សេដ្ឋកិច្ច
កូរ៉េខាងត្បូងងាកទៅទ្វីបអាហ្រ្វិកលើការផ្គត់ផ្គង់រ៉ែសំខាន់ៗ ខណៈព្យាយាមបន្ថយការពឹងផ្អែកលើចិន
កូរ៉េខាងត្បូងកំពុងទាក់ទាញបណ្តាប្រជាជាតិនៅទ្វីបអាហ្រ្វិក ដើម្បីធ្វើកិច្ចសហប្រតិបត្តិការផ្គត់ផ្គង់រ៉ែសំខាន់ៗដែលប្រើក្នុងឧស្សាហកម្មបច្ចេកវិទ្យាជឿនលឿន ក៏ដូចជារថយន្តអគ្គិសនី និងស្មាតហ្វូន ខណៈប្រទេសនេះព្យាយាមដកខ្លួនពីការពឹងផ្អែកខ្លាំងលើរ៉ែនាំចូលពីចិន ដូចជាលីចូម ក្រាភីត និងរ៉ែកម្រផ្សេងៗ។ នេះបើតាមការចុះផ្សាយរបស់កាសែត Nikkei Asia។
ការងាកទៅរកប្រភពផ្គត់ផ្គង់ថ្មីនេះ ធ្វើឡើងនៅពេលកូរ៉េខាងត្បូងរៀបចំកិច្ចប្រជុំកំពូលលើកទី១ជាមួយប្លុកអាហ្រ្វិក ដែលចូលរួមដោយតំណាងមកពីប្រទេសអាហ្វ្រិកចំនួន ៤៨ រួមទាំងប្រមុខរដ្ឋពីប្រទេសចំនួន ២៥។ ក្នុងកិច្ចប្រជុំដែលមានរយៈពេល២ថ្ងៃ និងចាប់ផ្ដើមកាលពីថ្ងៃអង្គារនេះ ភាគីទាំង២បានព្រមព្រៀងគ្នា ចាប់ផ្តើម «កិច្ចសន្ទនាកូរ៉េ-អាហ្រ្វិកស្ដីពីរ៉ែសំខាន់ៗ» ជាមូលដ្ឋានគ្រឹះដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ។
សេចក្ដីថ្លែងការណ៍រួមចេញផ្សាយកាលពីថ្ងៃអង្គារ បានសរសេរឡើងយ៉ាងដូច្នេះថា៖ «ដោយទទួលស្គាល់ភាពជាអ្នកដឹកនាំរបស់កូរ៉េ(ខាងត្បូង)ក្នុងឧស្សាហកម្មជឿនលឿន និងតម្លៃរបស់ទ្វីបអាហ្រ្វិកថាជាតំបន់ដ៏មិនអាចខ្វះបានរបស់ពិភពលោកដែលមានទុនបំរុងរ៉ែដ៏សំខាន់ៗ យើងសង្កត់ធ្ងន់លើតម្រូវការក្នុងការពង្រីកកិច្ចសហប្រតិបត្តិការដែលមាន អត្ថប្រយោជន៍ទៅវិញទៅមក និងលើការចែករំលែកចំណេះដឹង រួមទាំងនៅកម្រិតខ្នាតតូច ដើម្បីលើកកម្ពស់ការអភិវឌ្ឍន៍នៃឧស្សាហកម្មទាក់ទងនឹងរ៉ែសំខាន់ៗ»។
គួរគូសបញ្ជាក់ថា ពាណិជ្ជកម្មជាមួយប្រទេសនៅអាហ្រ្វិកបច្ចុប្បន្ន រួមចំណែកតិចជាង ២ ភាគរយនៃការនាំចេញ-ចូលសរុបរបស់កូរ៉េខាងត្បូង។ យ៉ាងណាមិញ ក្រោយពីកិច្ចប្រជុំកាលពីថ្ងៃអង្គារ កូរ៉េខាងត្បូង និងប្រជាជាតិអាហ្រ្វិក បានប្រកាសថា ពួកគេនឹងចាប់ផ្តើមកិច្ចពិភាក្សាជាន់ខ្ពស់ ក្នុងបំណងធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការលើវិស័យរ៉ែ។
គេមើលឃើញថា ទ្វីបអាហ្រ្វិកគឺជាប្រភពរ៉ែសំខាន់រួមមាននីកែល គូប័ល ក្រាភីត និងលីចូម ដែលរ៉ែទាំងអស់នេះសុទ្ធសឹងតែមានសារៈសំខាន់ខ្លាំងក្នុងឧស្សាហកម្មបច្ចេកវិទ្យាដូចជា គ្រឿងអេឡិចត្រូនិក អាគុយ និងរថយន្តអគ្គិសនី ពោលគឺទំនិញនាំចេញធំៗសម្រាប់កូរ៉េខាងត្បូង។
មន្ត្រីកូរ៉េខាងត្បូងបាននិយាយថា ការពង្រីកទំនាក់ទំនងក្នុងវិស័យរ៉ែ និងធនធានធម្មជាតិផ្សេងៗទៀត នឹងជួយកែលម្អភាពធន់នៃខ្សែសង្វាក់ផ្គត់ផ្គង់របស់ប្រទេសក្នុងឧស្សាហកម្មបច្ចេកវិទ្យាសំខាន់ៗ ស្របពេលដែលកូរ៉េខាងត្បូងធ្វើពិពិធកម្មប្រភពនាំចូលរ៉ែ ហើយភាពតានតឹងភូមិសាស្រ្តនយោបាយចិន-អាមេរិក កាន់តែកើនឡើង។
កាលពីឆ្នាំមុន ក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលកូរ៉េខាងត្បូង បានចាត់ថ្នាក់រ៉ែចំនួន ១០ រួមមាន លីចូម នីកែល គូប័ល ម៉ង់ហ្គាណែស និងក្រាភីត ថាមាន «សារៈសំខាន់ខ្លាំង» ដោយមានបំណងកាត់បន្ថយការពឹងផ្អែកលើការនាំចូលពីប្រទេសណាមួយ ឱ្យបានតិចជាង ៥០ ភាគរយ ត្រឹមឆ្នាំ ២០៣០។ យោងតាមទិន្នន័យពីរដ្ឋាភិបាល ប្រទេសនេះនាំចូលលីចូម ៦៤ ភាគរយ និងក្រាភីត ៩៤ ភាគរយ ពីប្រទេសចិនក្នុងឆ្នាំ ២០២២។
គួរគូសបញ្ជាក់ផងដែរថា ក្រៅពីកិច្ចប្រជុំកំពូល ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊កយល ក៏បានជួបប្រជុំជាលក្ខណៈបុគ្គលជាមួយប្រមុខរដ្ឋនៃបណ្តាប្រទេសអាហ្វ្រិក រួមមាន កេនយ៉ា ម៉ាដាហ្គាស្ការ លីបេរីយ៉ា និងហ្គាណាផងដែរ។ ពួកគេបានយល់ព្រមគ្នា ធ្វើកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ចាប់ពីហេដ្ឋារចនាសម្ព័ន្ធ និងកសិកម្ម រហូតដល់រ៉ែ និងការពារជាតិ។ លោក យូន បានប្រកាសថា កូរ៉េខាងត្បូងនឹងបង្កើនជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ខ្លួនទៅកាន់ទ្វីបអាហ្វ្រិកដល់ ១០ ប៊ីលានដុល្លារនៅឆ្នាំ ២០៣០ ព្រមទាំងផ្តល់ហិរញ្ញប្បទាន ១៤ ប៊ីលានដុល្លារដល់ក្រុមហ៊ុននាំចេញរបស់កូរ៉េខាងត្បូង ដែលធ្វើអាជីវកម្មនៅក្នុងទ្វីបនេះ៕
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ