វប្បធម៌ ជំនឿ
អាជ្ញាធរជាតិអប្សរា បន្តដាំដើមត្នោតនៅតាមទំនប់បុរាណ ជាតំណាងអត្តសញ្ញាណខ្មែរ
នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា ក្នុងមួយឆ្នំាៗ បានបណ្តុះ និងដាំកូនឈើពូជប្រណិតៗរាប់ម៉ឺនដើម ដើម្បីដាំដុះឡើងវិញក្នុងតំបន់រមណីយដ្ឋានអង្គរ។ ក្រៅពីឈើប្រណិតៗ អាជ្ញាធរជាតិអប្សរា ក៏បានគិតគូចំពោះការដាំដុះនូវប្រភេទដើមឈើលម្អ ឬដើមឈើហូបផ្លែផ្សេងៗ ជាក់ស្តែង ត្នោតជាដើមឈើមួយតំណាងអត្តសញ្ញាណរបស់ខ្មែរ ក៏បានដាំដុះឡើងវិញផងដែរ។
លោក ញ៉ែម រស្មី មន្រ្តីបច្ចេកទេសនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ដើមត្នោតក្រៅពីជាឈើបុរាណមានអាយុកាលដ៏យូរលង់ ជាអត្តសញ្ញាណរបស់ខ្មែរ ក៏មានការប្រើប្រាស់ច្រើនសម្បូរបែបក្នុងជីវភាពរស់នៅប្រចាំថ្ងៃ តាំងពីដើមរហូតដល់ស្លឹក ដោយបងប្អូនប្រជាពលរដ្ឋអាចយកមកកែច្នៃជារបស់របរប្រើប្រាស់ ឬវត្ថុអនុស្សាវរីយ៍ផ្សេងៗលក់ឱ្យទេសចរ ចំណែកផ្លែត្នោត និងទឹកត្នោត សម្រាប់ធ្វើនំលក់ជាដើម។ តម្រូវការប្រើប្រាស់ដើមត្នោត បានកើនឡើងជាប្រចាំ ជាហេតុអាចប្រឈម និងការបាត់បង់ដើមឈើ ជាអត្តសញ្ញាណមួយនេះ បើសិនមិនមានការដាំដុះឡើងវិញនោះ។
លោក ញ៉ែម រស្មី បញ្ជាក់ថា អនុវត្តតាមទស្សនវិស័យ និងការគិតគូរវែង ឆ្ងាយរបស់ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា មកដល់បច្ចុប្បន្ននេះដើមត្នោត ដែលបានដាំដុះរួច និងកំពុងលូតលាស់យ៉ាងល្អប្រសើរ លើដីនៃឧទ្យានអង្គរ មានចំនួនប្រមាណ ៥ ០០០ ដើមរួចមកហើយ។ ខណៈក្រុមការងារក៏កំពុងបណ្តុះនៅតាមស្ថានីយបណ្តុះកូនឈើនានា មានប្រមាណជាង ២ ០០០ ដើមបន្ថែម ដើម្បីត្រៀមដាំដុះនៅតាមទីតាំងក្បែរមាត់ប្រឡាយ និងទំនប់បុរាណ នារដូវវស្សាខាងមុខនេះ។
នៅពេលដើមត្នោតបានដាំដុះក្នុងពេលកន្លងមកលូតលាស់ ហើយអាចអាស្រ័យផលបាន បងប្អូនប្រជាពលរដ្ឋនៅក្បែរៗនោះអាចអាស្រ័យផលតាមរយៈ ការបេះផ្លែ និងទឹកត្នោតយកទៅទ្រទ្រង់ជីវភាពប្រចាំថ្ងៃបាន ប៉ុន្តែ អាជ្ញាធរជាតិអប្សរា សូមសំណូមពរបងប្អូនមិនត្រូវកាប់ដើមត្នោតទាំងនោះជាដាច់ខាត ខណៈដើមឈើទាំងនោះ ទម្រាំដាំដុះឱ្យធំលូតលាស់ផ្តល់ផលមកវិញ ចំណាយពេលមិនតិចជាង ២០ ឆ្នាំឡើយ៕
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍២ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា៥ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ