ព័ត៌មានជាតិ
អ្នកនាំពាក្យ អំពាវនាវកម្មករ-និយោជិត បន្តអនុវត្តវិធានការអនាម័យឱ្យបានខ្ជាប់ខ្ជួន បង្ការឆ្លងជំងឺផ្ដាសាយ និងកូវីដ-១៩
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វើការអំពាវនាវដល់និយោជក និងកម្មករ-និយោជិតទាំងអស់ ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាពឱ្យបានល្អ ដោយត្រូវបន្តអនុវត្តវិធានការអនាម័យរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ដើម្បីបង្ការ និងការពារការឆ្លងរាលដាលជំងឺផ្ដាសាយ និងជំងឺកូវីដ-១៩ ខណៈជំងឺទាំងនេះ កំពុងមានការកើនឡើង។
លោក កត្តា អ៊ន បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ១៣ មិថុនា នេះថា ការអំពាវនាវនេះ បន្ទាប់ពីក្រសួងសុខាភិបាល បានប្រកាសពីការកើនឡើងនូវករណីជំងឺផ្តាសាយ និងជំងឺកូវីដ-១៩។ ដូច្នេះនិយោជក និងកម្មករ-និយោជិត ត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួនជាទីបំផុតដូចជាត្រូវអនាម័យទាំងនៅផ្ទះ និងកន្លែងធ្វើការ ត្រូវពាក់ម៉ាស និងចៀសវាងចូលទៅកាន់ទីប្រជុំដែលមានមនុស្សប្រមូលផ្ដុំច្រើនជាដើម។
លោក កត្តា អ៊ន បានបន្តថា ក្នុងករណីមានអាការជំងឺផ្លូវដង្ហើមណាមួយ សូមប្រញាប់ទៅជួបគ្រូពេទ្យជំនាញ ឬធ្វើតេស្តដោយខ្លួនឯង ដើម្បីរកជំងឺកូវីដ-១៩ និងពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញ ដើម្បីព្យាបាលឱ្យចំ និងឆាប់ជាសះស្បើយ ចៀសវាងការព្យាបាលមិនត្រឹមត្រូវធ្វើឱ្យមានបញ្ហាសុខភាពខ្លួនឯងដែលអាចចម្លងទៅដល់ក្រុមគ្រួសារ នៅផ្ទះជួល ឬបុគ្គលិកកម្មករ នៅកន្លែងធ្វើការ។
លោក កត្តា អ៊ន បានបន្តទៀតថា «ការអនុវត្តវិធានការតាមការណែនាំរបស់ក្រសួងសុខាភិបាលនេះដើម្បីធានាបាននូវសុខុដុមរមនានៅកន្លែងធ្វើការ ព្រោះថាពេលដែលកម្មករ-និយោជិតមានសុខភាពល្អ នឹងធ្វើឱ្យច្រវាក់ផលិតកម្មការងារបានល្អប្រសើរឡើង។ ប៉ុន្តែប្រសិនបើកម្មករ-និយោជិត មានបញ្ហាសុខភាព នឹងធ្វើឱ្យដំណើរការច្រវាក់ផលិតកម្មការងារថយចុះផងដែរ។ ដូចនេះ ដើម្បីផលប្រយោជន៍ទាំងអស់គ្នា ផលប្រយោជន៍កម្មករ-និយោជិត ផលប្រយោជន៍និយោជក ផលប្រយោជន៍ប្រទេសជាតិ យើងទាំងអស់គ្នា ត្រូវចូលរួមថែរក្សាសុខភាព បង្ការទប់ស្កាត់ជំងឺឆ្លង ក៏ដូចជាជំងឺកូវីដ-១៩»។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលចុះថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៤ បានប្រកាសពីការកើនឡើងនូវករណីជំងឺផ្តាសាយ និងជំងឺកូវីដ-១៩ នៅរដូវភ្លៀងនេះ។ ការកើនឡើងនូវជំងឺទាំងនេះ ត្រូវបានរកឃើញថា នៅក្នុងអំឡុងខែឧសភា និងដើមខែមិថុនា ឆ្នាំ ២០២៤ ដែលមានលក្ខណៈស្របគ្នាទៅនឹងការកើនឡើងនូវជំងឺទាំងនេះក្នុងបណ្តាប្រទេសជាច្រើន នៅតំបន់អាស៊ីប៉ាស៊ីហ្វិកខាងលិច និងបណ្តាប្រទេសជិតខាងរបស់យើង។
ក្រសួងសុខាភិបាល អំពាវនាវ និងក្រើនរំលឹកដល់ប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្នថែរក្សាសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដើម្បីបង្ការនូវការឆ្លងរាលដាលនូវជំងឺផ្តាសាយ និងជំងឺកូវីដ-១៩ ជាលក្ខណៈទ្រង់ទ្រាយធំជាយថាហេតុ៕
អត្ថបទ ៖ សំអឿន
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៧ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់