ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី ៖ សាលាភូមិន្ទរដ្ឋបាល នឹងខិតខំបន្តកែទម្រង់ការដឹកនាំគ្រប់គ្រង ឲ្យក្លាយជាស្ថាប័នសាធារណៈទំនើបប្រកបដោយសមត្ថភាពខ្ពស់ ស្អាតស្អំ
ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល លើកឡើងថា ទិសដៅបន្ត សាលាភូមិន្ទរដ្ឋបាល នឹងខិតខំបន្តកែទម្រង់ការដឹកនាំការគ្រប់គ្រង និងលើកកម្ពស់គុណភាព នៃការបណ្ដុះបណ្ដាល ឲ្យក្លាយជាស្ថាប័នសាធារណៈទំនើបប្រកបដោយ សមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ។
ការលើកឡើងនេះ ក្នុងឱកាស សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុង«ពិធីបិទវគ្គបណ្ដុះបណ្ដាលឆ្នាំ ២០២៣ និងបើកវគ្គបណ្ដុះបណ្ដាលឆ្នាំ ២០២៤ នៃសាលាភូមិន្ទរដ្ឋបាល» នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២៤ ម្សិលមិញ។
នាឱកាសនោះដែរ ឯកឧត្ដម ហ៊ុន ម៉ានី មានប្រសាសន៍ថា ក្រសួងមុខងារសាធារណៈ ក៏ដូចជាសាលាភូមិន្ទរដ្ឋបាល មានកិត្តិយសដ៏ធំធេង ដោយទទួលបានការអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធី«បិទវគ្គបណ្ដុះបណ្ដាលឆ្នាំ ២០២៣ និងបើកវគ្គបណ្ដុះបណ្ដាលឆ្នាំ ២០២៤ របស់សាលាភូមិន្ទរដ្ឋបាល»។
ឯកឧត្ដម ហ៊ុន ម៉ានី មានប្រសាសន៍បន្តថា កាលពីព្រឹកម្សិលមិញ អង្គពិធីទាំងមូលដែលសុទ្ធសឹងតែជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមទាំងមន្ត្រីរាជការទើបបញ្ចប់ការសិក្សាពីសាលាភូមិន្ទរដ្ឋបាល បានត្រងត្រាប់ស្តាប់យ៉ាងយកចិត្តទុកដាក់លើប្រសាសន៍ និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចធិបតី នាយករដ្ឋមន្ត្រី។
ឯកឧត្ដម ហ៊ុន ម៉ានី មានប្រសាសន៍បន្តទៀតថា សម្ដេចធិបតី បានផ្តល់ការណែនាំយ៉ាងហ្មត់ចត់ដល់អ្នកចូលរួម ឲ្យបំពេញការងារបម្រើប្រជាពលរដ្ឋ ក្នុងឧត្ដមភាពជាមន្ត្រីរាជការ ហើយធ្វើយ៉ាងណាសហការការងារជា«សហថាមពល» ដែលជាការគាំទ្រគ្នាទៅវិញទៅមក ក្នុងស្មារតី«ជវភាព នៃប្រព័ន្ធតួអង្គតែមួយ»។
ឯកឧត្ដម ហ៊ុន ម៉ានី មានប្រសាសន៍បន្ថែមថា ទន្ទឹមនោះ សម្ដេច ក៏បានរំលឹកប្រសាសន៍របស់ សម្ដេចតេជោ ហ៊ុន សែន ជូនដល់មន្ត្រីរាជការគ្រប់ៗ រូប ថា «មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រនោះទេ» ហើយត្រូវធ្វើយ៉ាងណាបង្ខិតសេវាសាធារណៈឲ្យកាន់តែកៀកជិតប្រជាពលរដ្ឋ កាត់បន្ថយការិយាធិបតេយ្យ និងបង្កើនប្រសិទ្ធភាពឲ្យកាន់តែប្រសើរ។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី គូសបញ្ជាក់ថា ក្នុងរយៈពេលជាង ៣០ ឆ្នាំ មកនេះ ពោលគឺចាប់ពីឆ្នាំ ១៩៩២ ដល់ឆ្នាំ ២០២៣ សាលាភូមិន្ទរដ្ឋបាល សម្រេចបានការបណ្ដុះបណ្ដាលមន្ត្រីរាជការសរុបចំនួន ២៣ ៨១៨ នាក់ (នារី ៥ ០១៧ នាក់) សម្រាប់បម្រើការងារតាមក្រសួង-ស្ថាប័ន និងអង្គភាពទូទាំងប្រទេស ឈរលើបាវចនា វិន័យ គុណភាព គុណធម៌ និងនវានុវត្តន៍។ សមិទ្ធផលទាំងនេះ សម្រេចបានដោយមានការគាំទ្រយ៉ាងខ្លាំងក្លាពីប្រមុខរាជរដ្ឋាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងមានការចូលរួមគាំទ្រ និងកិច្ចសហការពីដៃគូសហប្រតិបត្តិការទាំងកម្រិតជាតិ និងអន្តរជាតិ របស់សាលាភូមិន្ទរដ្ឋបាល។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងដែរថា «ជាទិសដៅបន្ត សាលាភូមិន្ទរដ្ឋបាល នឹងខិតខំបន្តកែទម្រង់ការដឹកនាំការគ្រប់គ្រង និងលើកកម្ពស់គុណភាព នៃការបណ្ដុះបណ្ដាល ការធ្វើទំនើបកម្មកម្មវិធីបណ្ដុះបណ្ដាល ព្រមទាំងការសិក្សាស្រាវជ្រាវ តាមយុគសម័យឌីជីថល និងការរីកចម្រើនក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោក ពិសេសដើម្បីឆ្លើយតបនឹងគោលបំណង នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយផ្ដោតលើអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ឲ្យក្លាយជាស្ថាប័នសាធារណៈទំនើបប្រកបដោយ សមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ»។
គួរជម្រាបថា ក្នុងពិធី«បិទវគ្គបណ្ដុះបណ្ដាលឆ្នាំ ២០២៣ និងបើកវគ្គបណ្ដុះបណ្ដាលឆ្នាំ ២០២៤ របស់សាលាភូមិន្ទរដ្ឋបាល» កាលពីម្សិលមិញ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកការបណ្ដុះបណ្ដាលរបស់សាលាភូមិន្ទរដ្ឋបាល គឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការកសាងធនធានមនុស្សក្នុងវិស័យសាធារណៈ។ សាលាភូមិន្ទរដ្ឋបាល គួរជាសាលាដែលមានស្តង់ដារវិន័យខ្ពស់ ដោយសិស្ស និងកម្មសិក្សាការីម្នាក់ៗ ត្រូវគោរពតួនាទី និងភារកិច្ចរបស់សាលាដោយខ្លួនឯង មានស្វ័យវិន័យ ព្រមទាំងទំនួលខុសត្រូវដោយខ្លួនឯង ព្រោះថា អ្នកដែលបញ្ចប់ការសិក្សានៅទីនេះ នឹងក្លាយជាមន្ត្រីបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ និងជាអ្នកកាន់ការងារជាមេដឹកនាំ នាថ្ងៃអនាគត។
ជុំវិញភាពជាមន្ត្រីរាជការនេះ សម្ដេចមហាបវរធិបតី ក៏បានរំលេចអំពីសារៈសំខាន់ នៃការជ្រើសរើសមន្ត្រីរាជការប្រកបដោយគុណភាព តាមរយៈការរៀបចំការប្រឡងប្រជែងដែលក្រសួងមុខងារសាធារណៈ បានដឹកនាំអនុវត្តចំនួន ៦ លើកកន្លងមកនេះ ក្នុងស្មារតី «ចេះ គឺជាប់ ជាប់ដោយមោទនៈ មិនជាប់ដោយអស់ចិត្ត»។
សម្ដេច លើកឡើងថា ចំនួនអ្នកដាក់ពាក្យដ៏ច្រើនសន្ធឹកសន្ធាប់ជាបន្តបន្ទាប់ បានឆ្លុះបង្ហាញពីជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋមកលើប្រព័ន្ធប្រឡង។ សម្ដេច បន្ថែមថា នេះជាវិធីសាស្ត្រជ្រើសរើសមន្ត្រី ក្នុងស្មារតី «រើសឲ្យចំ បំពេញឲ្យត្រូវ រក្សាឲ្យនៅ»៕
អត្ថបទ ៖ ពិសី
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៨ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៧ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់