ព័ត៌មានអន្ដរជាតិ
អាមេរិក ជំរុញឲ្យស្ដេចកាតា ដាក់សម្ពាធលើហាម៉ាស ដើម្បីទទួលយកបទឈប់បាញ់ពីអ៊ីស្រាអ៊ែល
ប្រធានាធិបតីអាមេរិកបានជំរុញឲ្យព្រះអង្គម្ចាស់ Tamim bin Hamad Al Thani ពិភាក្សាអំពីបទឈប់បាញ់ និងកិច្ចចរចាដោះលែងចំណាប់ខ្មាំងជាមួយក្រុមហាម៉ាស ដើម្បីបិទបញ្ចប់ជម្លោះនៅតំបន់ហ្គាហ្សា។ ការលើកឡើងរបស់លោក ចូ បៃឌិន ធ្វើឡើងនៅតាមរយៈការបង្ហោះសារនៅលើបណ្ដាញសង្គម X នៅព្រឹកថ្ងៃអង្គារ ទី៤ ខែមិថុនា នេះ។
នៅលើ X លោក ចូ បៃឌិន បានសរសេររៀបរាប់ថា “ខ្ញុំបាននិយាយជាមួយព្រះអង្គម្ចាស់ Amir Sheikh Tamim Bin Hamad Al-Thani នៃប្រទេសកាតា ដើម្បីពិភាក្សាធ្វើយ៉ាងណាឲ្យមានបទឈប់បាញ់ និងសំណើកិច្ចចរចាដោះលែងចំណាប់ខ្មាំង ដែលជាការបើកផ្លូវបញ្ចប់វិបត្តិនៅតំបន់ហ្គាហ្សា។ ខ្ញុំជំរុញឲ្យព្រះអង្គម្ចាស់ Amir Tamim ប្រើគ្រប់វិធានការសមរម្យ ដើម្បីធានាបាននូវការទទួលយកកិច្ចចរចាពីក្រុមហាម៉ាស ហើយអរគុណព្រះអង្គម្ចាស់ និងក្រុមការងាររបស់ទ្រង់ ចំពោះកិច្ចប្រឹងប្រែងដែលមិនចេះនឿយហត់ ក្នុងការធានាបាននូវការដោះលែងចំណាប់ខ្មាំងទាំងអស់នៅហ្គាហ្សា។ សហរដ្ឋអាមេរិក រួមគ្នាជាមួយអេហ្ស៊ីប និងកាតា នឹងធ្វើការធានាការអនុវត្តឲ្យបានពេញលេញចំពោះកិច្ចព្រមព្រៀងនេះ”។
កាលពីថ្ងៃសុក្រសប្ដាហ៍មុន លោក ចូ បៃឌិន បានប្រកាសពីសំណើថ្មីរបស់អ៊ីស្រាអ៊ែលស្ដីពីបទឈប់បាញ់ ដែលសំណើនេះត្រូវបានបញ្ជូនតាមរយៈរដ្ឋាភិបាលកាតាឲ្យទៅក្រុមហាម៉ាស។ ក្នុងសំណើ បានបញ្ជាក់ថា ជាដំណាក់កាលដំបូង មានរយៈពេល៦សប្ដាហ៍ ត្រូវអនុវត្តបទឈប់បាញ់ទាំងស្រុង ព្រមទាំងការដកកងកម្លាំងអ៊ីស្រាអ៊ែលពីតំបន់ប្រជុំជនហ្គាហ្សា។ បន្ថែមពីនេះ ត្រូវមានការដោះលែងចំណាប់ខ្មាំងមួយចំនួនដោយក្រុមហាម៉ាស ដែលមានដូចជា ស្ត្រី មនុស្សចាស់ និងអ្នករងរបួស ជាថ្នូរនឹងការដោះលែងជនជាតិប៉ាឡេស្ទីនរាប់ពាន់នាក់ដែលកំពុងជាប់ឃុំនៅអ៊ីស្រាអ៊ែល។
គួររំឭកថា កិច្ចចរចាផ្ទាល់រវាងអ៊ីស្រាអ៊ែល និងក្រុមហាម៉ាស ពាក់ព័ន្ធនឹងការដោះលែងចំណាប់ខ្មាំង ត្រូវបានផ្អាកកាលពី៣សប្ដាហ៍មុន ដោយសារតែការខ្វែងគំនិតគ្នាលើលក្ខខណ្ឌមួយចំនួន។
សូមបញ្ជាក់ថា ការវាយប្រហារនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដោយក្រុមហាម៉ាស នៅភាគខាងត្បូងប្រទេសអ៊ីស្រាអ៊ែល បានបណ្ដាលឲ្យមានមនុស្សស្លាប់ជាង ១ ១៧០នាក់ ក្នុងនោះភាគច្រើនគឺជាជនស៊ីវិល ហើយក៏មានការចាប់ចំណាប់ខ្មាំងចំនួន ២៥២នាក់ផងដែរ។ នេះបើយោងតាមរបាយការណ៍ចុះផ្សាយដោយសារព័ត៌មាន AFP។
ជាការសងសឹក ក្រុមយោធាអ៊ីស្រាអ៊ែល បានវាយបក និងសម្លាប់មនុស្សយ៉ាងហោចណាស់ ៣៥ ៩៨៤នាក់នៅតំបន់ហ្គាហ្សា ហើយភាគច្រើនគឺជាជនស៊ីវិល៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២៤ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ