ព័ត៌មានជាតិ
លោក ទេព អស្នារិទ្ធ៖ ក្នុងសម័យឌីជីថល គុណភាពព័ត៌មានគឺចាំបាច់ជាងពេលណាៗទាំងអស់
អនុរដ្ឋលេខាធិការនិងអ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ បានលើកឡើងថា កម្ពុជាត្រូវបោះជំហានទៅមុខស្របតាមការវិវត្តសង្គម ក្នុងរបត់បរិវត្តកម្មឌីជីថល ប៉ុន្តែ នេះក៏ជាពេលដែលកម្ពុជាចាំបាច់ត្រូវគ្រប់គ្រងសណ្តាប់ធ្នាប់ក្នុងវិស័យព័ត៌មាន បង្កើនគុណភាព និងប្រសិទ្ធភាពប្រព័ន្ធផ្សព្វផ្សាយ ទាំងប្រព័ន្ធផ្សព្វផ្សាយប្រពៃណីនិងទំនើប ខណៈលើកកម្ពស់ការពង្រឹងសមត្ថភាពជំនាញរបស់អ្នកសារព័ត៌មានដើម្បីចុះយកព័ត៌មាន ផលិត និងផ្សព្វផ្សាយព័ត៌មាន ដោយធានាសុក្រិតភាព តម្លាភាព និងគោរពក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានឱ្យបានត្រឹមត្រូវ។
លោកលើកឡើងបែបនេះ ក្នុងវេទិកាយុវជនស្តីពីតួនាទីសារព័ត៌មានក្នុងការរាយការណ៍បញ្ហាប្រែប្រួលអាកាសធាតុ ដែលត្រូវបានរៀបចំឡើងដោយដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ សហការជាមួយអង្គការយូណេស្កូ នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ក្រោមការគាំទ្រដោយស្ថានទូតស៊ុយអែតការិយាល័យប្រចាំក្រុងភ្នំពេញ កម្មវិធីជំនួយអភិវឌ្ឍរដ្ឋាភិបាលប្រទេសអូស្ត្រាលី ដើម្បីចូលរួមក្នុងទិវាសេរីភាពសារព័ត៌មានពិភពលោកឆ្នាំ២០២៤។
អនុរដ្ឋលេខាធិការ បន្តថា កម្ពុជា មានអ្នកសារព័ត៌មានចំនួនប្រមាណ ១ម៉ឺន នាក់ និងអង្គភាពសារព័ត៌មានចំនួនជាង២ពាន់អង្គភាព កំពុងអនុវត្តការងារចុះយកព័ត៌មាន ដើម្បីផ្សព្វផ្សាយជូនប្រជាពលរដ្ឋទាំងក្នុងប្រទេស និងនៅលើពិភពលោក លើប្រធានបទបរិស្ថាន សង្គម សេដ្ឋកិច្ច នយោបាយ វិទ្យាសាស្ត្រ និងប្រធានបទផ្សេងទៀតយ៉ាងសកម្ម ដោយសេរី និងសុវត្ថិភាព។ ចំនួននេះនៅមិនទាន់រាប់បញ្ចូលចំនួនអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ដែលគិតត្រឹមចុងឆ្នាំ២០២៣ កម្ពុជាមានអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមសរុបចំនួនប្រមាណជាង ១១លាន នាក់ គឺស្មើនឹងប្រមាណ៦៨% នៃចំនួនប្រជាជនសរុប។ លោកថា នេះជាការឆ្លុះបញ្ចាំងឱ្យឃើញថា ការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមនៅប្រទេសកម្ពុជាមានភាពសម្បូណ៍បែប និងដោយសេរី ទាំងនេះក៏ដោយសារតែសិទ្ធិនិងសេរីភាព ក្នុងការផ្តល់និងទទួលសេវាកម្មផ្នែកអ៊ីនធឺណេតត្រូវបានបើកទូលាយនៅទូទាំងផ្ទៃប្រទេសកម្ពុជា ដែលយោងតាមរបាយការណ៍របស់និយ័តករទូរគមនាគមន៍កម្ពុជា ទិន្នន័យអ្នកប្រើប្រាស់អ៊ីនធឺណេតនៅកម្ពុជា មានចំនួនជាង ១៨ លាន នាក់ ហើយកំពុងកើនឡើងជាបន្តបន្ទាប់។
រាជរដ្ឋាភិបាលតែងបានលើកទឹកចិត្តដល់ការផ្តល់ព័ត៌មានដែលឈរលើភាពពិតត្រឹមត្រូវ ជាក់ស្តែង មានប្រភពច្បាស់លាស់ និងគោរពក្រមសីលធម៌ ដើម្បីចូលរួមតាមដានការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល និងការអភិវឌ្ឍក្នុងសង្គម។ ប៉ុន្តែការរាយការណ៍ព័ត៌មាន ដោយឈរលើការមើលឃើញតែមួយជ្រុង ឬមិនមានតុល្យភាពព័ត៌មាននិងប្រភពច្បាស់លាស់ នឹងអាចធ្វើឱ្យព័ត៌មានដែលត្រូវបានផ្សាយនោះប៉ះពាល់ដល់សិទ្ធិ ឬឯកជនភាពរបស់អ្នកដទៃ អាចធ្វើឱ្យខូចសណ្តាប់ធ្នាប់ក្នុងសង្គម បង្កផលវិបាក ប៉ះពាល់សន្តិសុខជាតិទៀតក៏មាន។
លោក ទេព អស្នារិទ្ធ ក៏បានរំលឹកដល់អ្នកសារព័ត៌មាន មិនត្រូវដើរតួនាទីជំនួសអាជ្ញាធរមានសមត្ថកិច្ច នគរបាល ស្ថាប័នតុលាការ ឬអង្គភាពជំនាញតាមវិស័យនានាក្នុងសង្គមឡើយ។ ម៉្យាងវិញទៀត ការរួមចំណែកក្នុងដំណោះស្រាយចំពោះបញ្ហានានាក្នុងសង្គម ត្រូវធ្វើឡើងដោយភាពស្មោះត្រង់ សុចរិត ប្រកបដោយវិជ្ជាជីវៈ និងទំនួលខុសត្រូវ មិនត្រូវស្ថិតក្រោមឥទ្ធិពលនយោបាយ ឬធ្វើឡើងដោយជ្រកក្រោមឈ្មោះសារព័ត៌មាន ដើម្បីរាយការណ៍សម្រាប់ការកេងចំណេញផលប្រយោជន៍ផ្ទាល់ខ្លួន ឬនយោបាយរបស់ក្រុមណាមួយទៀតឡើយ។ លោកក៏បានអរគុណដល់អ្នកសារព័ត៌មានទាំងអស់ ដែលបានចូលរួមផ្តល់ព័ត៌មានពិតពីកម្ពុជា រួមចំណែកធ្វើឱ្យពិភពលោកស្គាល់កម្ពុជាកាន់តែច្បាស់ពីភាពចាស់ទុំរបស់កម្ពុជា ជាប្រទេសមានការរីកចម្រើន ស្ថានភាពសង្គមការរស់នៅល្អប្រសើរ និងកំពុងអភិវឌ្ឍឈានឡើងជាបន្តបន្ទាប់ឥតឈប់ឈរ។
បន្ថែមពីនេះ លោក ទេព អស្នារិទ្ធ ក៏បានលើកទឹកចិត្តដល់យុវជនអ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន សមាគមសារព័ត៌មានឱ្យបន្តជំរុញការផ្សព្វផ្សាយព័ត៌មានប្រកបដោយគុណភាព និងអំពាវនាវដល់អ្នកពាក់ព័ន្ធក្នុងវិស័យព័ត៌មានទាំងអស់ ឱ្យគោរពក្រមសីលធម៌វិជ្ជាជីវៈឱ្យបានខ្ជាប់ខ្ជួន ពង្រឹងសមត្ថភាពជំនាញនិងអនុវត្តភារកិច្ចខ្លួនប្រកបដោយការទទួលខុសត្រូវ ក៏ដូចជាបង្កើនការកសាងនិងរក្សាទំនាក់ទំនងល្អជាមួយប្រភពព័ត៌មាន អ្នកនាំពាក្យតាមក្រសួង-ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ច និងភាគីផ្សេងៗទៀត ដើម្បីលើកកម្ពស់តម្លៃវិជ្ជាជីវៈ និងការអភិវឌ្ឍវិស័យព័ត៌មានឲ្យកាន់តែរីកចម្រើនឡើងថែមទៀត៕
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Miss Grand មីយ៉ាន់ម៉ា លេចធ្លោ និងឈ្នះមកុដធំៗចំនួន ៥ ទោះអាយុទើប១៨ឆ្នាំក្ដី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ម៉ាស៊ីនស្វ័យប្រវត្តិ ថតបានភស្តុងតាងសត្វកម្រ ១០៨ ប្រភេទ ក៏មានហ្វូងសត្វឆ្កែព្រៃចុងក្រោយបង្អស់នៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូត ផែនដីមានព្រះចន្ទ២ នឹងបន្តរហូតដល់ចុងខែវិច្ឆិកា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អគារជាប់គាំងនៅខេត្តព្រះសីហនុ ចាប់ផ្តើមសកម្មភាពសាងសង់ឡើងវិញបណ្តើរៗ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ខណៈរឿង កូនប្រសារស្រី ផ្ទុះល្បីឡើងវិញ អ្នកស្រី ពាន់ ភួងបុប្ផា បង្ហោះសារបែបនេះ ភ្ជាប់ជាមួយលីងរឿងពេញ!
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
ក្រុមហ៊ុនវៀតណាម ដាក់ទុនវិនិយោគជាង $៨០០ លាន លើឧស្សាហកម្មកៅស៊ូនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាងកកនិងឈៀងម៉ៃ ជាប់ឈ្មោះក្នុងបញ្ជីទីក្រុងមានខ្យល់ពុល អាក្រក់បំផុតលើលោក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកភូមិគោកដូង ជិតពាក់កណ្ដាលជាអ្នកប្រកបរបររាវខ្យងលក់ ខណៈមានឈ្មួញនាំចេញទៅប្រទេសជិតខាង