Connect with us

ព័ត៌មានជាតិ

ស្ត្រីម្នាក់ផ្តើមពីទុន ១០ មុឺនរៀល ក្លាយជាម្ចាស់សិប្បកម្ម កែច្នៃគ្រាប់ធញ្ញជាតិដ៏លេចធ្លោ

បានផុស

នៅ

នៅក្នុងគ្រួសារមួយដែលធ្លាប់​ប្រឈមការខ្វះខាតក្នុងជីវភាព ស្ត្រីមួយរូបបានក្លាយជាម្ចាស់សិប្បកម្មកែច្នៃគ្រាប់ធញ្ញជាតិដ៏លេចធ្លោមួយរួបក្នុងខេត្តបាត់ដំបង ដោយផ្តើមឡើងពីដើមទុន ១០ មុឺនរៀល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី នុត សុភ័ស្ដ អាយុ ៤២ ឆ្នាំ រស់នៅភូមិរំចេក ២ សង្កាត់រតន: ក្រុងបាត់ដំបង ជាម្ចាស់សិប្បកម្មស្រីមុំ កែច្នៃគ្រាប់​ធញ្ញជាតិ បានផ្តល់បទសម្ភាសដល់កម្ពុជាថ្មីថា មុខរបរនេះ​អ្នក​ស្រីបានបង្កើតឡើងនៅឆ្នាំ២០១៥ ពីដើមទុន ​១០ ម៉ឺនរៀល។

អ្នកស្រី សុភ័ស្ត បាន​រៀបរាប់ពីប្រវត្តិនៃការចាប់ផ្តើមអាជីវកម្ម​ថា ដោយផ្តើមពីការ​ចូលចិត្តបរិភោគ​ពោត មិនថាពោត​ស្ងោរ​ឬពោត​ឆាលីង អ្នក​ស្រីបានសម្លឹងឃើញថា គ្រាប់ពោតក្នុងស្រុកសម្បូរបែបក៏ចាប់ផ្តើមទិញ​គ្រាប់ពោតតិចតួចមកធ្វើជា​ពោត​លីងសម្រាប់បរិភោគជាលក្ខណៈគ្រួសារ និងចែក​ដល់​អ្នក​ស្គាល់គ្នាមួយចំនួនបរិភោគផង។

អ្នកស្រី​បន្ត​ថា ក្រោយពីអ្នកភូមិផងរបងជាមួយ បានបរិភោគហើយបានសរសើរពីរសជាតិឆ្ងុយឆ្ងាញ់ ស្របពេលស្រុកខ្មែរសម្បូរគ្រាប់ពោត និងតម្លៃក៏ធូរថ្លៃផង អ្នក​ស្រីក៏ចាប់ផ្ដើមជ្រើសរើសគ្រាប់ពោតមកកែច្នៃទៅជាពោតលីងអប់ ដែលជាអាហារ​សម្រន់សម្រាប់​គ្រប់វ័យច្រកក្នុងកំប៉ុងនិងថង់ចងកៅស៊ូធម្មតា ហើយលក់បានច្រើនគួរសមដែលអាចដោះស្រាយជីវភាពគ្រួសារបានខ្លះៗ។

ដោយមើលឃើញថា របរមួយនេះអាចទ្រទ្រង់ជីវភាព អ្នក​ស្រី សុភ័ស្ត ក៏ចាប់ផ្តើមពង្រីកទៅជាទំហំធំក្នុងឆ្នាំ២០១៥ រហូតដល់ពេល​បច្ចុប្បន្នតែម្តង។

បន្ថែមពីនេះ ដោយមានការគាំទ្រក្រោមគម្រោងរបស់អង្គការ WIPO ពោតលីងអប់របស់អ្នក​ស្រីបាន​បង្កើន​តម្លៃបន្ថែមដោយសារតែម៉ាក (SEPAKAM SREYMOM) និងសម្បកវេចខ្ចប់ ត្រូវបានកែតម្រូវនិងចុះបញ្ជីការពារតាមច្បាប់ត្រឹមត្រូវ និងមានការគាំទ្រកាន់តែច្រើនឡើងៗរហូតដល់បច្ចុប្បន្ននេះ។

អ្នកស្រីអះអះអាង​ថា បើទោះបីជួបបញ្ហាប្រឈមមួយចំនួន ផ្នែកហិរញ្ញវត្ថុនិងសម្ភារៈក៏ដោយ អ្នកស្រី​តាំង​ចិត្ត​នឹង​បន្ត​ប្រឹងប្រែង​ ដើម្បី​ឈានដល់ភាពជោគជ័យពង្រីកការ​លក់​ក្នុងខេត្ត និងតាមបណ្តាខេត្តនានា។

ក្នុងពេលខាងមុខ អ្នកស្រី​ប្រាប់​ថា នឹងបន្តការស្រាវជ្រាវ និងកែលម្អខ្សែសង្វាក់កែច្នៃតាមបច្ចេកទេសឲ្យបានកាន់តែប្រសើរឡើងថែមទៀត ដើម្បីពង្រីកទីផ្សារឲ្យបានធំនិងធានាឲ្យបាននូវគុណភាពនិងអនាម័យល្អជូនអតិថិជន។

ទីផ្សារផលិតផលនំ​សិប្បកម្មស្រីមុំ បច្ចុប្បន្នមានលក់​ដូចជា ក្នុងខេត្តបាត់ដំបង,បន្ទាយមានជ័យ,សៀមរាប,កំពង់ធំ, កំពង់ឆ្នាំង និង​ពោធិសាត់ ជាដើម។ ចំណែក​ទីតាំងសាខាលក់នៅក្នុងខេត្តបាត់ដំបង មានដូចជា ផ្សារទំនើប ផេងឆៃលី, ឡូរីបាណន់,ផ្ទះជាងនាង, ម៉ាករានបូ, ហាងកាហ្វេម៉ារ៉ាឌីមុខបូរីរំចេក, ហាងគាធូចរិយាផ្លូវជាតិលេខ ៥, ម៉ាតសូរិយាបាត់ដំបង, ហាងបាយប៉ែនចេង, រីសតវត្តគរ,​ផ្សាររាត្រីភ្នំសំពៅ, ឬមកដល់ទីតាំងផ្ទាល់ក៏បាន គឺស្ថិតក្នុងភូមិរំចេក២ សង្កាត់រតន: ក្រុងបាត់ដំបង។

មន្ត្រីនៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបង​ទទួលស្គាល់ថា ពោតលីអប់របស់ “សិប្បកម្មស្រីមុំ” ពិតជាមានរសជាតិឆ្ងុយឆ្ងាញ់ និង​កោតសរសើនូវភាពវៃឆ្លាត ក្នុងការកែច្នៃគ្រាប់ធញ្ញជាតិក្នុងស្រុក ជាអាហារសម្រន់ដ៏មានរសជាតិឆ្ងុយឆ្ងាញ់។

គួរ​បញ្ជាក់ថា ក្រៅពីកែច្នៃគ្រាប់ពោត សិប្បកម្ម​ស្រីមុំ ក៏មានកែច្នៃ​គ្រាប់ធញ្ញាតិផ្សេងទៀតជា​អាហារសម្រន់​មាន​ដូចជាគ្រាប់​ផ្លែល្ពៅជាដើម៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

ដូណាល់ ត្រាំ ចង់ជួប គីម ជុងអ៊ុន ម្តងទៀត

ព័ត៌មានជាតិ១០ នាទីutes មុន

ប្រែក្លាយពលរដ្ឋទៅជាពលរដ្ឋឌីជីថល រដ្ឋាភិបាល​ដាក់​​ផែនការ​យុទ្ធសាស្រ្ត​បែប​ណា​ខ្លះ?

ព័ត៌មានជាតិ២៣ នាទីutes មុន

កម្ពុជា កំពុងមានតម្រូវការកម្លាំងពលកម្មក្នុងស្រុក ជាង ៦ ម៉ឺនកន្លែង បម្រើវិស័យឧស្សាហកម្ម សេវាកម្ម និង កសិកម្ម

ព័ត៌មានអន្ដរជាតិ៤១ នាទីutes មុន

អ្នកក្រុងហាណូយ អង្គុយចាំទិញមាស ​តាំងពី​ម៉ោង​ ៣​ ទៀប​ភ្លឺ នៅថ្ងៃនាំសំណាងល្អ

ព័ត៌មានជាតិ៥២ នាទីutes មុន

តាកែវ កណ្តាល និង​សៀមរាប ​​សាងសង់​បង្គោល​អង់តែនទូរសព្ទ​​បន្ថែម​បាន ១៩២ ក្នុងផែនការ ៣៩៤ បង្គោល

Sokha Hotels

ព័ត៌មានពេញនិយម