ព័ត៌មានជាតិ
គ្រួសារប្តីប្រពន្ធវ័យចំណាស់ បន្តមុខរបរធ្វើសំបកណែម ៥ ជំនាន់ រកចំណូលចិញ្ចឹមជីវិត
ស្រុកឯកភ្នំគឺជាស្រុកមួយក្នុងចំណោមបណ្តាស្រុកនានានៃខេត្តបាត់ដំបង ដែលមានប្រជាពលរដ្ឋប្រកាន់យកមុខរបរបន្តវេនក្នុងនោះមានដូចជា ណែម ក្រឡាន ប្រហិត ជាដើម។
តែពេលនេះ កម្ពុជាថ្មីបានលើកអំពីការតស៊ូរបស់គ្រួសារវ័យចំណាស់មួយគូ ដែលបានបន្តរក្សាមុខរបរធ្វើសំបកណែមពីដូនតា ៥ ជំនាន់។
ខណៈដែលប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅស្រុកឯកភ្នំ ខេត្តបាត់ដំបង ចាប់យករបរធ្វើសំបកណែមដើម្បីរកប្រាក់ចំណូលដោះស្រាយជីវភាពគ្រួសារប្រចាំថ្ងៃ ក្នុងនោះក៏មានគ្រួសារប្តីប្រពន្ធពីរនាក់ ក្នុងវ័យចំណាស់ៗដែលជាច្រើនជំនាន់បានចាប់របរធ្វើសំបកណែមគឺគ្រួសារអ្នកស្រី ស៊ុត ចេក រស់នៅភូមិដូនទាវ ឃុំពាមឯក ស្រុកឯកភ្នំ។
អ្នកស្រី ស៊ុត ចេក ប្រាប់ថា បានប្រកបរបរធ្វើសំបកណែមបន្តវេនពីជីដូនជីតា ៥ ជំនាន់មកហើយ គិតជារយះពេលមកដល់បច្ចុប្បន្នជិត ១០០ ឆ្នាំ ដោយពុំបានចាប់របរការងារណាផ្សេងនោះឡើយ។
ស្ត្រីវ័យចំណាស់រូបនេះថា មុខរបរនេះយ៉ាងហោចណាស់ត្រូវការមនុស្សពី ២ ទៅ ៣ នាក់ ហើយត្រូវចំណាយពេលវេលាចាប់ពី ៦ ទៅ ៨ ម៉ោង ក្នុងមួយថ្ងៃ ដើម្បីធ្វើសំបកណែមលក់បាន។ ចាប់ពីម៉ោង ៤ ទាបភ្លឺ អ្នកស្រីនិងប្តី ត្រូវក្រោកពីដំណេកយក អង្ករត្រាំទឹករយះពេល ៤ ម៉ោង ទើបយកអង្ករលាង ហើយយកមកកិនឲ្យក្លាយជាម្សៅ រួចយកទៅដាក់ជាមួយឧបករណ៍ចំហុយ ជាបន្ទះណែមដាក់លើបន្ទះឫស្សីយកទៅហាលថ្ងៃឲ្យស្ងួត ទើបលក់បាន។
អ្នកស្រីបន្តថា កាលពីមុនអ្នកស្រីធ្វើត្រូវចំណាយពេលយូរ ហើយសំបកណែមបានចំនួនតិចជាងសព្វថ្ងៃ ដោយសម័យនោះប្រើត្បាល់ថ្មកិននិងដៃ តែពេលនេះប្រើដោយម៉ាស៊ីន វាខុសគ្នាឆ្ងាយណាស់។
សំបកណែមដែលអ្នកស្រីធ្វើផ្សំចេញពីសារជាតិអង្ករសុទ្ធសាធ ដោយគ្មានលាយជាមួយសារធាតុគីមីណាមួយឡើយ គឺជាអាហារបែបប្រពៃណីរបស់ដូនតាខ្មែរមានឈ្មោះល្បីល្បាញលើគុណភាពរសជាតិ សម្រាប់ទីផ្សារក្នុងស្រុករហូតដល់បច្ចុប្បន្ន។
អ្នកស្រីថា «របរនេះ វាពិបាកបន្តិច តែគ្រួសារខ្ញុំតស៊ូបន្តវេនរហូត ៥ ជំនាន់ តាំងពីសម័យកិនម្សៅនិងត្បាល់ថ្មប្រើដោយកម្លាំងដៃ រហូតដល់បច្ចុប្បន្នប្រើដោយម៉ាសុីនកិន ចំណេញពេលនិងកម្លាំងច្រើន ហើយផលិតបន្ទះណែមបានច្រើន អាចរកកម្រៃទ្រទ្រង់ជីវភាពគ្រួសារនិង ផ្គត់ផ្គង់ឲ្យកូនរៀនបានចប់ចុងចប់ដើមបានដូចគេឯងដែរ»។
បច្ចុប្បន្នអ្នកស្រី ស៊ុត ចេក អាចធ្វើសំបកណែមបាន ១៥០០ សំបក ក្នុង ១ ថ្ងៃ ហើយតម្លៃលក់ក្នុង ១ ដុំ ស្មើ ១០០សំបកណែម បាន ០៨ ពាន់រៀល។
អ្នកស្រីថា មុខរបរនេះបើទោះជាប្រាក់កម្រៃតិចតួចក្តី ក៏អ្នកស្រីក៏ដូចជាអ្នកភូមិផ្សេងទៀត អាចរកបានប្រាក់ចំណូលមួយផ្នែកទៀតពីភ្ញៀវទេសចរ ដែលមកទស្សនា ជាពិសេសគឺអ្នកទេសចរអន្តរជាតិតែម្ដងដែលនិយមទៅទស្សនាដល់ផ្ទះអ្នកស្រី ហើយបានទិញវត្ថុអនុស្សាវរីយ៍ស្ទើររៀងរាល់ថ្ងៃ។
«យ៉ាងហោចណាស់ភ្ញៀវទេសចរ មកទស្សនាផ្ទះខ្ញុំចន្លោះពី ៥ ទៅ ២០ នាក់ ក្នុងមួយថ្ងៃ ក្នុងនោះភ្ញៀវខ្លះបានទិញសំបកណែម និងក្រុមខ្លះទៀតគ្រាន់តែទស្សនាហើយ ក៏បានជូនប្រាក់ដល់គ្រួសាររបស់ខ្ញុំ គ្រាន់បានដោះស្រាយជីវភាពគ្រួសារ។ ចំនួនតាមទឹកចិត្តភ្ញៀវ ខ្លះឲ្យ ២ ដុល្លារ ខ្លះក៏ឲ្យ ៣ ដុល្លារ ហើយខ្លះក៏សុំថតធម្មតា តែភ្ញៀវម៉ូតូកង់បី ពេលមកទស្សនាភាគច្រើនគេជូនប្រាក់ខ្ញុំមិនដែលខានទេ»។ អ្នកស្រីបន្ថែម។
បើភ្ញៀវទេសចរធ្វើដំណើរតាមផ្លូវមាត់អូរចាប់ពីផ្លូវបំបែកផ្សារដូនទាវ ឆ្ពោះទៅកាន់ប្រាសាទឯកភ្នំ ខេត្តបាត់ដំបង ភ្ញៀវទេសចរ អាចទស្សនាសំបកណែមដែលដាក់និងផ្ទាំងឫស្សីហាលថ្ងៃជាហូរហែតាមដងផ្លូវ។
តាមរយៈមុខរបរនេះ បានធ្វើឲ្យអ្នកភូមិជាច្រើនគ្រួសារ មិនបាច់ធ្វើចំណាកស្រុកទៅស្វែងរកការងារធ្វើនៅក្រៅស្រុកចាកឆ្ងាយពីគ្រួសារ។ របរនេះក៏កំពុងពេញនិយមក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទៅទស្សនា និងទិញសំបកណែមជារៀងរាល់ថ្ងៃ លើសពីនេះពលរដ្ឋ ក៏អាចរកប្រាក់ចំណូលពីភ្ញៀវទៅទស្សនាបានបបន្ថែមបន្តិចបន្តួចផងដែរ ។
ពលរដ្ឋម្នាក់ទៀត គឺអ្នកស្រី “សាម៉ន” រស់នៅនៅភូមិដូនទាវ ក៏បានចាប់មុខរបរធ្វើសំបកណែមជាង ១០ ឆ្នាំ ដើម្បីជាប្រភពចំណូលក្នុងគ្រួសារ ដោយមិនបាច់ធ្វើចំណាកស្រុកទៅស្វែងរកការងារធ្វើនៅក្រៅប្រទេស។
នកស្រី “សាម៉ន” បានរៀបរាប់ពីរបៀបធ្វើសំបកណែមថា “អង្ករខ្ញុំដាក់ត្រាំទុកពីយប់ ដល់ព្រឹកឡើងយកទៅកិននឹងម៉ូទ័រកិនម្សៅ ហើយយកទៅដាក់ចម្រោះទឹកក្នុងស្បៃប្រមាណមួយម៉ោង រួចយកម្សៅទៅចាក់នឹងឧបករណ៍ចំហុយសំបកណែម ហើយគ្របវាទុកប្រមាណ ១៥ វិនាទីក្នុងមួយបន្ទះ រួចយកទៅដាក់និងផ្ទាំងឫស្សី ប្រវែងទទឹងជាងកន្លះម៉ែត្រ និងបណ្ដោយប្រមាណ ១ ម៉ែត្រកន្លះ ដើម្បីហាល ថ្ងៃឲ្យស្ងួតសំបកណែមទើបលក់លើទីផ្សារបាន។
បើតាមស្រ្តីរូបនេះភាគច្រើនគេយកសំបកណែម មូរធ្វើគ្រឿងក្លែមនៅក្នុងពិធីមង្គលការ និងនៅតាមភោជនីយដ្ឋានផ្សេងៗជាដើម ខ្លះទៀតគេនិយមយកសំបកណែមមូរដាក់សាច់ជ្រូកលាយជាមួយបន្លែ និងស្លឹកជីរមួយចំនួនទៀត សម្រាប់តម្រូវការមនុស្សគ្រប់វ័យ បរិភោគ ហើយសំបកណែម អាចរក្សាទុកយ៉ាងយូត្រឹមរយះពេល២ខែ ខូចគុណភាព។
អ្នកស្រីអះអាងថា របរនេះត្រូវការកម្តៅថ្ងៃ បើខែភ្លៀងជួបផលលំបាកខ្លាំង។
យ៉ាងណាមិញ អាជ្ញាធរឃុំពាមឯក បានឲ្យដឹងថា ប្រជាពលរដ្ឋប្រកបរបរផលិតសំបកណែមនៅក្នុងឃុំនេះមានជិត ៧០ គ្រួសារ នៅក្នុងភូមិចំនួន០៣ នៃស្រុកឯកភ្នំ ក្នុងនោះមាន ភូមិសួអី ភូមិពាមឯក និងភូមិដូនទាវ ហើយនៅក្នុងភូមិទាំង០៣ខាងលើ នេះ គឺភូមិដូនទាវ មានអ្នកធ្វើច្រើនជាងគេប្រមាណ ៣០គ្រួសារ។
ប្រភពដដែលបន្តថា របរនេះប្រជាពលរដ្ឋធ្វើជាលក្ខណៈគ្រួសារ ហើយរដូវដែលអ្នកភូមិលក់សំបកណែមបានច្រើនចាប់ពីខែធ្នូ ដល់ ខែមេសា។
នៅឃុំពាមឯក មានរមណីយដ្ឋានទេសចរណ៍ធម្មជាតិប្រាសាទឯកភ្នំមួយកន្លែង ហើយកន្លែងផលិតសំបកណែម ក៏ជាកន្លែងទេសចរណ៍មួយផ្នែកដែរ ក្រោយពីភ្ញៀវទស្សនាប្រាសាទ។
បើតាមមន្ត្រីទេសចរណ៍ខេត្ត ក្រៅពីភ្ញៀវទេសចរបានចូលទស្សនា រមនីយដ្ឋានទេសចរណ៍ធម្មជាតិប្រាសាទឯកភ្នំ គោលដៅផលិតសំបកណែម ក៏ជាទីកន្លែងមួយទាក់ទាញភ្ញៀវទេសចរចូលទៅទស្សនាផងដែរ។
មន្ត្រីដដែលថា ភ្ញៀវទេសចរអន្តរជាតិដែលចូលទៅទស្សនាកន្លែងផលិតសំបកណែម គឺស្វែងយល់ពីជីវិតការរស់នៅរបស់អ្នកស្រុក ធ្វើឲ្យពលរដ្ឋមួយចំនួនអាចរកប្រាក់ចំណូលបាន ដោយមិនបាច់ទៅធ្វើចំណាកស្រុក៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ