ព័ត៌មានជាតិ
ក្នុងឆ្នាំនេះ អៀរឡង់ ផ្តល់ជំនួយ៨០ម៉ឺនអ៊ឺរ៉ូ សម្រាប់សកម្មភាពកម្ចាត់មីនរបស់អង្គការហេឡូត្រាស្តនៅកម្ពុជា
ក្នុងឆ្នាំ២០២៤នេះ ប្រទេសអៀរឡង់បានផ្តល់ជំនួយឥតសំណងចំនួន ៨០០,០០០អ៊ឺរ៉ូ សម្រាប់សកម្មភាពកម្ចាត់មីនមនុស្សធម៌របស់អង្គការហេឡូត្រាស្តនៅកម្ពុជា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃជំនួបរវាងទូតអៀរឡង់ និងនាយកកម្មវិធីសកលនៃជំនួយប្រទេសអៀរឡង់ ជាមួយក្រុមការងារអង្គការហេឡូត្រាស្តកម្ពុជា។
តាមសេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃទី១៤ ខែមិថុនា នេះ លោកស្រី Deirdre Ní Fhallúin ឯកអគ្គរដ្ឋទូតនៃប្រទេសអៀរឡង់ប្រចាំកម្ពុជា និងលោក Niall Tierney នាយកកម្មវិធីសកលនៃជំនួយសាធារណរដ្ឋអៀរឡង់ បានជួបជាមួយក្រុមការងាររបស់អង្គការហេឡូត្រាស្តកម្ពុជានៅខេត្តសៀមរាប ដើម្បីពិភាក្សាអំពីប្រសិទ្ធភាពនៃជំនួយគាំទ្ររបស់សាធារណរដ្ឋអៀរឡង់សម្រាប់សកម្មភាពមីនមនុស្សធម៌ និងប្រគល់ឧបករណ៍បោសសម្អាតមីនដែលបានផ្តល់ដោយអៀរឡង់ដល់ក្រុមការងារបោសសម្អាតមីន។
ក្នុងឱកាសលោកស្រី Deirdre Ní Fhallúin ឯកអគ្គរដ្ឋទូតប្រទេសអៀរឡង់ប្រចាំកម្ពុជា បានគូសបញ្ជាក់អំពីសារៈសំខាន់ក្នុងការភ្ជាប់ទំនាក់ទំនងភាពជាដៃគូជាមួយអង្គការនានាដូចជាអង្គការហេឡូត្រាស្ត ដែលជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងបោសសម្អាតមីន។
ក្នុងការប្រគល់ជូនឧបករណ៍ដែលឧបត្ថម្ភដោយស្ថានទូតអៀរឡង់នោះ លោកស្រីឯកអគ្គរដ្ឋទូត បានមានរំលឹកថា “ចាប់តាំងពីឆ្នាំ ១៩៩៤ មក ជំនួយអៀរឡង់ បានជួយគាំទ្រដល់កម្មវិធីបោសសម្អាតមីនមនុស្សធម៌របស់អង្គការហេឡូត្រាស្តនៅប្រទេសកម្ពុជា។ យើងមានមោទនភាពក្រៃលែង ដែលក្រុមការងារទទួលជំនួយពីសាធារណៈរដ្ឋអៀរឡង់ បានបោសសម្អាតមីនចំនួន ៣១,៣៤៣គ្រាប់ ក្នុងភូមិចំនួន ៣៦១ភូមិ និងប្រគល់ដីសុវត្ថិភាពជាង ៣,៦៨៤ហិកតា ជូនសហគមន៍វិញ សម្រាប់ប្រើប្រាស់ក្នុងវិស័យកសិកម្ម និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ការផ្ដល់ជំនួយនេះមានផលវិជ្ជមានពិតប្រាកដសម្រាប់សហគមន៍នាពេលបច្ចុប្បន្ន ហើយក៏ផ្តល់អត្ថប្រយោជន៍ដល់មនុស្សជំនាន់ក្រោយផងដែរ”។
លោក Niall Tierney នាយកកម្មវិធីសកលរបស់ជំនួយមនុស្សធម៌អៀរឡង់បានគូសបញ្ជាក់ថា ការរំសាយសព្វាវុធ គឺជាមូលដ្ឋានគ្រឹះនៃគោលនយោបាយការបរទេសរបស់អៀរឡង់។ សាធារណរដ្ឋអៀរឡង់បន្តដើរតួនាំមុខគេក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់ការរំសាយសព្វាវុធ និងការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ។ ការងាររបស់កម្មវិធីសកលរបស់ជំនួយមនុស្សធម៌អៀរឡង់ជាមួយអង្គការហេឡូត្រាស្តកម្ពុជា គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តជាសកលនេះ។
លោក Miles Hawthorn នាយកកម្មវិធីអង្គការហេឡូត្រាស្តប្រចាំព្រះរាជាណាចក្រម្ពុជា បានថ្លែងអំណរគុណដល់ អៀរឡង់សម្រាប់ជំនួយគាំទ្រក្នុងឆ្នាំ ២០២៤ នេះ។ លោកគូសបញ្ជាក់ថា ជំនួយគាំទ្រពីប្រទសអៀរឡង់ នឹងរួមចំណែកដល់យុទ្ធសាស្ត្រគ្មានមីនរបស់រាជរដ្ឋាភិបាលកម្ពុជា និងជួយជំរុញគ្រប់ភាគីពាក់ព័ន្ធឱ្យខិតកាន់តែជិតនៃការស្តារឡើងវិញ។
គួរឱ្យដឹងថា តាមសេចក្ដីប្រកាសព័ត៌មាន ក្នុងរយៈពេល៨ឆ្នាំកន្លងមកនេះ ប្រទេសអៀរឡង់ បានចូលរួមផ្ដល់ថវិកាចំនួន៤.៧លានអ៊ឺរ៉ូ សម្រាប់ការងាររបស់អង្គការហេឡូត្រាស្តនៅកម្ពុជា។ ក្នុងរយៈពេល ៣ទស្សវត្សរ៍ បន្ទាប់ពីការចាប់ផ្តើមនៃកិច្ចខិតខំប្រឹងប្រែងក្នុងសកម្មភាពកម្ចាត់មីន កម្ពុជានៅតែបន្តប្រឈមមុខធំធេងនឹងការគម្រាមកំហែងដោយសារមីន និងសំណល់ជាតិផ្ទុះផ្សេងទៀតនៃសង្គ្រាម។ ចាប់តាំងពីឆ្នាំ១៩៧៩មក បុរស ស្ត្រី និងកុមារកម្ពុជាជាង ៦៥,០០០នាក់ ត្រូវបានស្លាប់ ឬ រងរបួសយ៉ាងធ្ងន់ធ្ងរពីគ្រោះថ្នាក់ដោយសារមីននឹងយុទ្ធភណ្ឌមិនទាន់ផ្ទុះទាំងនេះ។ ចំនួនអ្នកស្លាប់ និងរបួសបានថយចុះយ៉ាងខ្លាំង (ពី ២០៦៩ នាក់ ក្នុងឆ្នាំ ១៩៩៣ មកនៅក្រោម ៣០នាក់ ក្នុងឆ្នាំ ២០២៣) ដោយសារកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លាក្នុងការងារសកម្មភាពមីន ពីគ្រប់ប្រតិបត្តិករជាតិ និងអន្តរជាតិទាំងអស់៕
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ចរាចរណ៍៤ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
សន្តិសុខសង្គម៩ ម៉ោង ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
នយោបាយ១ សប្តាហ៍ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ