ព័ត៌មានជាតិ
កម្ពុជា ប្រារព្ធ ទិវាពិភពលោកគ្មានថ្នាំជក់ ប្រធានបទ “ការពារកុមារពីផលិតផលថ្នាំជក់”
នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ ក្រសួងសុខាភិបាលកម្ពុជា បានប្រារព្ធ ទិវាពិភពលោកគ្មានថ្នាំជក់ ឆ្នាំ២០២៤ ក្រោមប្រធានបទ “ការពារកុមារពីផលិតផលថ្នាំជក់” ក្រោមអធិបតីភាព សាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ និងមានការចូលរួមពី លោកស្រីវេជ្ជបណ្ឌិត ម៉ារីយ៉ាណា ត្រាយអេស (Dr. Jaana Marianna Trias) តំណាង អង្គការសុខភាពពិភពលោកប្រចាំកម្ពុជា និង ថ្នាក់ដឹកនាំក្រសួងសុខាភិបាល អនុប្រធាន និងសមាជិកគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ តំណាងមជ្ឈមណ្ឌលជាតិ នាយកដ្ឋាន មន្ទីរពេទ្យ និស្សិត អង្គការអន្តរជាតិ ព្រមទាំងអង្គការមិនមែនរដ្ឋាភិបាលនានា។
រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចាត់ទុកការបង្ការជំងឺមិនឆ្លងជាអាទិភាពចម្បង ក្នុងនោះក្រសួងបានយកចិត្តទុកដាក់ទប់ស្កាត់ហានិភ័យសុខភាពនានា រួមទាំងការកាត់បន្ថយការប្រើប្រាស់ថ្នាំជក់ក្នុងចំណោមប្រជាជន ដូចជា ការអប់រំ ផ្សព្វផ្សាយ ផ្លាស់ប្តូរឥរិយាបថ ការដាក់ចេញនូវច្បាប់ ស្តីពី ការត្រួតពិនិត្យ ផលិតផលថ្នាំជក់ និងលិខិតបទដ្ឋានគតិយុត្តិនានា ដើម្បីត្រួតពិនិត្យ ផលិផលថ្នាំជក់ និងការសហការជាមួយក្រសួងពាក់ព័ន្ធ ដែលជាសមាជិកគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ ជាពិសេស ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងកិច្ចការនារី និងក្រសួងទេសចរណ៍ អាជ្ញាធរថ្នាក់ក្រោមជាតិ និងជំរុញការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា ឱ្យមានប្រសិទ្ធភាព និងអប់រំ ផ្សព្វផ្សាយអំពីផលប៉ះពាល់ នៃផលិតផលថ្នាំជក់។
យ៉ាងណាមិញ រយៈពេលកន្លងមកនេះ គេសង្កេតឃើញមានការប្រើប្រាស់បារីអេឡិចត្រូនិចក្នុងចំណោមយុវជន និងមានការផ្សព្វផ្សាយ និងលក់បារីអេឡិចត្រូនិចតាមរូបភាពផ្សេងៗ ដូចជា ប្រព័ន្ធអនឡាញ តាមរបងសាលារៀន ឬទីកន្លែងណាត់ជួបមួយចំនួនទៀត ដោយប្រើប្រាស់ខ្លឹមសារបំភាន់ថា បារីអេឡិចត្រូនិកជាឧបករណ៍សម្រាប់ផ្តាច់បារី និងជាផលិតផលដែលមានសុវត្ថិភាពជាងបារីធម្មតាជាដើម។
ក្នុងឱកាសនោះដែរ សាស្រ្តាចារ្យរដ្ឋមន្រ្តី អំពាវនាវដល់គណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ និងស្ថាប័នពាក់ព័ន្ធទាំងអស់ រួមគ្នាការពារកុមារ និងយុវជនពីផលិតផលថ្នាំជក់ និងបារីអេឡិចត្រូនិកឱ្យមានប្រសិទ្ធភាពដើម្បីការអភិវឌ្ឍមូលធនមនុស្សដ៏រឹងមាំដោយ៖ ១. ទប់ស្កាត់ការផ្សាយពាណិជ្ជកម្ម ការផ្សព្វផ្សាយលក់ផលិតផលថ្នាំជក់ និងបារីអេឡិចត្រូនិច ២. ហាមឃាត់ការជក់ ឬបង្ហុយផ្សែងផលិតផលថ្នាំជក់នៅកន្លែងសាធារណៈ ៣. ទប់ស្កាត់ការលក់ ចែកចាយ ឬប្រើប្រាស់បារីអេឡិចត្រូនិច និងសូមអំពាវនាវដល់យុវជន កុំសាកល្បងប្រើប្រាស់ផលិតផលថ្នាំជក់ ឬបារីអេឡិចត្រូនិក ទោះបីជាក្នុងទម្រង់ណាមួយក៏ដោយ។
លើសពីនេះ ក្រសួងសុខាភិបាលបានខិតខំបង្កើតសេវាផ្តល់ប្រឹក្សា លះបង់ទម្លាប់ជក់បារីនៅតាមមណ្ឌលសុខភាពដោយមានការជួយជំរុញពីមេភូមិ អាជ្ញាធរដែនដី ឱ្យអ្នកជក់ផលិតផលថ្នាំជក់មកប្រើប្រាស់សេវានៅមណ្ឌលសុខភាព ដើម្បីលះបង់ទម្លាប់ប្រើប្រាស់ថ្នាំជក់ដើម្បីបង្ការជំងឺមិនឆ្លងនៅទូទាំងប្រទេស។
គួរបញ្ជាក់ថា ទិវាពិភពលោកគ្មានថ្នាំជក់ ជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលកំណត់ឡើងដោយអង្គការសុខភាពពិភពលោក ដែលបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីក្រើនរំលឹក អំពីផលប៉ះពាល់ដ៏ធ្ងន់ធ្ងររបស់ផលិតផលថ្នាំជក់មកលើសុខភាព សេដ្ឋកិច្ច បរិស្ថាន និងសង្គម ព្រមទាំងអំពាវនាវដល់រដ្ឋភាគីទាំងអស់ និងដៃគូពាក់ព័ន្ធ រួមគ្នាជំរុញការលះបង់ទម្លាប់ប្រើប្រាស់ថ្នាំជក់ និងទប់ស្កាត់មនុស្សជំនាន់បច្ចុប្បន្ន និងជំនាន់ក្រោយពីការប្រើប្រាស់ផលិតផលថ្នាំជក់។ ទិវាពិភពលោកគ្មានថ្នាំជក់ ឆ្នាំ២០២៤ នេះ ក្រោមប្រធានបទ «ការពារកុមារពីផលិតផលថ្នាំជក់» ផ្តោតសំខាន់លើការលាតត្រដាងនូវយុទ្ធសាស្ត្ររបស់ឧស្សាហកម្មថ្នាំជក់ក្នុងការទាក់ទាញកុមារ និងយុវជនឱ្យប្រើប្រាស់ផលិតផលថ្នាំជក់ និងយកចិត្តទុកដាក់បន្ថែមទៀតការពារកុមារ និងយុវជនពីផលិតផលថ្នាំជក់ និងបារីអេឡិចត្រូនិក។
ផលិតផលថ្នាំជក់ ជាកត្តាហានិភ័យ នៃជំងឺមិនឆ្លងដូចជា ជំងឺមហារីក ជំងឺសរសៃឈាម និងបេះដូង និងជំងឺសួត ដែលបានសម្លាប់មនុស្សប្រមាណ ៨លាននាក់ ក្នុងមួយឆ្នាំនៅទូទាំងពិភពលោក និងបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ច បរិស្ថាន និងសង្គមផងដែរ។ ឧស្សាហកម្មថ្នាំជក់បានកែប្រែទម្រង់ថ្មីៗរបស់ផលិតផលថ្នាំជក់ដូចជា បង្កើត បារីអេឡិចត្រូនិក ផលិតផលអេចឈ៍ ធី ភី (HTPs) និងស៊ីស្សា (SISHA) ជាដើម ដែលមានច្រើនរូបរាង និងទំហំ និងមានជាង ១៥ ០០០ រសជាតិ ដើម្បីទាក់ទាញកុមារ និងយុវជនឱ្យប្រើប្រាស់ផលិតផលទាំងអស់នោះ៕
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជើងហោះហើរនៅអាកាសយានដ្ឋានសៀមរាបអង្គរ កើនឡើងពី ២០ ជើង ទៅ ៥០ ជើងក្នុងមួយថ្ងៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មកស្គាល់ពីសាកលវិទ្យាល័យចំនួន៦ សម្រាប់សិស្សដែលទើបបញ្ចប់ការសិក្សាទី១២ អាចរើសជំនាញដែលសមស្រប
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
រដ្ឋកំពុងសិក្សាផ្លូវជិះកង់ពីខេត្តកែប ដល់ខេត្តកោះកុង នៅតាមមាត់សមុទ្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការសិក្សាថ្មី! ភពអ៊ុយរ៉ានូស អាចឲ្យមនុស្សរស់នៅបាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
យន្តហោះBoeing ដឹកអ្នកដំណើរ២៤៩នាក់ ហោះបុកសត្វស្លាប បណ្តាលឲ្យឆេះម៉ាស៊ីន
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ចោទប្រកាន់មនុស្ស៣នាក់ ជាប់ពាក់ព័ន្ធការស្លាប់ Liam Payne អតីតក្រុម One Direction
-
ព័ត៌មានជាតិ១ ថ្ងៃ ago
រាជធានីខេត្តចំនួន ៣ ទទួលបានភ្ញៀវទេសចរច្រើនជាងគេ នៅថ្ងៃទី ១ នៃពិធីបុណ្យអុំទូក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់បញ្ជូនឃាតករទៅសម្លាប់លោកត្រាំជាការសងសឹកជូនឧត្តមសេនីយ៍ Qassem Soleimani