Connect with us

វប្បធម៌ ជំនឿ

ពិធីថ្វាយព្រះភ្លើងព្រះបរមសព សម្តេចសង្ឈ ទេព វង្ស ជាការបន្សល់​ទុកឯកសារសម្រាប់ខ្មែ​រ​គ្រប់ជំនាន់ ​

បានផុស

នៅ

នៅថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ២០២៤ គឺជាថ្ងៃដែលត្រូវថ្វាយព្រះភ្លើងព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា គម្រប់​ខួប ១០០ថ្ងៃ ដែលព្រះអង្គទ្រង់យាងចូលទិវង្គត ក្នុងព្រះជន្ម ៩៣ ព្រះវស្សា កាលពីថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការរៀបចំពិធីវប្បធម៌បែបប្រពៃណីខ្មែរដ៏ផូរផង់នេះ ដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងមានវត្តមានចូលរួមពីព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា, ប្រធានព្រឹទ្ធសភា សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត និងលោកជំទាវ។ បន្ថែមពីនេះ ក៏មានគណៈប្រតិភូសង្ឃ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និងព្រះសង្ឃឥណ្ឌា និមន្តមកចូលរួ​មកម្មវិធីនេះផងដែរ។​​ សម្រាប់ក្បួនដង្ហែរ ព្រះបរមសព សម្តេចព្រះ ទេព វង្ស ក៏មានការចូលរួមពីព្រះសង្ឃ មន្រ្តីរាជការ សិស្សានុសិស្ស និងប្រជាពលរដ្ឋរាប់ម៉ឺននាក់ នៅរាជធានីភ្នំពេញ។

អំពីការប្រសូតិ

សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ទ្រង់ប្រសូតក្នុងបច្ចិមយាមទៀបភ្លឺ ថ្ងៃព្រហស្បតិ៍ ១រោច ខែបុស្ស ឆ្នាំវក ចត្វាស័ក ព.ស.២៤៧៦ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ១៩៣២ នៅឃុំជ្រាវ ស្រុកសៀមរាប ខេត្តសៀមរាប។ សម្តេចកិត្តិឧទ្ទេសបណ្ឌិត ប្រសូតក្នុងត្រកូលកសិករដែលមានបិតានាម ទេព ឈិត និងមាតានាម ប៉ិច អាត់ ព្រមទាំងមានបងប្អូនប្រុសបង្កើត ៣នាក់ ក្នុងនោះ ២នាក់បានទទួលមរណភាពជាយូរមកហើយ សម្តេចព្រះមហាសង្ឃរាជ ទេព វង្ស ជាបុត្រទីបី។

 អំពីការសិក្សា និងបព្វជ្ជា (ការសាងផ្នួស)

ក្នុងវ័យកុមារ ដោយមានលក្ខណៈសម្បត្តិមកពីធម្មជាតិ គួបផ្សំនឹងការអប់រំពីសំណាក់មាតាបិតាផងនោះសម្តេចព្រះមហាសង្ឃរាជ ទេព វង្ស គឺជាកុមារមួយរូបដែលមានអត្តចរិតនិងអាកប្បកិរិយាថ្លៃថ្នូរ ទន់ភ្លន់ សុភាពរាបសារនិងចេះជួយទុក្ខធុរៈអ្នកដទៃ ចេះគោរពឪពុកម្តាយ ចាស់ព្រឹទ្ធាចារ្យគួរជាទីស្រឡាញ់រាប់អាន។ លុះបានអាយុ ១១ឆ្នាំ មាតាបិតាបានបញ្ជូនទៅសិក្សាអក្សរសាស្ត្រ នព្វន្តសាស្ត្រនិងចំណេះវិជ្ជាផ្សេងៗនៅវត្ត រាជបូណ៌ ស្រុកសៀមរាប ខេត្តសៀមរាប។

ក្នុងវ័យ ១៥ឆ្នាំ សម្តេចព្រះមហាសង្ឃរាជ ទេព វង្ស បានសុំអនុញ្ញាតពីមាតាបិតាដើម្បីចូលសាងផ្នួសបួសជាសាមណេរ។ លុះព្រះជន្មបាន ២១ព្រះវស្សា បានចូលសុំឧបសម្បទាបួសជាភិក្ខុភាវៈនៅវត្តរាជបូណ៌។បន្ទាប់មក សម្តេច បានថ្វាយបង្គំលាព្រះឧបជ្ឈាយ៍ដើម្បីទៅសិក្សាបន្តផ្នែកព្រះបរិយត្តិធម៌ នៅវត្តសារាវ័នតេជោ ក្រុងភ្នំពេញ។

អំពីគោរម្យ៍ងារ និងសមណស័ក្តិ

សម្តេចព្រះមហាសង្ឃរាជ ទេព វង្ស ទទួលបានគោរម្យ៍ងារ និងសមណស័ក្តិ ចាប់ពីឆ្នាំ ១៩៧៩ ដល់ឆ្នាំ ២០២៤ ដែលមានសរុបចំនួន ២៥ គោរម្យ៍ងារ និងសមណស័ក្តិ។

អំពីគ្រឿងឥស្សរិយយស

សម្តេចព្រះមហាសង្ឃរាជ ទេព វង្ស ទ្រង់បានទទួលនូវគ្រឿងឥស្សរិយយស រួមមាន៖ មេដាយមុនីសារាភ័ណ្ឌ, មេដាយអស្សរិទ្ធិមុនីសារាភ័ណ្ឌ, មេដាយមាសស្ថាបនាជាតិ, មេដាយព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសិរីវឌ្ឍន៍ និង មេដាយខ្ពស់បំផុតថ្នាក់ ជាតូបការ ។

អំពីស្នាព្រះហស្តនិងសមិទ្ធផល

សញ្ញាបត្រដែល សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ទ្រង់បានចងក្រង និពន្ធ​សៀវភៅ និងការងារសាសនាមួយចំនួន មានដូចជា៖ សៀវភៅអក្ខរកម្ម, សៀវភៅច្បាប់ប្រុស ច្បាប់ស្រី, បោះពុម្ពសៀវភៅនគរកាយ, បោះពុម្ព សៀវភៅក្រមច្បាប់, សៀវភៅតម្រាក្បួនខ្នាតព្រាហ្មណ៍សាសនា និងព្រះពុទ្ធសាសនាវិបស្សនាធុរៈ។

សូមជម្រាបថា មុនព្រះរាជពិធីនេះ ក្រសួងព័ត៌មាន និងក្រសួងធម្មការ​ និងសាសនា​ បានរៀបចំសិក្ខា​សាលាស្តីពី​ការប្រើប្រាស់ប្រាស់ពាក្យគន្លឹះក្នុងពិធីថ្វាយព្រះភ្លើងព្រះបរមសពដល់អ្នកសារព័ត៌មាន ដើម្បី​ប្រើប្រាស់ពាក្យពេចន៍ឱ្យបានត្រឹមត្រូវ​សម្រាប់ចងក្រងទុកជាឯកសារតែមួយ​សម្រាប់ប្រើប្រាស់ពីមួយជំនាន់មួយទៅជំនាន់មួយទៀត។

លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងថា កម្មវត្ថុនៃការរៀបចំសិក្ខាសាលានេះ ដើម្បីឱ្យ​បងប្អូន​អ្នក​សារព័ត៌មាន ពិធីករ ពិធីការនី​នៃស្ថាននីយ៍ទូរទស្សន៍ និងវិទ្យុផ្សេងទៀត​ដែលត្រូវចូល​រួមយកព័ត៌មាន​ក៏ដូចជាពណ៌នានូវសកម្មភាពនៃការដង្ហែរព្រះបរមសព និងការថ្វាយព្រះភ្លើង​ព្រះបរមសព​ ​ត្រូវប្រើប្រាស់នូវពាក្យពេចន៍ ដែលក្រសួងធម្មការ និងសាសនា បានស្រង់នូវពាក្យគន្លឹះចំនួន ២៦ ពាក្យ ដែលសុទ្ធសឹងតែជាពាក្យដែលត្រូវប្រើប្រាស់ក្នុងព្រះរាជពិធីនេះ។

លោកបន្តថា ពីព្រោះកម្ពុជា ជាប្រទេសដែលមាន​អរិយធម៌រុងរឿងយូរណាស់មកហើយ និងជាប្រទេស​ដែល​សម្បូរទៅដោយវប្បធម៌ប្រពៃណី ទំនៀមទំលាប់ ដូច្នេះត្រូវប្រើប្រាស់​ពាក្យពេចន៍​ឱ្យបានត្រឹ​ម​ត្រូវតាមឋានានុក្រម។លោកថ្លែងថា៖«ដូច្នេះ!នៅក្នុងព្រះរាជពិធីថ្វាយព្រះភ្លើងព្រះបរមសពនេះ គឺជាឱកាសមួយដល់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងការចូលរួមផ្សព្វផ្សាយបង្កើនចំណេះដឹង សម្រាប់អ្នកសារព័ត៌​មានឱ្យ​យល់ដឹងអំពីឋានានុក្រមនៃពាក្យពេចន៍ដែលប្រើប្រាស់ និងដើម្បីបញ្ជ្រាបពង្រឹងចំណេះដឹង​ដល់ប្រជាពលរដ្ឋដែលជាអ្នកស្តាប់ ទស្សនា និងអានអត្ថបទឱ្យត្រឹមត្រូវ»។

លោកបន្ថែមទៀតថា អ្វីដែលយើងចង់បង្ហាញគឺភាពសម្បូរបែបប្រពៃណីទំនៀមទំនាប់ក្នុងសាសនាក្តី សង្គមក្តី នៅក្នុងការប្រើប្រាស់ពាក្យពេចន៍នេះ គឺជាការបង្ហាញនូវអំណាចរបស់ប្រទេសកម្ពុជា ដែលជា​ប្រទេស​ត្រូវបានគេទទួលស្គាល់ថាជាមហាអំណាចវប្បធម៌ ប្រពៃណីទំនៀមទំលាប់សម្បូរបែប។

លោកគូសបញ្ជាក់ថា៖«ពិធីព្រះរាជពិធីបុណ្យព្រះបរមសព សម្តេច ទេព វង្ស ដែលជាថ្ងៃ​ប្រវត្តិសាស្រ្ត​របស់កម្ពុជា បើសិនជាយើងពិនិត្យមើលនៅក្នុងដំណើរប្រវត្តិសាស្រ្តនៃសម្តេចសង្ឃរាជកម្ពុជា ពិធីដែលធំគឺ​សម្តេចសង្ឃរាជ ជួន ណាត បន្ទាប់មកសម្តេចសង្ឃរាជ ទេព វង្ស ។ នេះហើយដែលយើងបាន​ឆ្លងកាត់​ក្នុងពេលនេះ ដែលនេះគឺជាប្រវត្តិសាសន៍មនុស្ស​ជាតិនៅក្នុងកម្រិត​ដែលយើងទាំង​អស់គ្នាបានឆ្លងកាត់ និងបានឃើញ និងជាសាក្សីរស់នៃការរៀបចំព្រះពិធីថ្វាយព្រះភ្លើង ព្រះបរមសព សម្តេច ទេព វង្ស។​ដូច្នេះក៏ជាផ្នែកមួយនៃកសាងប្រវត្តិសាស្រ្តកម្ពុជានៅក្នុងវិស័យព្រះពុទ្ធសាសនា នៅក្នុងពុទ្ធចក្រ ដើម្បីកសាងរូបភាពទាំងអស់នេះសម្រាប់មនុស្សរាប់ជំនាន់បន្តទៅមុខទៀត»។

ដោយសារជាពិធីដ៏មានសារៈសំខាន់នេះហើយ បានជាស្ថាប័នពាក់ព័ន្ធយកចិត្តទុក​ដាក់​ខ្ពស់រៀប​ចំពិធីនេះ  ពីព្រោះរូបភាព ភាសា ព័ត៌មានដែលយើងប្រើ​ប្រាស់វានឹងត្រូវ​បានថតទុកបន្សល់ជាឯក​សាររាប់ជំនាន់ ។ លោក នេត្រ ភក្រ្តា បន្តថា៖« តទៅមុខទៀតបើសិនជាមានព្រឹត្តិការណ៍របៀបនេះ គឺកូនចៅជំនាន់​ក្រោយនឹងយកឯក​សារ​ពិនិត្យមើលថាតើពីមួយជំនាន់ទៅមួយជំនាន់មានការប្រែប្រួលបែបណាខ្លះ ហើយការប្រើប្រាស់នូវ​ពាក្យពេចន៍ ភាសា ទាំងឡាយ ដែលទាក់ទងជាមួយរាជសព្ទ សង្ឈសព្ទ ដែលពាក់ព័ន្ធ​ថាតើមានការប្រើ​ប្រាស់របៀបម៉េច»៕

អត្ថបទ៖ ឡាយ សាមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៣៦ នាទី មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

Sokha Hotels

ព័ត៌មានពេញនិយម