ព័ត៌មានជាតិ
សហជីពក្នុងវិស័យកាត់ដេរ និងសេដ្ឋកិច្ចក្រៅប្រព័ន្ធជាង៤ម៉ឺននាក់ ដាក់ញត្តិថ្កោលទោសរបាយការណ៍ និងសកម្មភាពសង់ត្រាល់
ភ្នំពេញ ៖ ថ្នាក់ដឹកនាំសហព័ន្ធសហជីព សមាគម ជាង១០០នាក់ តំណាងឱ្យសមាជិកសមាជិកា ដែលបំពេញការងារ ក្នុងវិស័យកាត់ដេរ និង សេដ្ឋកិច្ចក្រៅប្រព័ន្ធ ចំនួន៤ម៉ឺននាក់ ដង្ហែក្បួនទៅដាក់ញត្តិថ្កោលទោសចំពោះការបញ្ចេញរបាយការណ៍ អង្គការសង់ត្រាល់ ដែលវាយតម្លៃសេរីភាពសហជីព ក្នុងប្រទេសកម្ពុជាមិនបានឆ្លុះបញ្ចាំងពីទិដ្ឋភាពពិត នៃស្ថានភាពសហជីពនៅកម្ពុជា។
ក្រុមអ្នកតំណាងទាំងអស់បានប្រមូលផ្តុំគ្នា នៅមុខមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់«សង់ត្រាល់» ដែលមានទីតាំងស្ថិតនៅភូមិបឹងទំពុន២ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ នៅវេលាម៉ោង១ រសៀល ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤នេះ។
លោក ហ៊ុយ សម្បត្តិ អ្នកនាំពាក្យ សហពន្ធសហជីពរក្សាសិទ្ធកម្មករកម្ពុជា បានឱ្យដឹងថា ការដាក់ញត្តិនេះដោយសារតែមាន ការព្រួយបារម្ភអំពីផលប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចគ្រួសាររបស់កម្មករនិយោជិត និង ស្ថេរភាពការងារ តាមរោងចក្រ សហគ្រាស ដែលបណ្ដាលមកពីរបាយការណ៍របស់អង្គការសង់ត្រាល់ ដែលវាយតម្លៃសេរីភាព សហជីព ក្នុងប្រទេសកម្ពុជា មិនបានឆ្លុះបញ្ចាំងពីទិដ្ឋភាពពិតសម្រាប់ស្ថានភាពសហជីពនៅកម្ពុជា និងគ្មានមូលដ្ឋានដែលមិនអាចទទួលយកបាន។
លោកថា សកម្មភាពរបស់ អង្គការសង់ត្រាល់នេះ មិនបានជួយដល់បងប្អូនកម្មករនិយោជិតទូទៅនៅក្នុងប្រទេសកម្ពុជាឡើយ ផ្ទុយទៅវិញសកម្មភាពរបស់អង្គការ សង់ត្រាល់ បែរជាធ្វើឱ្យប៉ះពាល់អារម្មណ៍អ្នកវិនិយោគទុន ដែលមានស្រាប់ និងអ្នកវិនិយោគ ដែលកំពុងនឹងត្រៀមមកវិនិយោគ នៅកម្ពុជាយ៉ាងខ្លាំង។ ម្យ៉ាងវិញទៀត សកម្មភាព អង្គការ សង់ត្រាល់ ធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ ដែលជះឥទ្ធិពល ដល់សេដ្ឋកិច្ចក្នុងគ្រួសារ និងស្ថេរភាពការងារ របស់កម្មករនិយោជិតក្នុង និងក្រៅប្រព័ន្ធទាំងអស់នៅក្នុងប្រទេសកម្ពុជា។
ក្នុងខ្លឹមសារញត្តិដែលបានយកទៅដាក់នោះ សហជីពសូមបញ្ជាក់ថា វិស័យការងារ នៅកម្ពុជាកាន់តែប្រសើរឡើងហើយសិទ្ធិសេរីភាពរបស់សហជីពក៏កាន់តែប្រសើរឡើង ហើយកម្មករនិយោជិត ក៏ទទួលបានលក្ខខណ្ឌការងារកាន់តែប្រសើរ និងសមរម្យ ទាំងប្រាក់ឈ្នួលនិងលក្ខខណ្ឌផ្សេងៗ ផ្ទុយទៅវិញ អង្គការ សង់ត្រាល់ បែរជាចេញរបាយការណ៍ កំណត់យកតែមតិភាគតិចហើយសន្និដ្ឋានជារួមប្រាស់ចាកស្ថានភាពជាក់ស្តែង។
តាមរបាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បច្ចុប្បន្នចំនួនបញ្ជិកាសហជីពមូលដ្ឋាននៅកម្ពុជា មានការកើនឡើង ពីជាង៣ពាន់នៅឆ្នាំ២០១៦ ដល់ជាង៦ពាន់នៅឆ្នាំ២០២៤ ចំពោះការកើនឡើងសហជីពនៅកម្ពុជាទ្វេដងក្នុងរយៈ ពេលដ៏ខ្លីនេះត្រូវបានគេមើលឃើញថា កម្ពុជាមានសេរីភាពសហជីពពេញលេញ គ្មានការរើសអើង ផ្ទុយស្រឡះពី របាយការណ៍របស់សង់ត្រាល់។
លោក ហ៊ុយ សម្បត្តិ បានឱ្យដឹងទៀតថា សកម្មភាពរបស់អង្គការ សង់ត្រាល់ ដែលបានធ្វើកន្លងមក គឺមានភាពលម្អៀង រើសអើងមិនយុត្តិធម៌ មិនស្មើ ភាពតែងតែរំលោភបំពានជ្រៀតជ្រែកលើកិច្ចការ ជំនាញរបស់អង្គការវិជ្ជាជីវៈ(សហជីព) ហើយអង្គការ សង់ត្រាល់ មិនដែលលើកឡើងនូវភាពវិជ្ជមានរបស់កម្ពុជាលើឆាកអន្តរជាតិ។ មិនតែប៉ុណ្ណោះ ធ្វើឱ្យអន្តរជាតិមានការយល់ច្រលំ មកលើប្រទេសកម្ពុជា។
លោកបន្ថែមថា អង្គការសង់ត្រាល់ជាអង្គការសង្គមស៊ីវិល ដែលចុះបញ្ជីនៅក្រសួងមហាផ្ទៃ មិនមែនជាអង្គការវិជ្ជាជីវៈ ដែលចុះបញ្ជីនៅ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈទេ។ ផ្ទុយទៅវិញ អង្គការសង្គមស៊ីវិលមួយនេះកន្លងមក បានធ្វើកម្មភាពជាច្រើនរំលោភសិទ្ធិកិច្ចការងាររបស់អង្គការវិជ្ជាជីវៈ ដែលហៅថា(សហជីព របស់កម្មករនិយោជិត)ដែលបានចុះបញ្ជីនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
លោកបញ្ជាក់ថា «យើងខ្ញុំទាំងអស់គ្នា សំណូមពរអង្គការ សង់ត្រាល់បញ្ឈប់ធ្វើសកម្មភាពដែលប៉ះពាល់ជំនាញរបស់អង្គការវិជ្ជាជីវៈ(សហជីព)។ យើងខ្ញុំទាំងអស់ គ្នាមានការសោកស្តាយយ៉ាងខ្លាំងដែលអង្គការ សង់ត្រាល់ បានធ្វើសកម្មភាពទាំងអស់នេះ»។
គួររំលឹកថា កាលពីថ្ងៃទី៤ ខែមិថុនា អង្គការសង់ត្រាល់ បានចេញផ្សាយរបាយការណ៍មួយ បង្ហាញថា ខ្លួនបានសម្ភាសន៍តំណាងសហជីពមកពីកន្លែងការងារចំនួន ១០ ក្នុងចំណោមកន្លែងការងារទាំង ១៤ ដែលរាយការណ៍ថា ពួកគេត្រូវបានរឹតត្បិតសិទ្ធសេរីភាព បំភិតបំភ័យ ការគំរាមកំហែង ការយាយី និងការដាក់ក្នុងបញ្ជីខ្មៅ ដែលជាហេតុធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើសមត្ថភាពរបស់ពួកគេក្នុងការបំពេញការងារ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា