Connect with us

ព័ត៌មានជាតិ

ចំណែកទីផ្សាររថយន្តថ្មីកើនឡើងដល់ ៥០%​ ខណៈការលក់រថយន្តជជុះធ្លាក់ចុះ

បានផុស

នៅ

ចំណែកទីផ្សាររថយន្តថ្មីនៅប្រទេសកម្ពុជាមានការកើនឡើងដល់ ​៥០% ដែលជាកំណើន​មួយខ្ពស់​គួ​ឱ្យកត់សម្គាល់​នៅក្នុងរយៈពេល ​ប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈការលក់រថយន្តជជុះក៏ធ្លាក់ចុះដូចគ្នា​។ នេះបើតាមការឱ្យដឹងពីលោក សាយ រតនៈ ​ប្រធានគ្រប់គ្រងការសិក្សា និងអភិវឌ្ឍក្រុមហ៊ុន អ អិម អេ ខេមបូឌា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក សាយ រតនៈ មានប្រសាសន៍នៅថ្ងៃទី ​១២ ខែមិថុនា ឆ្នាំ ២០២៤នេះថា ​បច្ចុប្បន្ន ប្រជាជនខ្មែរ ​មានការយល់ដឹងច្រើន គាត់បានផ្លាស់ប្ដូរផ្នត់គំនិតថ្មី ​ចាកចេញពីការប្រើប្រាស់រថយន្តមួយទឹក ទៅ​រថយន្តថ្មី ​ដែលមានកំណើនដល់ ៥០ ភាគរយ ​នាប៉ុន្មានឆ្នាំចុងក្រោយនេះ។

​លោក សាយ រតនៈបញ្ជាក់ថា៖ «ដោយសារតែតម្លៃឡានថ្មី ​ប្រហាក់ប្រហែល ​នឹងឡានជជុះនៅ​ស្រុក​គេ ​ដែលគេប្រើ ១០ ទៅ ២០ ឆ្នាំ ​បានយកមកប្រើនៅស្រុកខ្មែរ ការលក់រថយន្តជជុះបានធ្លាក់ចុះ ៥០%​ ខណៈប្រជាជនខ្មែរ មានការយល់ដឹងខ្ពស់ ដែលនេះក៏ជាកត្តាជំរុញឱ្យសេដ្ឋកិច្ចកម្ពុជា​រីក​ចម្រើន»។

​បើយោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា​ ការនាំចូលរថយន្តរបស់កម្ពុជា​នៅក្នុងឆ្នាំ២០២៣​ បានធ្លាក់ចុះរហូតដល់ជិត៣៦% បើធៀបនឹងឆ្នាំ២០២២។ ​

កម្ពុជា​បាន​ចំណាយទឹក​ប្រាក់ចំនួន ​៣៨៥ លានដុល្លារ ទៅ​លើ​ការ​នាំចូល​រថយន្ត​ពី​ទីផ្សារ​អន្តរជាតិ​នៅក្នុងរយៈពេល ៥ ខែ ដើមឆ្នាំនេះ ធ្លាក់ចុះ ១៦ ​ភាគរយ ​បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើតាមរបាយការណ៍​របស់​ក្រសួង​ពាណិជ្ជកម្ម៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម