Connect with us

ព័ត៌មានជាតិ

អ្នកជំនាញ កំណត់បានអត្តសញ្ញាណថ្មប្រាសាទភ្នំបាខែងធ្លាក់រាយប៉ាយ យកមកជួសជុលឡើងវិញ

បានផុស

នៅ

ទីបំផុត​ក្រុមអ្នក​ជំនាញប្រមាណ ១០ នាក់ ​បាន​រួមគ្នា​ប្រឹងប្រែង​ស្វែងរកថ្ម​នៅតាមបរិវេណប្រាសាទ​បាខែង និង​នៅ​ក្នុងព្រៃ​ដែល​ធ្លាក់​រាយប៉ាយចល័តខុសពីតាំងដើម ដើម្បី​យក​មកជួសជុលនិងរៀបចំ​ផ្គុំ​នៅ​ទីតាំង​ដើម​ឡើង​វិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ុម ណារិទ្ធ ប្រធាន​ក្រុមការងារ​រកថ្មនៅការដ្ឋានជួសជុលប្រាសាទភ្នំបាក់ខែងបាន​ឱ្យដឹងថា ការងារ​បានកំណត់​បាន​អត្តសញ្ញាណ​ថ្មដែល​រលុះធ្លាក់​រាយ​ប៉ាយជុំវិញប្រាសាទភ្នំបាខែងមាន ៣ ប្រភេទ ក្នុងនោះ​មាន ថ្មជញ្ជាំង​ប្រាសាទកណ្តាល (ប្រាង្គ​ពីរ៉ាមីត​), ថ្មតួប៉មប្រាសាទតូចៗតាមថ្នាក់នីមួយៗ និងថ្មខឿនប្រាសាទឥដ្ឋ។

អ្នកជំនាញរូបនេះបន្តថា «ក្រុមការងារបានខិតខំអស់ពីលទ្ធភាពក្នុងការស្វែងរកថ្មមកដាក់ទីតាំងដើមវិញ ហើយ​ក្នុងចំណោម​ទាំងនោះ មាន​ថ្មតួប៉មប្រាសាទតូចៗខ្លះ ដែលបានរលុះធ្លាក់សល់ពី ៥០​ទៅ ៦០ដុំ ហើយ​ក្រុមការងារបានរក​ឃើញប្រមាណ ៧០ទៅ ៨០ភាគរយ បានមកផ្គុំឡើងវិញ»។

លោកបន្តថា ការៀបចំគឺ​យកតែ​ថ្មណាដែល​មិនមានក្បាច់ ឬមិន​អាចកំណត់អត្តសញ្ញាណបាន យក​ទៅ​ប្រើប្រាស់​ជំនួស​ថ្មដែល​បាត់បង់ប៉ុណ្ណោះ។

លោក សំ ឆើត ដែល​ជាអ្នកជំនាញរកថ្មម្នាក់​ក្នុងចំណោមក្រុមការងាររកថ្មមានប្រសាសន៍ថា លោក​ពិតជា​មាន​មោទនភាព​ដែល​បានចូលរួមជួសជុលប្រាសាទបុរាណភ្នំបាខែងនេះ។

លោកអះអាង​ថា «តាមរយៈបទពិសោធន៍ជាង ១០ឆ្នាំ ធ្វើការជួសជុលនៅប្រាសាទ ធ្វើឱ្យ​លោកស្គាល់​ប្រភេទថ្មនីមួយៗដែលរលុះធ្លាក់ចេញពីទីតាំងដើម»។

លោក សំ ឆើត បញ្ជាក់ថា ការងារនេះ​ជោគជ័យ គឺ​ការសហការល្អនៅក្នុងក្រុម បើទោះបី​ការងារ​នេះ​មានភាពស្មុគស្មាញខ្លាំង។ រីឯការ​រើជញ្ជូនថ្មពី​គំនរ​នៅជម្រាលភ្នំវិញ ក៏ត្រូវការពេលវេលាយូរ ដើម្បី​ធ្វើតាមបច្ចេកទេស​ត្រឹមត្រូវ គឺអាចជញ្ជូនបានតែពី ៣ទៅ ៤ដុំក្នុងមួយថ្ងៃ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម