ព័ត៌មានជាតិ
ធ្វើម្ចាស់ផ្ទះកិច្ចប្រជុំហ្វ្រង់កូហ្វូនី ហុចឱកាសឲ្យកម្ពុជាទាក់ទាញវិនិយោគិនពីប្រទេសនិយាយភាសាបារាំង
លោក ខេលវិន ម៉ូ ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដា បានមើលឃើញ តាមរយៈឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦ នឹងធ្វើឲ្យកម្ពុជាមានលទ្ធភាពកាន់តែច្រើនបន្ថែមទៀត ក្នុងការទាក់ទាញវិនិយោគិន និងទេសចរ មកពីបណ្ដាប្រទេសប្រើប្រាស់ភាសាបារាំង។
![](https://www.kampucheathmey.com/wp-content/uploads/2024/06/445423014_439853535513820_1225766244328157596_n-1024x681.jpg)
លោក ខេលវិន ម៉ូ បានថ្លែងបែបនេះក្នុងឱកាសដឹកនាំគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ នៅវិមានសន្តិភាព។
ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដា បានគូសបញ្ជាក់ថា ការទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦ នឹងហុចឱកាសដល់កម្ពុជាក្នុងការទាក់ទាញវិនិយោគិន និងទេសចរ មកពីបណ្ដាប្រទេសប្រើប្រាស់ភាសាបារាំង។
![](https://www.kampucheathmey.com/wp-content/uploads/2024/06/445498150_439851428847364_4931720247833573266_n-1024x898.jpg)
ក្រៅពីវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសកម្ពុជា ជាពិសេសការសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ ប្រកបចីរភាព ក្នុងជំនួបជាមួយនាយករដ្ឋមន្រ្តីកម្ពុជា លោក ខេលវិន ម៉ូ ក៏បានបង្ហាញពីគោលបំណងនៃដំណើរទស្សនកិច្ចរបស់លោក និងគណៈប្រតិភូ គឺដើម្បីស្វែងយល់បន្ថែមទៀតអំពីសក្ដានុពល និងកាលានុវត្តភាពនៃការវិនិយោគរបស់កម្ពុជា គោលនយោបាយ យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការទាក់ទាញវិនិយោគ និង គោរពស្នើសុំអនុសាសន៍ណែនាំរបស់សម្ដេចធិបតី ក្នុងការជំរុញ និងផ្សារភ្ជាប់ទំនាក់ទំនងនៃការវិនិយោគរវាងកម្ពុជា និងកាណាដាឱ្យកាន់តែល្អប្រសើរថែមទៀត។
ជាការឆ្លើយតប សម្តេចធិបតីបានស្វាគមន៍ និងរីករាយដែលបានជួបពិភាក្សាការងារជាមួយលោក ខេលវិន ម៉ូ និងគណៈប្រតិភូ និងអបអរសាទរ លោក ខេលវិន ម៉ូ ដែលត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដា។
សម្តេចថា ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅក្រៅប្រទេស ត្រូវបានបង្កើតឡើងនៅតាមបណ្ដាប្រទេសមួយចំនួនដូចជា សហរដ្ឋអាម៉េរិក អូស្ត្រាលី ជប៉ុន ហើយបច្ចុប្បន្នកំពុងបង្កើតបន្ថែមនៅប្រទេសបារាំង និងបណ្ដាប្រទេសក្នុងសហភាពអឺរ៉ុប ក្នុងគោលបំណងផ្សារភ្ជាប់ទំនាក់ទំនងលើវិស័យពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជាជាមួយបណ្តាប្រទេសនានា ក៏ដូចជាទំនាក់ទំនងរវាងប្រជាជន និងប្រជាជនផងដែរ។ ជាក់ស្តែង ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងម៉ុងរ៉េអាល់ បានដើរតួនាទីជាស្ពានភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាវិនិយោគិនផងដែរ។
សម្ដេចធិបតីសង្ឃឹមយ៉ាងមុតមាំថា ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងម៉ុងរ៉េអាល់ នឹងសហការជិតស្និទ្នជាមួយសភាពាណិជ្ជកម្មកម្ពុជា ដើម្បីពង្រីកសក្ដានុពល និងកាលានុវត្តភាពនៃការវិនិយោគ និងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ និងបានស្នើដល់ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងម៉ុងរ៉េអាល់ ជួយបំពេញនូវកិច្ចការជាអាទិភាពចំនួន២ រួមមាន៖ (១) ផ្សព្វផ្សាយពីសក្ដានុពលនៅកម្ពុជា លើវិស័យពាណិជ្ជកម្ម ទេសចរណ៍ និងកាលានុវត្តភាពនៃការវិនិយោគនៅកម្ពុជា និង (២) គាំទ្រគំនិតផ្ដួចផ្ដើមរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញពាណិជ្ជកម្មកម្ពុជា-កាណាដា ក៏ដូចជាការបំពេញតួនាទីជាអ្នកសម្របសម្រួលក្នុងកិច្ចចរចាពាណិជ្ជកម្ម និងការនាំចេញផលិតផលរបស់កម្ពុជាទៅកាន់ប្រទេសកាណាដា។
សម្ដេចធិបតី ក៏បានលើកទឹកចិត្តដល់ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងម៉ុងរ៉េអាល់ សហការជាមួយក្រសួងពាណិជ្ជកម្ម ក្នុងការផ្សព្វផ្សាយកាលានុវត្តធុរកិច្ច និងពាណិជ្ជកម្ម រវាងប្រទេសកម្ពុជា និងកាណាដា ផងដែរ។
![](https://www.kampucheathmey.com/wp-content/uploads/2024/06/446725139_439853378847169_8488196721875473119_n-1024x681.jpg)
កម្ពុជាកំពុងត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦ ព្រមទាំងបានគូសរំលេចពីគំនិតផ្ដួចផ្ដើមរបស់សម្ដេចធិបតី ក្នុងការបង្កើតនូវមជ្ឈមណ្ឌលវប្បធម៌ និងភាសាបារាំងថ្នាក់តំបន់នៅក្នុងប្រទេសកម្ពុជា សម្រាប់បម្រើឱ្យការផ្សព្វផ្សាយវប្បធម៌បារាំង និង ការបណ្តុះបណ្តាលភាសាបារាំង ដល់ប្រជាជននៃបណ្តាប្រទេសនៅក្នុងតំបន់អាស៊ី។
ប្រទេសកម្ពុជា និងប្រទេសកាណាដា មានទំនាក់ទំនងដ៏រឹងមាំ និងយូរអង្វែងមកហើយ ចាប់ផ្តើមតាំងពីឆ្នាំ១៩៥២ ព្រមទាំងបានភ្ជាប់ទំនាក់ទំនងការទូតឡើងវិញ ក្នុងឆ្នាំ១៩៩៣។ ប្រទេសកាណាដា គឺជាដៃគូដ៏សំខាន់របស់កម្ពុជា ទាំងការស្វែងរកសន្តិភាពនាពេលអតីតកាល និងការកសាងសេដ្ឋកិច្ច ដោយប្រទេសកាណាដាគឺជាដៃគូពាណិជ្ជកម្មលេខរៀងទី ៨ របស់កម្ពុជា។
ក្នុងឆ្នាំ ២០២២ ទំហំវិនិយោគដោយផ្ទាល់ (FDI) ពីប្រទេសកាណាដា មានទំហំរហូតដល់ ២.០៦២ ពាន់លានដុល្លារ បូករួមជាមួយនឹងគំនិតផ្តួចផ្តើមចូលក្នុងទីផ្សារកាណាដា ដែលផ្តល់នូវកូតាក្នុងការលើកលែងពន្ធដល់កម្ពុជា លើមុខទំនិញដូចជា៖ សម្លៀកបំពាក់ ស្បែកជើង និងវាយនភណ្ឌ៕
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត