Connect with us

សេដ្ឋកិច្ច

កម្ពុជារកចំណូលបានជិត១ពាន់លានដុល្លារពីការនាំចេញអង្ករ-ស្រូវក្នុងរយៈពេល៥ខែកន្លងមកនេះ

បានផុស

នៅ


ទីផ្សារអឺរ៉ុប អាមេរិក ប្រទេសចិន និងក្នុងតំបន់នៅតែជាទីផ្សារនាំចូលអង្ករដ៏សំខាន់សម្រាប់ការនាំចេញអង្ករ-ស្រូវរបស់កម្ពុជាដែលធ្វើឱ្យខ្លួនរកចំណូលបានជិត១ពាន់លានដុល្លារពីការនាំចេញនេះក្នុងរយៈពេល៥ខែដើមឆ្នាំនេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


យោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) ចេញផ្សាយនៅថ្ងៃទី៦ខែមិថុនានេះក្នុងរយៈពេល ៥ខែ នៃឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករបានចំនួន ៣០២ ៥៩២ តោន គិតជាទឹកប្រាក់​បានចំនួន ២១៩.៩១លានដុល្លារតាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៤៩ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦៣ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ២៦ បានបរិមាណអង្ករចំនួន ១៣៦ ៥២៨ តោន គិតជាទឹកប្រាក់ចំនួន ១០៤.៤០ លានដុល្លារសហរដ្ឋអាមេរិក។

ជាមួយគ្នានេះដែរ បើតាម CRF ការនាំអង្ករទៅកាន់ប្រទេសចិនរួមទាំងហុងកុង និងម៉ាកាវ ចំនួន ៧៣ ៣២០ តោន គិតជាទឹកប្រាក់ចំនួន ៤៦.២០ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសក្នុងអាស៊ាន រួមទាំងទីម័រខាងកើត ចំនួន ៧ប្រទេសបានបរិមាណ ចំនួន ៦៥ ៤១២ តោន គិតជាទឹកប្រាក់ចំនួន ៤៦.៣៤ លានដុល្លារសហរដ្ឋអាមេរិក និងទៅកាន់គោលដៅ២៧ ផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន ។ល។ បានចំនួន ២៧ ៣៣០ តោន គិតជាទឹកប្រាក់ចំនួន ២២.៩៦ លានដុល្លារសហរដ្ឋអាមេរិក។


ជាមួយគ្នានេះដែរ ប្រទេសកម្ពុជាក៏បាននាំចេញស្រូវចំនួន ២,៤៧៣,២១២តោនស្រូវសើម ដែលគិតជាទឹកប្រាក់បានប៉ាន់ប្រមាណជាង ៧១០.២៣ លានដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះ ៧២% បាននាំចេញដោយឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញ ពីអាជ្ញាធរមានសមត្ថកិច្ច។


លោក សុង សារ៉ន អគ្គនាយកក្រុមហ៊ុន Amru Rice Cambodia ដែលជាម្ចាស់រោងមាស៊ីនកិនស្រូវ និងក្រុមហ៊ុនាំចេញអង្ករដ៏ធំជាងគេមួយនៅកម្ពុជាបានថ្លែងប្រាប់កម្ពុជាថ្មីថា ស្ថានភាពនៃការនាំចេញនៅតែមានភាពល្អប្រសើរ បើទោះពីជាសេដ្ឋកិច្ចសកលនិងក្នុងតំបន់ហាក់ធ្លាក់ចុះក្តី។ លោកថា បណ្តាប្រទេសទាំងក្នុងតំបន់ និងសកលលោកមួយចំនួនបានជួបប្រទះនូវការឡើងកំដៅខ្លាំង និងកង្វះទឹកធ្វើឱ្យប៉ះពាល់ដល់ការដាំដុះស្រូវ ជាហេតុធ្វើឱ្យប្រទេសទាំងនោះនាំចូលអង្ករច្រើនដើម្បីរក្សាបាននូវសន្តិសុខស្បៀងរបស់ខ្លួន។

លោកបានគូសបញ្ជាក់ថា៖«តាមការសង្កេតរបស់ខ្ញុំ យើងនៅតែធ្វើការនាំចេញអង្ករទៅកាន់ទីផ្សារដែលមានស្រាប់ ហើយទីផ្សារចិនក៏មានតម្រូវការខ្ពស់ផងដែរ។ ក្រុមហ៊ុនខ្ញុំក៏បានកំពុងបន្តជំរុញការនាំចេញអង្ករក្រអូបប្រណិតទៅកាន់ទីផ្សារអឺរ៉ុបជារៀផងរាល់សប្តាហ៍ផងដែរ»។
បើតាមលោកសារ៉ន បញ្ហាប្រែប្រួលអាកាសធាតុគឺនៅតែជាបញ្ហាប្រឈមខ្លាំងសម្រាប់វិស័យកសិកម្មក៏ដូចជាដំណាំស្រូវ។ ការណ៍នេះទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់លើវិស័យធនធានទឹក ដើម្បីរក្សាបាននូវនិរន្តភាពនៃការដាំដុះ។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ចម និមល បាននិយាយកាលពីពេលថ្មីៗនេះថា កម្ពុជាបាននិងកំពុងស្វែងរកទីផ្សារថ្មីសម្រាប់ការនាំចេញអង្កររបស់ខ្លួន ជាពិសេសផ្តោតលើប្រទេសដែលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកម្ពុជា រួមទាំងបណ្តាប្រទេសជាសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលមានសរុប១៥ រួមទាំងប្រទេសសមាជិកអាស៊ានទាំង ១០ និងដៃគូពាណិជ្ជកម្មចំនួនប្រាំផ្សេងទៀតដូចជាចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់។

បើតាមរបាយការណ៍របស់ CRF ចំពោះប្រភេទអង្ករ បាននាំចេញអង្ករក្រអូបចំនួន ៧១.១៣% ប្រភេទអង្ករស ធម្មតា ២៤.៧៥% អង្ករចំហ៊ុយ ២.៤៣% អង្ករសរីរាង្គចំនួន ១.៤៣% និងអង្ករផ្សេងៗចំនួន ០.២៦%៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

វប្បធម៌ ជំនឿ៦ នាទី មុន

ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ មាននៅគ្រប់ប្រទេសកាន់ព្រះពុទ្ធសាសនា ឬយ៉ាងណា?

ព័ត៌មានជាតិ១៣ នាទី មុន

AMRO៖ ​ផលិតកម្មបន្ទះសូឡានៅប្រទេសអាស៊ាន​៤ រួមទាំងកម្ពុជាកំពុងប្រឈមនឹងការបិទទ្វារ

ព័ត៌មានអន្ដរជាតិ១៨ នាទី មុន

ចិនពិចារណាចាក់​បញ្ជូលមូលធន​ជាង​ ១៤០ ប៊ីលាន​ដុល្លារ​ ទៅ​កាន់ធនាគារ​ធំ​ៗ​ ដើម្បី​ជំរុញ​សេដ្ឋកិច្ច​

ព័ត៌មានជាតិ១៨ នាទី មុន

អាជ្ញាធរជាតិអប្សរា កំពុងជួសជុលកំពែងក្រុងអង្គរធំ ដែលខូចខាតឱ្យរឹងមាំឡើងវិញ

ជីវិតកម្សាន្ដ១៩ នាទី មុន

លោកគ្រូកេនយ៉ា នឹងដឹកនាំក្រុមគុនបុរាណខ្មែរ បង្ហាញវត្តមានថ្ងៃព្រឹត្តិការណ៍វប្បធម៌កម្ពុជាដ៏ធំ នៅអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម