ព័ត៌មានជាតិ
រាជរដ្ឋាភិបាល ហាមក្រសួង-ស្ថាប័ន បង្កើនចំនួនអង្គភាព លុះណាតែក្នុងករណីចាំបាច់បំផុត
រាជរដ្ឋាភិបាលកម្ពុជា បានចេញសារាចរ ស្តីពីការរៀបចំ និងការកែសម្រួលរចនាសម្ព័ន្ធរបស់ក្រសួង-ស្ថាប័ន ដោយមិនត្រូវនាំឱ្យមានការបង្កើនចំនួនអង្គភាព ទោះក្នុងកម្រិតណាមួយក៏ដោយ ពោលត្រូវប្រើប្រាស់ឱ្យអស់នូវលទ្ធភាពនិងសក្តា នុពល ក្នុងការកែលម្អការអនុវត្តមុខងារដែលជាសមត្ថកិច្ចរបស់ខ្លួន។ នេះបើយោងតាមសារាចរ ចុះហត្ថលេខាដោយ នាយករដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី១១ ខែ មិថុនា ឆ្នាំ ២០២៤។
សារាចរ បានគូសបញ្ជាក់ថា ផ្អែកលើស្នូលនៃ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាល ទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលផ្តោតលើអភិបាលកិច្ចនិងការធ្វើទំនើបកម្ម ស្ថាប័នរដ្ឋឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ព្រមទាំងដើម្បីធានាឱ្យបាននូវការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័នមានប្រសិទ្ធភាពខ្ពស់ឈរលើអភិក្រម ពង្រឹងនិងការរៀបចំផ្ទះរបស់ខ្លួនឱ្យរៀបរយ រាជរដ្ឋាភិបាល សូមដាក់ចេញនូវវិធានការពាក់ព័ន្ធនឹងការរៀបចំ និងការកែសម្រួលរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន មួយចំនួន។
វិធានការទាំងនោះរួមមាន ក្រសួង-ស្ថាប័ន ត្រូវពិនិត្យនិងរៀបចំរចនាសម្ព័ន្ធដែលមានស្រាប់ឱ្យបានរៀបរយ ដោយប្រើ ប្រាស់ឱ្យអស់នូវលទ្ធភាពនិងសក្តានុពល ក្នុងការកែលម្អការអនុវត្តមុខងារដែលជាសមត្ថកិច្ចរបស់ខ្លួន ការរៀបចំរចនាសម្ព័ន្ធឱ្យបានសមស្រប ក្នុងការគាំទ្រការអនុវត្តមុខងារ និងការរៀបចំរំហូរការងារក្នុងក្រសួង ស្ថាប័ន ព្រមទាំងការកំណត់គណនេយ្យភាពនិងការទទួលខុសត្រូវច្បាស់លាស់ក្នុងការបំពេញការងារ។
ប្រភពខាងលើបញ្ជាក់ទៀតថា ៖«ការរៀបចំនិងការកែសម្រួលរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន មិនត្រូវនាំឱ្យមានការបង្កើនចំនួនអង្គភាពទោះក្នុងកម្រិតណាមួយក៏ដោយ ឬបន្ថែមទម្ងន់បែបបទនិងនីតិវិធីដែលមានស្រាប់នៅតាមអង្គភាពរបស់ក្រសួង ស្ថាប័នឡើយ»។
ផ្ទុយមកវិញ ក្រសួង ស្ថាប័ន ត្រូវពិនិត្យឡើងវិញរចនាសម្ព័ន្ធមានស្រាប់ដែលមិនឆ្លើយតបនឹងស្ថានភាពបច្ចុប្បន្ននិងក្របខណ្ឌគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧នៃរដ្ឋសភា ដើម្បីធ្វើការកែសម្រួលឬច្របាច់បញ្ចូលគ្នាឬលុបចោល។ ដោយឡែកការបង្កើតអង្គភាពថ្មី ត្រូវផ្អែកលើហេតុផលច្បាស់លាស់ ដើម្បីប្រសិទ្ធភាពការងារ។
ចំណែក ការរៀបចំនិងកែសម្រួលរចនាសម្ព័ន្ធដែលមានស្រាប់របស់ក្រសួង ស្ថាប័ន មិនត្រូវធ្វើការដំឡើងកម្រិតឬឋានៈអង្គភាព ដែលជាហេតុនាំឱ្យមានការកើនរចនាសម្ព័ន្ធរបស់ ក្រសួង ស្ថាប័នឡើយ ហើយត្រូវធានានូវប្រសិទ្ធភាពនៃការគ្រប់គ្រងនិងប្រើប្រាស់ធនធានមនុស្សនិងថវិកាប្រកបដោយប្រសិទ្ធភាពខ្ពស់៕
អត្ថបទ៖ ឡាយ សាមាន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៥ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍១៩ ម៉ោង ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ២៣ ម៉ោង ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ
-
ចរាចរណ៍៥ ថ្ងៃ ago
សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី