ព័ត៌មានជាតិ
អ្នកនាំពាក្យអប់រំ ជំរុញបង្កើនសុវត្ថិភាពសិស្សពេលធ្វើដំណើរទៅរៀនតាមទូក
អ្នកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យ ក្រសួងអប់រំ យុវជន និងកីឡា បានជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់បង្កើនការយកចិត្តទុកដាក់បន្ថែមទៀតទៅលើសុខសុវត្ថិភាពរបស់សិស្សានុសិស្សពេលធ្វើដំណើរទៅមកសាលារៀនតាមទូកនៅតាមដងទន្លេនានា ដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ផ្សេងៗដែលអាចឈានដល់បាត់បង់អាយុជីវិតបណ្តាលមកពីការធ្វេសប្រហែស។
ការជំរុញនេះបានធ្វើឡើងបន្ទាប់ពីមានករណីលិចទូកដឹកសិស្សសាលាអនុវិទ្យាល័យឈូក ស្ថិតនៅភូមិឈួកគ្រោះ ឃុំឈូក ស្រុកប្រាសាទសំបូរ កាលពីថ្ងៃទី៨ មិថុនា ឆ្នាំ២០២៤ កន្លងទៅ ពេលសិស្សចេញពីរៀនត្រឡប់ទៅផ្ទះវិញ បានបណ្តាលឱ្យសិស្សស្រី អាយុ ១៣ ឆ្នាំ ស្លាប់ ក្នុងចំណោមសិស្សជិះលើទូកសរុប ១៥ នាក់ មានស្រី ១០ នាក់។
អ្នកស្រី ឃួន វិច្ឆិកា មានប្រសាសន៍ នៅព្រឹកថ្ងៃទី១០ ខែមិថុនា នេះថា កន្លងមក ក្រសួងអប់រំ យុវជន និងកីឡា តែងតែធ្វើការងារជាមួយអាជ្ញាធរដែនដី ក៏ដូចជា មន្ទីរអប់រំ យុវជន និងកីឡារាជធានីខេត្ត ដើម្បីផ្សព្វផ្សាយដល់សាលារៀន សិស្សានុសិស្ស និងមាតាបិតា ឱ្យបង្កើនការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ក្នុងការធ្វើដំណើររបស់កូនៗ និងសិស្ស ហើយកន្លងមក ក្រសួងក៏ធ្លាប់បានផ្តល់អាវពោងសម្រាប់ទូកដចម្លងសិស្សនៅខេត្តកំពង់ធំដែរ។
អ្នកស្រីបានបន្តថា លើសពីនេះទៀត ពាក់ព័ន្ធវិធានការលើករណីនេះ ក្រសួងក៏បានចេញសេចក្តីណែនាំ កាលពីឆ្នាំ២០២២ ជំរុញបន្តពង្រឹង និងបង្កើនប្រសិទ្ធភាពក្នុងការអនុវត្ត ដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ក្នុងពេលធ្វើដំណើរទៅមកសាលារៀនសម្រាប់បុគ្គលិកអប់រំ និងសិស្សានុសិស្ស។
អ្នកស្រីបានបន្តទៀតថា៖ “អ្វីដែលក្រសួងខិតខំបំពេញនោះ គឺការណែនាំដល់សាលារៀន មាតាបិតា សិស្សានុសិស្សក្នុងការឈ្វេងយល់បន្ថែមពីហានិភ័យដែលកើតចេញពីការមិនគោរពការណែនាំ ធ្វេសប្រហែស។ សាលាក៏នឹងធ្វើការជាមួយសហគមន៍ដើម្បីបញ្ជ្រាបចំណេះដឹង និងការចូលរួមនេះផងដែរ”។
យោងតាមសេចក្តីណែនាំ ស្តីពី វិធានការបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ ក្នុងពេលធ្វើដំណើរទៅមកសាលារៀន សម្រាប់បុគ្គលិកអប់រំ និងសិស្សានុសិស្សរបស់ ក្រសួងអប់រំ កាលពី ឆ្នាំ២០២២ ក្រសួងបានណែនាំឱ្យ មន្ទីរអប់រំ សាលារៀនសហការជាមួយអង្គភាពពាក់ព័ន្ធ ចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេសមធ្យោបាយដឹកជញ្ជូន (រួម) ដូចជាយានយន្ត ឬទូក កាណូត ដែលសិស្សានុសិស្ស និងបុគ្គលិកអប់រំប្រើប្រាស់រួមគ្នា និងក្នុងករណីដែលមធ្យោបាយដឹកជញ្ជូនទាំងនោះអាចបង្កជាហានិភ័យណាមួយ។ ណែនាំដល់ម្ចាស់អាជីវកម្ម និងអ្នកបញ្ជាមធ្យោបាយដឹកជញ្ជូនសិស្សានុសិស្ស និងបុគ្គលិក អប់រំ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ គោរពច្បាប់ចរាចរណ៍ និងមានការទទួលខុសត្រូវខ្ពស់ ត្រូវបំពាក់ឧបករណ៍សុវត្ថិភាព ឬអាវពោងសុវត្ថិភាពនៅលើ មធ្យោបាយដឹកជញ្ជូន និងកុំឱ្យដឹកលើសចំណុះ ឬបញ្ជាយានយន្តលើសល្បឿន។ អប់រំណែនាំដល់សិស្សានុសិស្សជាប់ជាប្រចាំអំពី ហានិភ័យដែល នឹងអាចកើតមានឡើងក្នុងអំឡុងពេលធ្វើដំណើរ ជាពិសេសត្រូវណែនាំសិស្សានុសិស្សឱ្យចេះគ្រប់គ្រងអារម្មណ៍ គ្រប់គ្រងស្ថានការណ៍ និងវិធីរំដោះខ្លួនចេញពីគ្រោះថ្នាក់ ក្នុងករណីមានហេតុការណ៍កើតឡើង និងសម្របសម្រួល ផ្តល់ និងទទួលព័ត៌មានរវាងសាលារៀន និងសហគមន៍ និងជំរុញការចូលរួម រាល់សកម្មភាពពាក់ព័ន្ធនឹងការបង្ការទប់ស្កាត់គ្រោះថ្នាក់នានា ជាពិសេសគ្រោះថ្នាក់ដែលពាក់ព័ន្ធ នឹងការធ្វើដំណើរ ឬមធ្យោបាយដឹកជញ្ជូនក៏ដូចជាសម្របសម្រួលជាមួយម្ចាស់អាជីវកម្មមធ្យោបាយដឹកជញ្ជូន ដើម្បីសម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្ស និងបុគ្គលិកអប់រំ ឬកៀរគរ ឬចលនាធនធាន ដើម្បីឧបត្ថម្ភគាំទ្រដល់ការរៀបចំមធ្យោបាយធ្វើដំណើរ និងទិញសម្ភារ សម្រាប់ការធ្វើដំណើរទៅមកសាលារៀន ដូចជា យានយន្ត ទូក កាណូត ពោងហែលទឹក ប៊ីដុងជ័រ អាវពោងសុវត្ថិភាព មួកការពារសុវត្ថិភាព។ល។
រីឯមាតាបិតា អ្នកអាណាព្យាបាល ត្រូវណែនាំកូនចៅជាប់ជាប្រចាំឱ្យមានការប្រុងប្រយ័ត្ន និងជ្រើសរើសការប្រើប្រាស់មធ្យោបាយធ្វើដំណើរ ដែលមានសុវត្ថិភាព នៅតាមផ្លូវពីផ្ទះទៅមកសាលារៀន ពិនិត្យលទ្ធភាពទិញសម្ភារ និងឧបករណ៍ការពារសុវត្ថិភាពផ្សេងទៀតឱ្យកូនចៅនៅពេលធ្វើដំណើរទៅសាលារៀន និងត្រូវសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដូចជាការផ្តល់ព័ត៌មានអំពីម្ចាស់អាជីវកម្ម ឬមធ្យោបាយដឹកជញ្ជូន ដែលប្រឈមនឹងហានិភ័យ ឬដែលមិនគោរពតាមលក្ខខណ្ឌ និងគោលការណ៍ច្បាប់បានកំណត់ ត្រូវដឹកជញ្ជូនកូនចៅទៅសាលារៀនដោយផ្ទាល់ ក្នុងករណីចាំបាច់ ដោយកុំបណ្តោយឱ្យពួកគេធ្វើដំណើរដោយខ្លួនឯង ពិនិត្យលទ្ធភាពចូលរួមវិភាគទានជាមួយសាលារៀន ដើម្បីរៀបចំមធ្យោបាយដឹកជញ្ជូនកូនចៅធ្វើ ដំណើរទៅសាលារៀន៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា