ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល វាយរំដោះចំណាប់ខ្មាំងបាន៤នាក់ តែស្លាប់ជនជាតិប៉ាឡេស្ទីនជាង ២០០នាក់
ប្រតិបត្តិការវាយប្រហាររបស់អ៊ីស្រាអែលទៅលើតំបន់ហ្គាហ្សា កាលពីព្រឹកថ្ងៃទី៨ ខែមិថុនា បានរំដោះចំណាប់ខ្មាំងចំនួន ៤នាក់ បន្ទាប់ពីវាយឆ្មក់បានសម្រេចលើអគារចំនួន២កន្លែងរបស់ក្រុមហាម៉ាស ដែលស្ថិតនៅជុំរុំភៀសខ្លួន Nuseirat។ យ៉ាងណាមិញ បើតាមក្រសួងសុខាភិបាលហ្គាហ្សា បានឲ្យដឹងថា ការវាយប្រហាររបស់អ៊ីស្រាអែលលើកនេះ ក៏បានធ្វើឲ្យជនជាតិប៉ាឡេស្ទីនស្លាប់ និងរបួសក្នុងចំនួនច្រើនណាស់ផងដែរ។
យោងតាមទិន្នន័យពីមន្ទីរពេទ្យ Al-Aqsa នៅតំបន់ហ្គាហ្សា ដែលបានចុះផ្សាយដោយសារព័ត៌មាន AP បានឲ្យដឹងថា យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីនបានស្លាប់ចំនួន ២១០នាក់ និងមនុស្សរបួសធ្ងន់ស្រាលជាង ១០០នាក់ឯណោះ។ អ្នករងគ្រោះ ត្រូវបានដឹកចេញពីជុំរុំ Nuseirat និងជុំរុំ Deir al-Balah។ វាជាការវាយប្រហារមួយក្នុងចំណោមការវាយប្រហារដែលមានមនុស្សស្លាប់ និងឃោរឃៅបំផុតសម្រាប់សង្គ្រាមរយៈពេលប្រមាណជា៨ខែមកនេះនៅហ្គាហ្សា។
ពាក់ព័ន្ធនឹងការវាយប្រហារទ្រង់ទ្រាយធំលើកនេះ ក្រុមយោធាអ៊ីស្រាអែល បានលើកឡើងថា វាគឺជាការប្រយុទ្ធដើម្បីកម្ចាត់ការគំរាមកំហែងនៅក្នុងតំបន់ប៉ុណ្ណោះ។ លោក Yoav Gallant រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល បានហៅប្រតិបត្តិការមួយនេះថា ជាប្រតិបត្តិការជួយសង្គ្រោះដ៏មានវីរភាព ហើយក្រុមអ៊ីស្រាអែលនឹងបន្តវាយរហូតដល់ចំណាប់ខ្មាំងត្រូវបានរំដោះទាល់តែអស់។ ទន្ទឹមគ្នានេះដែរ អ៊ីស្រាអែល បានប្រាប់ថា មានកងទ័ពម្នាក់របស់ខ្លួនបានរងរបួសធ្ងន់ធ្ងរនៅក្នុងប្រតិបត្តិការជួយសង្គ្រោះលើកនេះ។
យោធាអ៊ីស្រាអែល បានបញ្ជាក់ទៀតថា ចំណាប់ខ្មាំងដែលត្រូវបានរំដោះ មានបុរស៣នាក់ និងស្ត្រីម្នាក់ ដូចជា នាង Noa Aragmani អាយុ២៥ឆ្នាំ, លោក Almog Meir Jan អាយុ២១ឆ្នាំ, លោក Andrey Kozlov អាយុ២៧ឆ្នាំ និងលោក Shlomi Ziv អាយុ៤០ឆ្នាំ។
សូមបញ្ជាក់ថា ក្រុមហាម៉ាស បានចាប់ចំណាប់ខ្មាំងប្រហែល ២៥០នាក់ និងធ្វើឲ្យមនុស្សស្លាប់ប្រហែល ១ ២០០នាក់ កំឡុងពេលបើកការវាយប្រហារលើអ៊ីស្រាអែលនាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣កន្លងទៅ។ ក្រោយបទឈប់បាញ់រយៈពេល១សប្ដាហ៍នៅក្នុងខែវិច្ឆិកា ប្រហែលពាក់កណ្ដាលនៃចំណាប់ខ្មាំងត្រូវបានដោះលែងឲ្យមានសេរីភាព។ អ៊ីស្រាអែល អះអាងថា នៅមានចំណាប់ខ្មាំងប្រមាណជាង ១៣០នាក់ទៀតកំពុងស្ថិតនៅក្រោមកណ្ដាប់ដៃក្រុមហាម៉ាស ដោយក្នុងនោះចំណាប់ខ្មាំងប្រហែល១ភាគ៤ បានបាត់បង់ជីវិតទៅហើយ៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
គម្រោងផ្លូវល្បឿនលឿន ១៧ ខ្សែ ដាក់ក្នុងផែនការមេអភិវឌ្ឍរបស់រដ្ឋាភិបាលកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពិតទេ ដែលថា កងទ័ពដីឥដ្ឋនៅផ្នូរអធិរាជ ឈិនស៊ី បង្កើតឡើងពីសាកសពមនុស្ស
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ស្ពានខ្ពស់ជាងគេនៅស្រុកខ្មែរ នឹងដាក់ឱ្យប្រើប្រាស់សាកល្បងមុនចូលឆ្នាំខ្មែរខាងមុខនេះ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ទូកទេសចរណ៍មួយគ្រឿងលិចបាត់ទាំងស្រុងក្នុងសមុទ្រកោះរ៉ុង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បុរស ចិន វ័យ៤១ឆ្នាំ ស្លាប់ដោយសារជំងឺខ្សោយតម្រងនោម ក្រោយហូបបន្លែ៤មុខ
-
ចរាចរណ៍៩ ម៉ោង ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
សេដ្ឋកិច្ច២ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល