ព័ត៌មានជាតិ
លោក នេត្រ ភក្ត្រា ៖ ស្នាមញញឹមកុមារជាស្នាមញញឹមមាតាបិតា និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់
លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា «ស្នាមញញឹមរបស់ កុមារា-កុមារី ជាស្នាមញញឹមរបស់មាតាបិតា និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់»។

ការគូសបញ្ជាក់នេះ ក្នុងឱកាស លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកស្រី ទុយ សិរីរតនៈ នេត្រ ភក្ត្រា ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មាន រួមជាមួយថ្នាក់ដឹកនាំក្រសួងព័ត៌មាន អគ្គនាយកក្រុមហ៊ុនរថយន្ត Great Wall Motor (GWM) និងអង្គការមូលនិធិសប្បុរសធម៌ វ័នរ៉ូដ បានរៀបចំពិធីចែកអំណោយសម្ភារៈសិក្សា និងថវិកា ជូនដល់កូនៗ របស់មន្ត្រីរាជការក្រសួងព័ត៌មាន ចំនួនជាង ៥០០ នាក់ នាឱកាស នៃការប្រារព្ធទិវាកុមារអន្តរជាតិ ១ មិថុនា កាលពីព្រឹកថ្ងៃទី ០១ ខែមិថុនា ឆ្នាំ ២០២៤ នៅបរិវេណទីស្ដីការក្រសួងព័ត៌មាន។
នាឱកាសនោះ លោក នេត្រ ភក្ត្រា មានប្រសាសន៍ថា ថ្ងៃនេះ ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងព័ត៌មាន រួមនឹងសប្បុរសជនមកពីក្រុមហ៊ុន Great Wall Motor (GWM) និងអង្គការមូលនិធិសប្បុរសធម៌ វ័នរ៉ូដ បាននាំយកនូវការជួបជុំគ្នាដ៏សប្បាយរីករាយជូនកូនៗ និងកុមារា-កុមារី ដើម្បីប្រារព្ធរៀបចំពិធីអបអរសាទរខួបទី ៧៥ ទិវាកុមារអន្តរជាតិ ១ មិថុនា ប្រធានបទ«ការវិនិយោគលើកុមារថ្ងៃនេះ សំដៅបង្កើនមូលធនមនុស្ស ក្នុងយុគសម័យបរិវត្តកម្មឌីជីថល»។

លោក នេត្រ ភក្ត្រា បានជូនពរ កុមារា-កុមារី ទាំងអស់ ឲ្យទទួលបាននូវសុខភាពល្អ ប្រាជ្ញាវាងវៃ ដើម្បីក្លាយខ្លួនជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ។
លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បន្តថា រាជរដ្ឋាភិបាលកម្ពុជា នៅអាណត្តិទី ៧ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងបុរេសកម្មរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បន្តយកចិត្តទុកដាក់ជាអាទិភាព តាមរយៈការដាក់ចេញកម្មវិធីនយោបាយនានា សំដៅគាំពារ អភិវឌ្ឍន៍ និងលើកកម្ពស់សុខុមាលភាពកុមារ ចាប់តាំងពីបឋមវ័យ រហូតដល់យុវវ័យ។

លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បន្តទៀតថា កុមារ តំណាងឲ្យធនធានសក្ដានុពលរបស់ប្រទេសជាតិ ដែលនឹងត្រូវបន្តវេន នាពេលអនាគត។ ដូច្នេះ យើងទាំងអស់ ត្រូវចូលរួមផ្តល់ក្តីស្រឡាញ់ ភាពសប្បាយរីករាយ និងក្តីសង្ឃឹមសម្រាប់កុមារទាំងអស់ ដើម្បីពួកគេក្លាយខ្លួនជាពលរដ្ឋល្អសម្រាប់សង្គមជាតិ។ កុមារកម្ពុជា ទទួលបានភាពសុខសាន្ត និងការបីបាច់ថែរក្សា ដោយក្តីអាណិតស្រលាញ់គ្រប់ៗ គ្នា។
ជាមួយនេះ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុន Great Wall Motor (GWM) លក់រថយន្តរបស់ប្រទេសចិន និងអង្គការមូលនិធិសប្បុរសធម៌ វ័នរ៉ូដ ដែលបានផ្តល់កាតាបកូនសិស្សចំនួនជាង ១ ០០០ ដល់ក្រសួងព័ត៌មាន ដើម្បីចែកជូនដល់កុមារា-កុមារីសិស្សានុសិស្សដែលខ្វះខាត។

ទន្ទឹមនេះ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា និង លោកស្រី បានផ្តល់បន្ថែមនូវថវិកាក្នុងម្នាក់ ១ ម៉ឺនរៀល ផងដែរ។ ចំណែកលោកស្រី សន ម៉ារ៉ាដា រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជានាយកប្រតិបត្តិ នៃសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក៏បានផ្តល់ជូននូវអាវម្នាក់ ១ ដែរ។ ចំពោះអំណោយដែលត្រូវចែកជូនដល់កូនៗ របស់មន្ត្រីរាជការ នៃក្រសួងព័ត៌មាន ជាង ៥០០ នាក់ នាឱកាសនេះ ក្នុងម្នាក់ៗ ទទួលបាន កាតាប ១ ដបដាក់ទឹក ១ រួមទាំង នំ និងសម្ភារៈសិក្សាជាច្រើនមុខទៀត ជាអំណោយរបស់ ក្រុមហ៊ុន GWM , One Road Group អង្គការមូលនិធិសប្បុរសធម៌ វ័នរ៉ូដ។
គួរជម្រាបថា ឆ្នាំនេះ ទិវាកុមារអន្តរជាតិ និងទិវាកុមារកម្ពុជា ១ មិថុនា ត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ«ការវិនិយោគលើកុមារថ្ងៃនេះ សំដៅបង្កើនមូលធនមនុស្សក្នុងយុគសម័យបរិវត្តកម្មឌីជីថល» និងទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា ក្រោមប្រធានបទ «រួមគ្នាអនុវត្តការប្ដេជ្ញាចិត្ត ដើម្បីបញ្ចប់ទម្រង់ធ្ងន់ធ្ងរ នៃពលកម្មកុមារ» ដើម្បីរំលឹកដល់ការអនុវត្តសិទ្ធិជាមូលដ្ឋានរបស់កុមារ និងបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាប្រឈមនានារបស់កុមារ ជាពិសេសសុវត្ថិភាពកុមារតាមប្រព័ន្ធឌីជីថល ដោយជួយគាំទ្រដល់កុមាររងគ្រោះ និងងាយរងគ្រោះពីការគំរាមកំហែង ការកេងប្រវ័ញ្ច និងការរំលោភបំពាននានា តាមប្រព័ន្ធអនឡាញបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព សំដៅធានាថាកុមាររស់នៅ និងអភិវឌ្ឍន៍ដោយសុខដុមរមនា ក្រោមម្លប់សន្តិភាព។

នៅក្នុងឱកាសខួបលើកទី ៧៥ ទិវាកុមារអន្តរជាតិ ១ មិថុនា ខួបលើកទី ២៣ ទិវាពិភពលោក ប្រឆាំងពលកម្មកុមារ ១២ មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ ២០២៤ នេះដែរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានចេញនូវសារលិខិតចូលរួមអបអរដោយបានគូសបញ្ជាក់ថា កុមារ គឺជាធនធានដែលមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ នៅគ្រប់ដំណាក់កាលទាំងអស់ នៃការអនុវត្តយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល បានកំណត់យក «មនុស្ស» ជាវិស័យអាទិភាពចម្បងបំផុត ហេតុនេះហើយ ការយកចិត្តទុកដាក់ចំពោះសុខុមាលភាព សុវត្ថិភាព និងការអភិវឌ្ឍកុមារ គឺជាគ្រឹះដ៏សំខាន់ក្នុងការកសាងមូលធនមនុស្សប្រកបដោយសក្ដានុពលសម្រាប់ការអភិវឌ្ឍកម្ពុជានាពេល អនាគត។ រាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តយ៉ាងពេញលេញ និងមានចក្ខុវិស័យច្បាស់លាស់ក្នុងការលើកកម្ពស់សិទ្ធិ និងឧត្ដមប្រយោជន៍របស់កុមារ៕



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ