Connect with us

សេដ្ឋកិច្ច

​កម្ពុជាទទួល អ្នកដំណើរតាមជើងអាកាសជាង ២ លាននាក់ ​​កើនឡើង ២៥% ​

បានផុស

នៅ

គិតចាប់ពីខែមករា ដល់ខែ មេសា ឆ្នាំ២០២៤ ​កម្ពុជាទទួលអ្នកធ្វើដំណើរតាមផ្លូវ​អាកាស​ជាង ២ លាននាក់ កើនឡើង ២៥% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៣ ដែលមានចំនួនត្រឹមតែជាង ១លាន ៦សែននាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ដ្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ​មានប្រសាសន៍នៅថ្ងៃទី ០៦ ​ខែមិថុនា ម្សិលមិញថា ​នៅក្នុងឆ្នាំ២០២៤នេះ កម្ពុជា​មានក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក ​និងបរទេស​ចំនួន៣១ ដែលកំពុងតភ្ជាប់ជើងហោះហើរឡើងវិញពីប្រទេសអាស៊ានទាំង៨ ចិន កូរ៉េខាងត្បូង ហុងកុង កោះតៃវ៉ាន់ រដ្ឋកាតា និងអារ៉ាប់រួមអេមីរ៉េត ហើយចាប់តាំងពីដើមខែឧសភា ឆ្នាំ២០២៤មក ក្រុមហ៊ុន Emirates Airlines បានហោះហើរមក​កម្ពុជា​ឡើងវិញពីទីក្រុង Dubai ដោយឆ្លងកាត់ប្រទេសសិង្ហបុរីជាលក្ខណៈសិទ្ធិហោះហើរទី៥។

​ប្រធាន​សមាគមមគ្គទេសក៍​​ទេសចរ​អង្គរ លោក ខៀវ ធី ប្រាប់កម្ពុជាថ្មី​នៅថ្ងៃទី ​០៧ ខែមិថុនា ២០២៤ នេះថា ​កំណើនអ្នកធ្វើដំណើរតាមផ្លូវអាកាស​ ជាសញ្ញាវិជ្ជមានសម្រាប់វិស័យទេសចរ​នៅកម្ពុជា ​ដែលលោកអះអាងថា ​កំណើនទេស​ចរណ៍​ជួយទៅដល់ប្រជាជនក្នុងស្រុក ឱ្យមានការងារធ្វើ ​រាប់ចាប់តាំងពីអ្នកបើកបរ ​មគ្គុទេសទេសចរ អ្នកលក់ដូរ ​សណ្ឋា​គារផ្ទះសំណាក់ ​ហើយក៏បានផល​ទៅដល់អ្នកដាំដុះ ចិញ្ចឹមសត្វផងដែរ ខណៈរដ្ឋាភិបាលក៏បានពន្ធពីគ្រប់វិស័យទាំងអស់នោះដែរ។​

​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិលបានឱ្យដឹងថា នៅក្នុងឆ្នាំ ​២០២៣ កម្ពុជា​ទទួលអ្នកដំណើរតាមផ្លូវអាកាសទាំងក្នុងស្រុក និងអន្តរជាតិចំនួន​ជាង ៥ លាន ១ សែននាក់ កើនឡើង ១១៥% ធៀប​នឹង​រយៈ​ពេល ១២ខែ ឆ្នាំ២០២២ ដែលជា​ដំណាក់​កាលងើបឡើងវិញក្រោយ​វិបត្តិ​ជំងឺកូវីដ-១៩​។

​ភ្ញៀវទេសចរបរទេសជាង ៤៧ ម៉ឺននាក់ ​បានទិញសំបុត្រចូលទស្សនា​រមណីយដ្ឋាន​អង្គរ​នារយៈ​ពេល ៥ ខែ ឆ្នាំ ២០២៤ ​ដែលជួយឱ្យគ្រឹះស្ថានអង្គររក​ចំណូលបាន​ជាង ​២២ លានដុល្លារ កើនឡើង ៣៧ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។ នេះបើតាមគ្រឹះស្ថានអង្គរ។

ចំណែកឯក្រសួងទេសចរណ៍ក៏បានបង្ហាញដែរថា នៅក្នុងត្រីមាសទី០១ ឆ្នាំ ២០២៤ កម្ពុជាទទួលបានទេសចរជាង ១,៥៨ លាននាក់ កើនឡើង ២២ ភាគរយ បើធៀបរយៈពេលដូចគ្នា កាលពីឆ្នាំមុន។

នៅក្នុងឆ្នាំ ២០២៣ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​បរទេសចំនួន ៥,៤៥​ លាននាក់ ចំណែក​ថវិកា​ដែល​រកបាន​ពី​វិស័យ​ទេសចរណ៍​បរទេស​​ប្រមាណ ៣,០៤​ ពាន់​លាន​ដុល្លារ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម