រែន ជាដៃគូសន្ទនាជាមួយអាស៊ានផងដែរ។

ជាកិច្ចឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចនឹងយករូបមន្ត១០ចំណុចទៅពិចារណា។ ចំណែកការចូលរួមរបស់កម្ពុជា នៅក្នុងកិច្ចប្រជុំកំពូលស្តីពីសន្តិភាពនៅអ៊ុយក្រែន នៅទីក្រុងហ្សឺណែវ សម្តេច ទុកជូនរាជរដ្ឋាភិបាលសម្រេច។ តែយ៉ាងណា សម្តេចតេជោ បានកត់សម្គាល់ឃើញថា កិច្ចប្រជុំកំពូលស្តីពីសន្តិភាព ដែលមានតម្លៃជាក់លាក់ ត្រូវតែមានគ្រប់ភាគីពាក់ព័ន្ធចូលរួម តួយ៉ាងត្រូវតែមានវត្តមានតួអង្គរុស្ស៊ី។

សម្តេចតេជោ បានប្រាប់លោកប្រធានសភា ថា ដោយសារកិច្ចការរវល់ច្រើននៅក្នុងស្រុក រាជរដ្ឋាភិបាលកម្ពុជា បានចាត់តាំងឯកអគ្គរាជទូតកម្ពុជាឱ្យចូលរួមក្នុងសន្និសីទស្តីពីការកសាងប្រទេសអ៊ុយក្រែនឡើងវិញ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុង ប៊ែឡាំង នាថ្ងៃទី១១-១២ ខែមិថុនាខាងមុខនេះ។

ពាក់ព័ន្ធនឹងបញ្ហាដោះមីននៅអ៊ុយក្រែន សម្តេចតេជោ បានសម្ដែងការសោកស្តាយដែលកម្ពុជា មិនមានលទ្ធភាពបញ្ជូនអ្នកដោះមីនទៅអ៊ុយក្រែនបានទេ ដោយសម្ដេច អះអាងថា រដ្ឋធម្មនុញ្ញកម្ពុជា មិនអនុញ្ញាតឱ្យបញ្ជូនកងកម្លាំងដោះមីន នៅក្រៅឆ័ត្រអង្គការសហប្រជាជាតិ ទៅជួយដោះមីននៅប្រទេសដទៃឡើយ។ ប៉ុន្តែ សម្ដេចតេជោ បញ្ជាក់ថា កម្ពុជាធ្លាប់បានផ្តល់ការបណ្តុះបណ្តាលអ្នកដោះមីនអ៊ុយក្រែន ដោយមានកិច្ចសហប្រតិបត្តិការជាមួយនឹងប្រទេសជប៉ុន នាពេលកន្លងមក។ ដូច្នេះ កម្ពុជានឹងពិនិត្យមើលលទ្ធភាពបណ្តុះបណ្តាលដល់អ្នកដោះមីនអ៊ុយក្រែនបន្តទៀត ដោយសហការជាមួយនឹងជប៉ុន។

ចំពោះការអញ្ជើញសម្តេចតេជោ ទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែន សម្តេចតេជោ បានឆ្លើយតបថា សម្តេចនឹងផ្តល់ចម្លើយក្នុងពេលសមស្របណាមួយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

អស្ចារ្យណាស់! ចាប៉ីខ្មែរជាង100ចាប៉ី ផ្ដុំគ្នាប្រគំភ្លេង បុរាណលាយសម័យក្នុងបទ(សែកមន្ត) ដើម្បីអបអរសាទរគម្រប់ខួប8ឆ្នាំនៃការចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

កាន់តែក្តៅ! អឺរ៉ុប ៥ប្រទេស ប្រកាសរួមដៃគ្នាសម្រុកផ្តល់ជំនួយយោធាដល់ អ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ទីបំផុត អ៊ីស្រាអែល យល់ព្រមលើបទឈប់បាញ់ជាមួយ ក្រុមហេសបូឡា

កីឡា២០ ម៉ោង មុន

យប់​នេះ ក្រុម​នារី​កម្ពុជា អ៊ុត​មើល ម៉ាឡេស៊ី ប្រកួត​ជា​មួយ ឥណ្ឌូណេស៊ី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ទឹកជំនន់យ៉ាងគំហុក បង្ក​មហន្តរាយ និង​សម្លាប់មនុស្ស១៦នាក់​នៅលើកោះស៊ូម៉ាត្រា

Sokha Hotels

ព័ត៌មានពេញនិយម