សេដ្ឋកិច្ច
កម្ពុជា-ឥណ្ឌា បានសម្ពោធជាផ្លូវការនូវជើងហោះហើរត្រង់ជាប្រវត្តិសាស្រ្ត ថ្ងៃ ១៦ មិថុនា
នៅថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៤ ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ បានសហការរៀបចំពិធីសម្ពោធការហោះហើរត្រង់លើកដំបូងរវាងកម្ពុជានិងឥណ្ឌា និងពិធី “ឆ្នាំ ២០២៤ ទេសចរណ៍កម្ពុជា-ឥណ្ឌា លើកទី ១” ដែលព្រឹត្តិការណ៍នេះប្រារព្ធឡើង នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
ពិធីនេះ រៀបចំឡើងក្រោមអធិបតីភាពលោក នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ នាយករដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត និងមានការចូលរួមពីលោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល (SSCA) ខណៈថ្នាក់ដឹកនាំទាំងពីរ បានគូសបញ្ជាក់ថា ការបើកជើងហោះហើរត្រង់នេះនឹងពង្រឹងទំនាក់ទំនង សង្គមវប្បធម៌ និងសេដ្ឋកិច្ចយ៉ាងសំខាន់រវាងកម្ពុជានិងឥណ្ឌា។
ការហោះហើរត្រង់ នឹងធ្វើឡើងចំនួន៤ជើងក្នុងមួយសប្តាហ៍ ជារៀងរាល់ថ្ងៃ ចន្ទ ពុធ សុក្រ និងអាទិត្យ ពីរាជធានីភ្នំពេញទៅកាន់រដ្ឋធានីញ៉ូវដែលី (New Delhi) តាមរយៈជើងហោះហើរលេខ K6 760 ដោយចេញពីអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ នៅវេលាម៉ោង១៦និង៤៥នាទី ហើយទៅដល់រដ្ឋធានីញ៉ូវដែលី (New Delhi) នៅវេលាម៉ោង១៩និង៥០នាទី ជាមួយរយៈពេលនៃការហោះហើរ ចំនួន៤ម៉ោងនិង៣៥នាទី ដោយប្រើប្រាស់អាកាសយានប្រភេទ Airbus 320។ បើតាមផែនការរបស់ក្រុមហ៊ុន និងយោងតាមសេចក្តីត្រូវការជាក់ស្តែងរបស់ទីផ្សារ ការហោះហើររៀងរាល់ថ្ងៃទៅកាន់រដ្ឋធានីញ៉ូវដែលី នឹងអាចចាប់ផ្តើមពីចុងខែតុលាឆ្នាំ២០២៤ ខាងមុខនេះតទៅ។
នាឱកាសនោះ លោក នេត សាវឿន បានចាត់ទុកព្រឹត្តិការណ៍ថ្ងៃនេះ គឺជាការបើកទំព័រសករាជថ្មីមួយក្នុងវិស័យអាកាសចរណ៍ស៊ីវិលកម្ពុជា និងវិស័យអាកាសចរណ៍ស៊ីវិលឥណ្ឌា ដែលនាំមកនូវអត្ថប្រយោជន៍ផ្លែផ្កាជាច្រើនដល់ប្រទេសទាំងពីរ ជាពិសេសវិស័យសេដ្ឋកិច្ច ទេសចរណ៍ ពាណិជ្ជកម្ម កសិកម្ម ឧស្សាហកម្ម អប់រំ សុខាភិបាល និងវិស័យសំខាន់នានាជាច្រើនទៀត។ លោកបញ្ជាក់ថា៖«ជាក់ស្តែង ការបើកផ្លូវឱ្យមានជើងហោះហើរត្រង់ កម្ពុជា-ឥណ្ឌា នាឱកាសនេះគឺជាសក្ខីភាពមួយបង្ហាញពីជោគជ័យត្រចះត្រចង់ក្នុងវិស័យអាកាសចរណ៍ស៊ីវិលរបស់យើង»។
ជាមួយគ្នានេះ លោក ម៉ៅ ហាវណ្ណាល់ បានលើកឡើងថា ដើម្បីបន្តរួមចំណែកក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ ឆ្នាំ២០២៤-២០២៨ និងជំរុញឱ្យមានកំណើនអ្នកធ្វើដំណើរ និងការដឹកជញ្ជូនទំនិញតាមផ្លូវអាកាស រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នឹងបន្តអនុវត្តគោលនយោបាយបើកចំហជើងមេឃ ពង្រឹងសុវត្ថិភាព និងសន្តិសុខអាកាសចរណ៍ បន្តពង្រឹងនិងពង្រីកហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានជាតិនិងអន្តរជាតិ ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិទាំងទ្វេភាគី និងពហុភាគី ព្រមទាំងបន្តកិច្ចប្រឹងប្រែងបង្កើនការហោះហើរត្រង់មកកាន់កម្ពុជា ទាំងក្នុងតំបន់ តំបន់មជ្ឈឹមបូព៌ា និងជាពិសេសអឺរ៉ុប។
បើតាមរបាយការណ៍របស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ចំពោះលទ្ធផលនៃការដឹកជញ្ជូនតាមផ្លូវអាកាសនៅក្នុងឆ្នាំ២០២៣ កម្ពុជាបានទទួល អ្នកធ្វើដំណើរតាមផ្លូវអាកាសទាំងក្នុងស្រុកនិងអន្តរជាតិ ដែលមានចំនួនជាង ៥លាន ១សែននាក់ កើនឡើង ១១៥% ធៀបនឹងរយៈពេល ១២ខែ នៅក្នុងឆ្នាំ២០២២ ដែល ជាដំណាក់កាលងើបឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩។
ដោយឡែកក្នុងឆ្នាំ២០២៤ នេះ យើងមានក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកនិងបរទេសចំនួន៣១ ដែលកំពុងតភ្ជាប់ ជើងហោះហើរឡើងវិញពីប្រទេសអាស៊ានទាំង៨ ចិន កូរ៉េខាងត្បូង ហុងកុង កោះតៃវ៉ាន់ រដ្ឋ កាតា និងអេមីរ៉ាតអារ៉ាប់រួម ហើយចាប់ពីដើមខែឧសភា ឆ្នាំ២០២៤។
កន្លងមក ក្រុមហ៊ុនអាកាសចរណ៍ Emirates Airlines បានហោះហើរមកកម្ពុជាឡើងវិញពីទីក្រុង Dubai មករាជធានីភ្នំពេញ ដោយឆ្លងកាត់ប្រទេសសិង្ហបុរីជាលក្ខណៈហោះហើរសិទ្ធិទី៥។ អំឡុងពេលចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៤ កម្ពុជាបានទទួល អ្នកធ្វើដំណើរតាមផ្លូវអាកាស មានចំនួនជាង ២លាន ៥សែននាក់ ពោលគឺមានការ កើនឡើង ២២% ធៀបនឹងអំឡុងពេលដូចគ្នានៅឆ្នាំ២០២៣ ដែលមានចំនួនត្រឹមតែជាង ២លាន ១សែននាក់។
ផ្អែកតាមរបាយការណ៍ខាងលើនេះ លោក ម៉ៅ ហាវណ្ណាល់ បានគូសបញ្ជាក់ថា៖«ដូច្នេះ យើងអាចនិយាយជារួមបានថា សកម្មភាពការដឹក ជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជា បានស្ដារឡើងវិញបន្តិចម្តងៗ បន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩ និងកំពុងបោះជំហានទៅមុខគួរជាទីមោទនៈ៕
អត្ថបទ៖ ឡាយ សាមាន
-
វប្បធម៌ ជំនឿ១ សប្តាហ៍ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
«ភូមិទៀមលើ» មានប្រវត្តិជូរចត់ កើតចេញពីចម្បាំងរវាងកុលសម្ព័ន្ធ និងកុលសម្ព័ន្ធជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី
-
សុខភាព៤ ម៉ោង ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ