ព័ត៌មានជាតិ
លោក ហេង សួរ ជំរុញគ្រប់ភាគីពាក់ព័ន្ធចូលរួមបង្ការកុំឱ្យមានការកេងប្រវ័ញ្ចលើកុមារ
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ បានជំរុញគ្រប់ភាគីពាក់ព័ន្ធ ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការលុបបំបាត់ ទប់ស្កាត់ និងបង្ការ កុំឱ្យមានការកេងប្រវ័ញ្ចលើកុមារ។
ការជំរុញនេះ ក្នុងឱកាស លោក ហេង សួរ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី ៧៥ ទិវាកុមារអន្តរជាតិ ១ មិថុនា ខួបលើកទី ២៣ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ ២០២៤ ដែលរៀបចំឡើងនៅទីស្ដីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយមានសមាសភាពអញ្ជើញចូលរួមពីក្រសួង-ស្ថាប័នពាក់ព័ន្ធ អង្គការជាតិ អន្តរជាតិ តំណាងអង្គការសហជីព តំណាងអង្គការនិយោជក អាណាព្យាបាល និងកុមារា កុមារី កាលពីព្រឹកថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០២៤។
នាឱកាសនោះដែរ លោក ហេង សួរ បានជំរុញគ្រប់ភាគីពាក់ព័ន្ធដែលមានទាំងវិស័យឯកជន អង្គការវិជ្ជាជីវៈតំណាងកម្មករ និងអង្គការជាតិ និងអន្តរជាតិ ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការលុបបំបាត់ ទប់ស្កាត់ និងបង្ការ កុំឱ្យមានការកេងប្រវ័ញ្ចលើកុមារ ដើម្បីធានាអំពីអនាគត នៃទំពាំងស្នងឫស្សី ស្របតាមការអភិវឌ្ឍឥតឈប់ឈររបស់សង្គមជាតិនាពេលបច្ចុប្បន្ន។
ថ្លែងទៅកាន់អង្គពិធី លោករដ្ឋមន្ត្រី បានរំលឹកពីការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើការអភិវឌ្ឍធនធានមនុស្សកម្ពុជា ជាពិសេសកម្មករ-និយោជិតដែលរដ្ឋាភិបាលបានគិតគូរតាំងពីពេលមានផ្ទៃពោះរហូតដល់កុមារអាយុ ២ ឆ្នាំ តាមរយៈការផ្តល់ប្រាក់ឧបត្ថម្ភដល់ម្តាយ ដើម្បីប្រាកដថា កុមារកម្ពុជាគ្រប់រូប មានជីវជាតិ និងអាហារបំប៉នគ្រប់គ្រាន់។ បន្ថែមលើនេះ រាជរដ្ឋាភិបាល នឹងបង្កើតឱ្យមានមតេ្តយ្យសហគមន៍នៅតាមតំបន់រោងចក្រ ដើម្បីផ្តល់ការសិក្សា និងថែទាំតាមកម្រិតស្តង់ដារដល់ទារក និងកុមារដែលជាធនធានមនុស្សដ៏សំខាន់របស់ក្រុមគ្រួសារកម្មករ-និយោជិតជំនាន់ក្រោយ។ នេះបើតាមលោករដ្ឋមន្ត្រីដដែល។
ក្នុងបរិបទកម្ពុជាកំពុងឆ្លងកាត់សម័យបច្ចេកវិទ្យាឌីជីថល លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ដែរថា កុមារកម្ពុជា មិនគួរក្លាយជាកម្មវត្ថុ នៃការបោកប្រាស់ ឬការលាបពណ៌ដោយបច្ចេកវិទ្យាទំនើបដែលនឹងបំផ្លាញដល់កុមារជាក្រដាសសនៅឡើយ។
យ៉ាងណាក៏ដោយ ក្នុងនាមជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលមានគោលជំហរតាំងចិត្ត និងការប្ដេជ្ញាចិត្តច្បាស់លាស់ក្នុងការធានាអំពីកិច្ចគាំពារ ការអនុវត្តសិទ្ធិ ការលុបបំបាត់ និងការបង្ការការកេងប្រវ័ញ្ចគ្រប់រូបភាព ដើម្បីធានាថា កុមារកម្ពុជាសុវត្ថិភាពតាមរយៈរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូល អនុសញ្ញាអន្តរជាតិ និងលិខិតបទដ្ឋានគតិយុត្តិផ្សេងៗ ទៀត រួមទាំងការដាក់ចេញនូវស្ថាប័នទទួលខុសត្រូវច្បាស់លាស់៕
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ចរាចរណ៍៤ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
សន្តិសុខសង្គម១១ ម៉ោង ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
នយោបាយ១ សប្តាហ៍ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ