ព័ត៌មានជាតិ
រៀបចំក្រុងពាលី ត្រៀមបើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណន-តេជោ»
ខណៈដែលគម្រោងព្រែកជីកហ្វូណនតេជោ បានប្រកាសនឹងបើកការដ្ឋានសាងសង់នៅថ្ងៃ ៥ សីហា នៅព្រឹកមិញនេះមានរៀបចំពិធីក្រុងសែនពាលីសែនព្រេនសុំម្ចាស់ទឹកម្ចាស់ដី ដើម្បីត្រៀមបើកការដ្ឋានសាងសង់នៅពេលខាងមុខ។
លោក ផន រឹម មន្រ្តីអ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន បានបង្ហោះរូបភាពពិធីក្រុងសែនពាលីសុំម្ចាស់ទឹកម្ចាស់ដីរុះរើកាយគាស់ រៀបចំកន្លែង ដើម្បីត្រៀមសម្ពោធបើកការដ្ឋានផ្លូវនាវាចរគម្រោង «ព្រែកជីកហ្វូណន-តេជោ»។
លោក ផន រឹម បានឲ្យកម្ពុជាថ្មីដឹងថា ពិធីក្រុងពាលីបានរៀបចំធ្វើឡើងនៅព្រែកតាកែវ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ១ នៅស្រុកកៀនស្វាយ ខេត្តកណ្តាល។
ការរៀបចំពិធីក្រុងពាលី ដើម្បីត្រៀមឈានទៅបើកការដ្ឋានសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ ដែលគ្រោងធ្វើនៅថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ។
ថ្លែងនៅក្នុងពិធីសម្ពោធបើកដំណើរការ “កំពង់ផែពហុបំណងកំពត” របស់ក្រុមហ៊ុនកំពតផតនៅក្រុងបូកគោ ខេត្តកំពត កាលពីថ្ងៃទី ៦ ខែមិថុនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានប្រកាសកំណត់យកថ្ងៃទី ៥ ខែសីហា ឆ្នាំ២០២៤ បើកការដ្ឋានសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ។
សម្តេចបានគូសបញ្ជាក់ថា ដំណើរការសាងសង់ព្រែកជីកហ្វូណនតេជោ នឹងផ្ដល់លទ្ធភាពឱ្យកម្ពុជាមានឯករាជ្យភាពលើការដឹកជញ្ជូន និងផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋនៅខេត្តទិសនិរតិ ក៏ដូចជាក្នុងក្របខ័ណ្ឌទូទាំងប្រទេស។
ដើម្បីឲ្យគម្រោងព្រែកជីកជាប្រវត្តិសាស្ត្រក្លាយជាសមិទ្ធផលជាក់ស្ដែង សម្តេចធិបតីក៏អំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស បន្តគាំទ្រគម្រោងប្រវត្ដិសាស្ដ្រនេះដើម្បីជាប្រយោជន៍ជាតិរហូតដល់គម្រោងលេចចេញជារូបរាងទ្បើងនិងរួចរាល់ជាស្ថាពរ។
គម្រោងព្រែកជីកហ្វូណនតេជោ នឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន និងការវិនិយោគផ្សេងៗ ខណៈគម្រោងត្រូវប្រើពេលវេលាសាងសង់ ៤ ឆ្នាំ និងចាយថវិកាប្រមាណ ១ ៧០០ លានដុល្លារ។
លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានទី ១ ក្រុមប្រឹក្សាអភវឌ្ឍកម្ពុជាបានបញ្ជាក់ថា គម្រោងសាងសង់ព្រែកជីកហ្វូនណនតេជោ អាចធ្វើឲ្យថ្លៃដឹកជញ្ជូនទំនិញចេញពីកម្ពុជាចំណេញប្រហែល ២០០ ដុល្លារ ទៅ ៣០០ ដុល្លារ ដោយមិនបាច់ឆ្លងកាត់ប្រទេសវៀតណាម។
តាមរយៈគម្រោងព្រែកជីកហ្វូណននឹងសម្រួលថ្លៃដឹកជញ្ជូន ធ្វើឲ្យកម្ពុជាមានលទ្ធភាពប្រកួតប្រជែងថ្លៃដឹកជញ្ជូនជាមួយប្រទេសជិតខាង។
លោក ស៊ុន ចាន់ថុល បានអះអាងថា គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ មានការសិក្សារួមគ្នារវាងក្រុមអ្នកជំនាញបច្ចេកទេសជាតិ និងអន្តរជាតិដែលធ្វើឡើងទាំងនៅលើដីផ្ទាល់ និងប្រើឧបករណ៍សិក្សាពីលើអាកាស។
បើតាមលោក ស៊ុន ចាន់ថុល ព្រែកជីកដែលមានប្រវែងជាង ១៨០ គីឡូម៉ែត្រនេះ មិនមែនអភិវឌ្ឍន៍លើដីថ្មីទាំងស្រុងនោះទេ ពោលគឺអភិវឌ្ឍន៍តាមគំរូព្រែកចាស់បុរាណ។ ដូច្នេះការអភិវឌ្ឍន៍គ្រាន់តែពង្រីកទំហំទទឹង និងជីកឱ្យជ្រៅជាងមុន ដែលអាចធ្វើឱ្យនាវាចំណុះ ៣ ពាន់តោន អាចធ្វើចរាចរណ៍បានតែប៉ុណ្ណោះ៕
-
ចរាចរណ៍១ សប្តាហ៍ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
វប្បធម៌ ជំនឿ៦ ថ្ងៃ ago
កត់ចំណាំទុក បើគេងយល់សប្តិឃើញ ១០ ប្រភេទនេះ គួរពិចារណា
-
សុខភាព៦ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ឆ្នាំ២០២៥ ខាងមុខនេះ កសិដ្ឋានចិញ្ចឹមគោសាច់មួយនៅបាត់ដំបង គ្រោងទិញគោពីកសិករប្រមាណជាង ១ម៉ឺនក្បាល
-
សុខភាព១ សប្តាហ៍ ago
ឈ្វេងយល់ពីជំងឺមហារីកពោះវៀនធំ និងកត្តាតំណពូជ
-
នយោបាយ២ ថ្ងៃ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
គ្រាន់តែសរសេរពាក្យ «ញុំា» ខុស! សឿន វីតា ត្រូវបុរសចំណាស់ម្នាក់ប្រមាថដល់អ្នកមានគុណ