Connect with us

ព័ត៌មានជាតិ

ស្ពានអាកាសភ្លោះភ្ជាប់ផ្លូវ ៦០ ម៉ែត្រ​ ទៅព្រលានអន្តរជាតិតេជោ ប្រកាសបើកការដ្ឋាននៅ​ថ្ងៃ ១៧ មិថុនា​ នេះ

បានផុស

នៅ

តាមការគ្រោងទុក នៅព្រឹកថ្ងៃចន្ទ ទី១៧ ខែមិថុនា ឆ្នាំ២០២៤ សម្ដេចធិ​បតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជាអធិបតី​ភាពដ៏ខ្ពង់ខ្ពស់បំផុតក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះ ត្រង់ចំណុចផ្លូវប្រសព្វមហាវិថីសម្ដេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ស្ថិតនៅភូមិបត្តាជី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ នេះបើតាមសេចក្ដីជូនដំណឹងរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសេចក្ដីជូនដំណឹង មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល នឹងបិទចរាចរណ៍យាន្តជំនិះគ្រប់ប្រភេទ នៅលើកំណាត់ផ្លូវជាតិលេខ២ ចាប់ពីចំណុចស្តុបព្រែកហូរ រហូតដល់ផ្លូវចូលវត្តព្រែកថ្លឹង និងបិទចរាចរណ៍លើកំណាត់មហាវិថីសម្ដេចតេជោ ហ៊ុន សែន ​ចាប់ពីផ្លូវក្រវ៉ាត់ក្រុងទី២ រហូតដល់ផ្លូវក្រវ៉ាត់ក្រុងទី៣។

សម្រាប់យាន្តជំនិះគ្រប់ប្រភេទ ដែលចង់ធ្វើដំណើរតាមផ្លូវជាតិលេខ២ ចាប់ពីចំណុចស្តុបព្រែកហូរ រហូតដល់ផ្លូវចូលវត្តព្រែកថ្លឹង និងលើកំណាត់មហាវិថីសម្ដេចតេជោ ហ៊ុន សែន ​ចាប់ពីផ្លូវក្រវ៉ាត់ក្រុងទី២ រហូតដល់ផ្លូវក្រវ៉ាត់ក្រុងទី៣ ត្រូវធ្វើដំណើរវាងតាមផ្លូវក្រវ៉ាត់ក្រុងទី៣ ផ្លូវក្រវ៉ាត់ក្រុងទី២ និងផ្លូវជាតិលេខ២១វិញ។

គួរឱ្យដឹងថា គេនៅមិនដឹងអំពីប្រវែង និងទំហំស្ពាន ទទឹងតួស្ពាន និងរចនាសម្ព័ន្ធជាក់លាក់នៅឡើយទេ គិតមកទល់ពេលនេះ។

«កម្ពុជាថ្មី» បានទាក់ទងទៅ លោក ផន រឹម មន្រ្តី​អ្នក​នាំពាក្យ​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​ ដើម្បីសុំគូសបញ្ជាក់ពីរចនាសម្ព័ន្ធរបស់គម្រោងលម្អិត ប៉ុន្តែលោកបាន​ឲ្យ​​​ដឹង​ថា ​គម្រោងសាងសង់ស្ពានអាកាសភ្លោះនេះ មិន​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​​​ក្រសួងឡើយ ពោលជា​គម្រោង​​របស់​រដ្ឋបាលរាជធានី​ភ្នំពេញ។

កាល​ពីសប្តាហ៍​មុន​ នៅ​​​សាលា​​រាជធានី​ភ្នំពេញ​ ក៏បានរៀបចំ​​កិច្ច​ប្រជុំ​ចង្អៀត​មួយ​ពាក់ព័ន្ធ​គម្រោង​សាងសង់​ស្ពានអាកាស​ភ្លោះ​នេះ​​ ប៉ុន្តែ​​លទ្ធផលលម្អិតយ៉ាងណាមិន​ត្រូវ​បានប្រកាស​ឲ្យ​អ្នក​សារព័ត៌មាន​ដឹង​នោះ​ទេ​។

បន្ថែមពីនេះ «កម្ពុជា​ថ្មី»​ ក៏បាន​ព្យាយាម​ទាក់ទង​ទៅ​មន្រ្តី​​ព្រលាន​យន្តហោះអន្តរជាតិ​​តេជោ​ តែ​មិន​ទាន់​ទទួល​បានការ​ឆ្លើយតប៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម