ព័ត៌មានជាតិ
អ្នកនាំពាក្យ៖ ក្រុមហ៊ុន សហគ្រាស ទទួលយកសិស្សរៀនជំនាញឲ្យចូលហាត់ការ និងធ្វើការ ដោយសារជឿជាក់លើកម្មវិធី TVET ១,៥លាននាក់ របស់រាជរដ្ឋាភិបាល
ក្រុមហ៊ុន សហគ្រាស ទទួលយកសិស្សនៃកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥ លាននាក់ ចូលហាត់ការ និងធ្វើការងារ ពីព្រោះវិស័យឯកជនទាំងនោះមានភាពជឿទុកចិត្តមកលើកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលអាណត្តិទី៧មួយនេះ។ នេះបើតាមលោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤នេះ។

លោក កត្តា អ៊ន បញ្ជាក់បន្ថែមថា កិច្ចសហការជាមួយបណ្តាក្រុមហ៊ុន សហគ្រាស គឺជាកិច្ចការអាទិភាពរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលើកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសក្នុងការជួយជ្រោមជ្រែងសិស្សដែលរៀនជំនាញអាចចុះហាត់ការ និងចាប់យកឱកាសការងារពេញសិទ្ធិនៅបណ្តាក្រុមហ៊ុន សហគ្រាសទាំងនោះ បន្ទាប់ពីពួកគេបញ្ចប់ការសិក្សាជំនាញរយៈពេល៤ខែ។
លោកបានលើកឡើងថា ចាប់តាំងពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសត្រូវបានដាក់ឱ្យអនុវត្តកន្លងមក ក្រសួងការងារបានចុះអនុស្សារណៈយោគយល់ជាមួយសភាពាណិជ្ជកម្មកម្ពុជា និងសមាគមនិយោជកចំនួន១៧ ដើម្បីសហការក្នុងការបញ្ជូនសិស្សដែលសិក្សាជំនាញវិជ្ជាជីវៈចុះហាត់ការនៅបណ្តាក្រុមហ៊ុនសហគ្រាសនានាជាពិសេសឱកាសក្នុងការក្លាយជាបុគ្គលិកពេញសិទ្ធិ។ ការដែលវិស័យឯកជនផ្តល់ឱកាសចុះហាត់ការដល់សិស្សសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះ គឺជាការជំនួសឲ្យការអនុវត្តកាតព្វកិច្ចរបស់វិស័យឯកជនស្តីពីការហ្វឺកហ្វឺនកូនជាង ដែលជាការងារអាទិភាពមួយ ដាក់ចេញដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងអាណត្តិទី៧នេះផងដែរ។

តាមការបញ្ជាក់ពី លោក កត្តា អ៊ន គិតត្រឹមចុងខែឧសភា ឆ្នាំ២០២៤នេះ សិស្សដែលសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនៅទូទាំងប្រទេសក្នុងជំហានទី១ ស្ទើរតែ១០០ភាគរយបានចេញហាត់ការនៅតាមក្រុមហ៊ុនឯកជន ហើយពួកគេបានប្រឡងតេស្តសមត្ថភាពបញ្ចប់ការសិក្សាជំនាញរៀងៗខ្លួនដោយជោគជ័យគ្រប់ៗគ្នាផងដែរ។ ដោយឡែកក្រុមហ៊ុនឯកជនដែលទទួលសិស្សចុះហាត់ការនោះមានការវាយតម្លៃខ្ពស់លើសមត្ថភាពរបស់សិស្សសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដូចនេះហើយទើបបណ្តាក្រុមហ៊ុន សហគ្រាស ពេញចិត្តក្នុងការទទួលយកសិស្សជំនាញចូលហាត់ការដោយគ្មានការស្ទាក់ស្ទើរ។

លោកបន្ថែមថា សិស្សសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេសក្នុងជំហានទី១បានធ្វើតេស្តបញ្ជាក់សមត្ថភាពជាប់ជាស្ថាពរ ក្នុងនោះដែរវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេសស្ថិតក្រោមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅទូទាំងប្រទេសក៏កំពុងទទួលសិស្សចុះឈ្មោះចូលរៀន និងកំពុងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈក្នុងជំហានទី២ផងដែរ។ លោកបានអំពាវនាវឱ្យយុវជនដែលមិនទាន់បានចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរួសរាន់ក្នុងការមកស្វែងរកព័ត៌មាន និងធ្វើការចុះឈ្មោះចូលរៀនឱ្យបានឆាប់រហ័ស ដើម្បីមានជំនាញច្បាស់លាស់ មានការងារ និងចំណូលសមរម្យ៕




-
សន្តិសុខសង្គម៤ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៤ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត