Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេស​អឺរ៉ុប​១​ទៀត​ហើយ ប្រកាស​ទទួល​ស្គាល់​​រដ្ឋ​ប៉ាឡេស្ទីន

បានផុស

នៅ

សភា​ស្លូវេនី កាល​ពី​ថ្ងៃ​​អង្គារ​ទី​៤​ ខែ​មិថុនា បាន​​​សម្រេច​អនុម័ត​ក្រឹត្យ​ទទួល​ស្គាល់​រដ្ឋ​ប៉ាឡេស្ទីន បន្ទាប់​ពី​ការ​​​ទទួល​ស្គាល់​​​ដោយ​ប្រទេស​អឺរ៉ុប​ចំនួន​៣​ផ្សេង​ទៀត​​មាន​ដូចជា អេស្ប៉ាញ អៀរឡង់ និង​ន័រវេស កាល​ពី​សប្ដាហ៍​មុន។

លោក Robert Golob នាយករដ្ឋ​មន្ត្រី​ស្លូវេនី (រូបភាព៖ AFP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​អនុម័ត​នេះ ធ្វើ​ឡើង​ក្រោយ​ពី​មាន​ការ​បោះឆ្នោត​ដោយ​​សមាជិក​សភា​ចំនួន ៩០​រូប​ ហើយ​ក្នុង​នោះ​​ក្រឹត្យ​ទទួល​ស្គាល់​រដ្ឋ​ប៉ាឡេស្ទីន ទទួល​បាន​​សម្លេង​គាំទ្រ​ចំនួន ៥២​សម្លេង។ ​គណបក្ស​ប្រឆាំង​នៅ​ស្លូវេនី បាន​ធ្វើ​ពហិការ​មិន​ចូលរួម​បោះឆ្នោត​​​ នៅ​ក្នុង​សម័យ​ប្រជុំ​អស់​រយៈពេល​៦​ម៉ោង​យ៉ាង​ច្របូកច្របល់​នេះ​ទេ។

លោក Robert Golob នាយករដ្ឋ​មន្ត្រី​ស្លូវេនី បាន​​សរសេរ​នៅ​លើ​​គណនី​​ផ្លូវ​ការ​របស់​រដ្ឋាភិបាល​​តាម​រយៈ​បណ្ដាញ​សង្គម X ថា “ការ​ទទួល​ស្គាល់​​ប៉ាឡេស្ទីន​ជា​រដ្ឋ​អធិបតេយ្យ និង​ឯករាជ្យ បាន​ផ្ដល់​ក្ដី​សង្ឃឹម​ចំពោះ​ប្រជាជន​ប៉ាឡេស្ទីន​​ដែល​នៅ​តំបន់ West Bank និង​​នៅ​តំបន់​ហ្គាហ្សា”។

ស្លូវេនី បាន​ក្លាយ​ជា​ប្រទេស​ចុង​ក្រោយ​គេ បន្ទាប់​ពី​ការ​ទទួល​ស្គាល់​រដ្ឋ​ប៉ាឡេស្ទីន​រួច​មក​ហើយ​​​ដោយ​​​​បណ្ដា​ប្រទេស​សមាជិក​ចំំនួន ១៤៥ ​​នៅ​ក្នុង​អង្គការ​​សហ​ប្រជាជាតិ។ ការ​ចែង​នៅ​ក្នុង​​ក្រឹត្យ​ថ្មី បាន​បញ្ជាក់​ថា រដ្ឋាភិបាល​ស្លូវេនី នឹង​ទទួល​ស្គាល់​អធិបតេយ្យ​របស់​ប៉ាឡេស្ទីន ស្រប​តាម​​សេចក្ដី​សម្រេច​​អង្គការ​សហ​ប្រជាជាតិ​ឆ្នាំ​១៩៦៧ ឬ​ក៏​ធ្វើ​តាម​កិច្ច​ព្រមព្រៀង​សន្តិភាព​ណា​មួយ​ ដែល​នឹង​​ធ្វើ​ឡើង​ដោយ​ភាគី​ជម្លោះ​ទាំង​សងខាង​ នា​ថ្ងៃ​​ខាង​មុខ។

សូម​បញ្ជាក់​ថា ការ​វាយ​ប្រហារ​នៅ​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០២៣ ដោយ​ក្រុម​ហាម៉ាស នៅ​ភាគ​ខាង​ត្បូង​ប្រទេស​អ៊ីស្រាអ៊ែល បាន​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ជាង ១ ១៧០​នាក់ ក្នុង​នោះ​ភាគ​ច្រើន​គឺ​ជា​ជន​ស៊ីវិល ហើយ​ក៏​​មាន​ការ​ចាប់​ចំណាប់ខ្មាំង​ចំនួន ២៥២​នាក់​ផង​ដែរ។ នេះ​បើ​យោង​តាម​​របាយការណ៍​ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន AFP។

ជា​​ការ​សង​សឹក ក្រុម​យោធា​អ៊ីស្រាអ៊ែល បាន​វាយ​បក និង​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់ ៣៥ ៩៨៤​នាក់​នៅ​តំបន់​ហ្គាហ្សា ហើយ​ភាគ​ច្រើន​គឺ​ជា​ជន​ស៊ីវិល៕

ដោយ៖ ឈាង​

អាន​បន្ថែម៖ អេស្ប៉ាញ អៀរឡង់ និង​ន័រវេស ប្រកាស​រួម​គ្នា​ទទួល​ស្គាល់​រដ្ឋ​ប៉ាឡេស្ទីន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម