Connect with us

នយោបាយ

អនុប្រធាន និងជាអ្នកនាំពាក្យបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ប្រកាសលាឈប់ពីសមាជិក និងតំណែងទាំងអស់នៅក្នុងបក្ស

បានផុស

នៅ

អនុប្រធាន និងជាអ្នកនាំពាក្យរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ហៅកាត់ LDP លោក អ៊ី សាំងឡេង បានប្រកាសលាឈប់ពីសមាជិក និងតំណែងទាំងអស់ក្នុងគណបក្ស។ នេះបើតាមលិខិតប្រកាសលាឈប់របស់លោក អ៊ី សាំងឡេង ផ្ញើទៅកាន់ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ នារសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះ។

រូបថតដកស្រង់ពីគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក អ៊ី សាំងឡេង។
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលិខិតប្រកាសលាឈប់ដែលបង្ហោះនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនលោក អ៊ី សាំងឡេង នៅថ្ងៃនេះ គឺលោកមិនបានបញ្ជាក់ឱ្យដឹងពីមូលហេតុនៃការលាឈប់របស់លោកនេះឡើយ។ លិខិតនោះ គ្រាន់តែសរសេរដូច្នេះថា៖«សូមប្រកាសលាឈប់ពីសមាជិក និងតួនាទីទាំងអស់នៅក្នុងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ»។

ជាការកត់សម្គាល់ មួយរយៈនេះ ទំនាក់ទំនងលោក អ៊ី សាំងឡេងជាមួយលោក ខឹម វាសនា ដែលជាប្រធានគណបក្ស និងសមាជិកមួយចំនួនទៀត មានភាពរកាំរកូសជាបន្តបន្ទាប់។ លោក ខឹម វាសនា និងលោក អ៊ី សាំងឡេង ក៏លែងមានរូបភាពបង្ហាញពីភាពស្និតស្នាលនឹងគ្នាយូរគួរសមហើយដែរដែលធ្វើឱ្យមានងឿងឆ្ងល់ និងមន្ទិលសង្ស័យពីភាពបែកបាក់គ្នានៃថ្នាក់ដឹកនាំគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ហៅកាត់ LDP។ ម្តងម្តាល គេសង្កេតឃើញលោក ខឹម វាសនា បានសរសេរផុសនៅលើហ្វេសប៊ុករបស់លោកនិយាយដល់លោក លោក អ៊ី សាំងឡេង និងសមាជិកបក្សមួយចំនួនទៀត ដែលមានន័យហាក់ដូចជាពួកគេកំពុងឆ្ងាយ ឬដើរផ្លូវផ្សេងពីរូបលោកដែលកំពុងស្នាក់នៅជាមួយសមាជិក និងអ្នកគាំទ្រមួយចំនួននៅដីចម្ការមួយកន្លែងនៅក្នុងខេត្តសៀមរាប។

រូបថតដកស្រង់ចេញពីវីដេអូផ្សាយផ្ទាល់អំពីស្ថានភាពចុងក្រោយរបស់គណបក្សសម្ព័ន្ធ ដើម្បីប្រជាធិប​តេយ្យ ដែលផ្សាយលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន លោក អ៊ី សាំងឡេង កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤។

ប៉ុន្តែ បញ្ហាក្បាលម៉ាស៊ីនគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យនេះ ត្រូវបានទម្លាយឱ្យដឹងនៅថ្ងៃទី០៦ ខែមិថុនា កន្លងទៅ។ លោក អ៊ី សាំងឡេង ដែលជាមនុស្សសំខាន់ម្នាក់នៅក្នុងគណបក្ស និងដែលបានបាត់យូរក្រែលហើយដែរ បានចេញមកនិយាយពីបញ្ហាគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងទំនាក់ទំនងរវាងរូបលោក និងលោក ខឹម វាសនា តាមរយៈការផ្សាយផ្ទាល់នៅលើគណនីហ្វេសប៊ុក។ នៅក្នុងការផ្សាយផ្ទាល់រយៈពេលប្រមាណ១ម៉ោងនោះ លោក អ៊ី សាំងឡេង និយាយពីបញ្ហាដែលរូបលោកជំពាក់ថវិកាជាមួយសកម្មជនគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ, បញ្ហាលោក ខឹម វាសនា ធ្លាក់ខ្លួនឈឺ និងការបញ្ជូនទៅព្យាបាលនៅក្រៅប្រទេស, ការចោទពីសំណាក់សកម្មជនបក្ស ថារូបលោក ចង់ដណ្ដើមអំណាចធ្វើជាប្រធានគណបក្ស ស្របពេលលោក ខឹម វាសនា ធ្លាក់ខ្លួនឈឺ និងកំពុងព្យាបាលជំងឺ និងបញ្ហាសេដ្ឋកិច្ចក្នុងគណបក្សដែលស្ថិតក្នុងតំបន់ភ្នំគូលែន និងបញ្ហាខ្វែងគំនិតគ្នាមួយចំនួនទៀតជាដើម។

ក្រោយការផ្សាយផ្ទាល់នេះ លោក ខឹម វាសនា ក៏បានប្រើប្រាស់ទំព័រហ្វេសប៊ុកដង្ហោយហៅលោក អ៊ី សាំងឡេង ឱ្យទៅជួប ឬក៏លោកមកជួបក៏បាន ដើម្បីជជែកឱ្យយល់គ្នា និងដោះស្រាយបញ្ហាទាំងឡាយ។ ប៉ុន្តែ មិនឃើញមានការជួបជជែកគ្នាដោយផ្ទាល់ណាមួយកើតឡើងនោះទេ ស្រាប់តែនៅពេលនេះ លោក អ៊ី សាំងឡេង បានប្រកាសលាឈប់ពីសមាជិក និងតំណែងទាំងអស់ក្នុងគណបក្សតែម្តង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

បៃដិន ទុកសំបុត្រមួយច្បាប់ឲ្យ ត្រាំ នៅក្នុងថតតុ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

Sokha Hotels

ព័ត៌មានពេញនិយម