ព័ត៌មានជាតិ
ថ្ងៃ ៥ សីហា គ្រឿងចក្រជីកព្រែក «ហ្វូណន-តេជោ» នឹងបង្ហាញជាផ្លូវការ មន្រ្តីស្នើមហាជនកុំចែកចាយរូបភាពណាគ្មានប្រភពច្បាស់លាស់
រូបភាពកប៉ាល់ដ៏ធំមួយ ដែលមហាជនអះអាងថាសម្រាប់ប្រើប្រាស់ក្នុងគម្រោងព្រែកជីកហ្វូណនតេជោ ត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមចែករំលែកតគ្នាយ៉ាងផុលផុសនៅប៉ុន្មានថ្ងៃនេះ។ តែមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន ស្នើពលរដ្ឋកុំចែកចាយព័ត៌មានឬរូបភាពណាដែលគ្មានប្រភពច្បាស់់លាស់ នាំឲ្យមានការយល់ច្រឡំក្នុងចំណោមសាធារណមតិ ។
កប៉ាល់ដែលមហាជនអះអាងថាសម្រាប់ជីកព្រែកហ្វូណនតេជោ
លោក ផន រឹម មន្រ្តីអ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូនបានឲ្យកម្ពុជាថ្មីដឹងថា ការបន្តចែកចាយព័ត៌មានឬរូបភាពណាមួយគ្មានប្រភពច្បាស់លាស់និងមិនផ្លូវការ អាចនាំឲ្យមានការយល់ច្រឡំក្នុងចំណោមសាធារណមតិ។
ពាក់ព័ន្ធការចែកចាយរូបភាពកប៉ាល់ដ៏ធំមួយ ដែលមហាជនអះអាងសម្រាប់ប្រើប្រាស់ក្នុងគម្រោងព្រែកជីកតម្លៃរាប់ពាន់លានដុល្លារនេះ លោន ផន រឹម បានបញ្ជាក់ថា គ្រឿងចក្រសម្រាប់ដំណើរការជីកព្រែក «ហ្វូណន-តេជោ» នឹងត្រូវតាំងបង្ហាញ និងប្រកាសនៅថ្ងៃសម្ពោធបើកការដ្ឋានផ្លូវការនៅថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។
ជុំវិញសំនួររបស់កម្ពុជាថ្មី តើការបន្តចែកចាយព័ត៌មានគ្មានប្រភពច្បាស់លាស់នេះ អាចនាំឲ្យប៉ះពាល់ដល់ដំណើរការគម្រោងឬយ៉ាងណា? លោក ផន រឹម មិនបានឆ្លើយតបនោះទេ ដោយលោកគ្រាន់តែស្នើមហាជនកុំបន្តចែករំលែករូបភាពឬព័ត៌មានណាដែលគ្មានប្រភពត្រឹមត្រូវ ហើយលោកស្នើឲ្យមហាជនរង់ចាំថ្ងៃសម្ពោធបើកការដ្ឋានជាផ្លូវការនៅពេលខាងមុខ។
ថ្មីៗនេះមានការចែកចាយតៗគ្នាពីរូបភាពកប៉ាលដ៏ធំមួយ ដែលមតិមហាជនលើកឡើងសម្រាប់ប្រើប្រាស់ក្នុងគម្រោងជីកព្រែកហ្វូណនតេជោតម្លៃ ១៧០០ លានដុល្លារ។
ឧកញ៉ាបណ្ឌិត សុិន ចន្ធី អគ្គនាយកក្រុមហ៊ុនឡាញហលអេចប្រេសខេមបូឌា ជាអ្នកជំនាញក្នុងវិស័យភស្តភាកម្ម និង ដឹកជញ្ជូន និងជាប្រធានសមាគមអ្នកដឹកជញ្ជូនទំនិញកម្ពុជាបានមើលឃើញថា កាលណាមានការផ្សព្វផ្សាយអ្វីមួយមិនសមស្រប អាចធ្វើឲ្យប៉ះពាល់ដល់ការអនុវត្តគម្រោងរបស់រដ្ឋាភិបាល។
លោកបានលើកឡើងពាក់ព័ន្ធ ថ្មីៗនេះមានការបង្ហោះរូបភាពកប៉ាល់ដ៏ធំមួយ ដែលមិនមានប្រភពបញ្ជាក់ច្បាស់លាស់មិនគួរផ្សព្វផ្សាយនោះទេ។ លោកស្នើឲ្យមហាជនមុនចែកចាយរូបភាពព័ត៌មានណាមួយ ត្រូវស្វែងរកប្រភពឲ្យបានច្បាស់លាស់ ចៀសវាងការចែកចាយតៗគ្នាខុសពីការពិតនាំឲ្យមានការយល់ច្រឡំ និងអាចនាំឲ្យប៉ះពាល់ដល់ដំណើការនៃគម្រោង។
ប្រមុខរដ្ឋាភិបាលសម្តេចធិបធី ហ៊ុន ម៉ាណែត ប្រកាសនឹងបើកការដ្ឋានសាងសង់ គម្រោងព្រែកជីកហ្វូណនតេជោនៅថ្ងៃ ០៥ សីហា ឆ្នាំ ២០២៤។ ការប្រកាសនេះធ្វើឡើង នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកំពង់ផែពហុបំណងកំពត នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤។
ព្រែកជីកហ្វូណនតេជោ គឺជាគម្រោងផ្លូវទឹកប្រវត្ដិសាស្ដ្ររបស់កម្ពុជា ដែលតភ្ជាប់ផ្លូវទឹកសាប ទៅកាន់ផ្លូវទឹកសមុទ្រ ខណៈគម្រោងត្រូវបានរាជរដ្ឋាភិបាលអនុម័តឲ្យអនុវត្ដកាលពីពាក់កណ្ដាលឆ្នាំ២០២៣ កន្លងទៅ។
តាមការសិក្សាគម្រោងព្រែកជីកប្រវត្តិសាស្រ្តនេះ មានប្រវែង ១៨០ គីឡូម៉ែត្រ ចាប់ផ្ដើមពីចំណុចព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាម ព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ស្រុកកោះធំ និង បន្តរហូត ដល់ សមុទ្រ ខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និង ខេត្ត កែប។
ថ្លែងនៅក្នុងជំនួបជាមូយសមាគមឧកញ៉ាកាលពីនៅយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ អតីតនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសគាំទ្រដាច់អហង្ការនឹងឲ្យគម្រោងព្រែកជីកហ្វូណនតេជោសម្រេចឲ្យបាន ទោះបីត្រូវបង់តម្លៃណាក៏ដោយ។
សម្តេចតេជោ បានបញ្ជាក់ថា គម្រោងព្រែកជីកនេះជាតម្រូវការរបស់កម្ពុជា ព្រោះព្រែកជីកនេះនឹងផ្តល់អត្ថប្រយោជន៍ជាច្រើន រួមទាំងការដឹកជញ្ជូន ការផលិតត្រី ជលផល និងជីវភាពរស់នៅ ហើយនឹងអាចបញ្ចៀសទឹកជំនន់នៅក្នុងខេត្តមួយចំនួនផងដែរ។
ដោយមានជំនឿចិត្តថា កម្ពុជាត្រូវតែសាងសង់ព្រែកជីកហ្វូណន-តេជោឱ្យបាន សម្តេចបានលើកឡើងថា បើទោះបីជាកម្ពុជា មិនអាចរកទុនពីបរទេសមកវិនិយោគក្តី ក៏កម្ពុជាត្រូវរកទុនក្នុងស្រុកតាមរយៈអ្នកឧកញ៉ា និងឧកញ៉ា ដែលជាអ្នកមានធនធាន។
សម្តេចតេជោ ហ៊ុន សែន សង្កត់ធ្ងន់ថា សម្តេចនឹងឈរជាប់ជាមួយរាជរដ្ឋាភិបាល គាំទ្ររាជរដ្ឋាភិបាល ក្នុងការកៀរគរទុនមកវិនិយោគឱ្យខានតែបាន ព្រោះគម្រោងនេះផ្តល់ប្រយោជន៍យ៉ាងធំធេងសម្រាប់ប្រជាជនកម្ពុជា។
លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទីមួយក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាបានគូសបញ្ជាក់ថា គម្រោងព្រែកជីកហ្វូនណនតេជោ អាចធ្វើឲ្យថ្លៃដឹកជញ្ជូនទំនិញចេញពីកម្ពុជាចំណេញប្រហែល ២០០ ដុល្លារ ទៅ ៣០០ ដុល្លារ ដោយមិនបាច់ឆ្លងកាត់ប្រទេសវៀតណាម។
លោក ស៊ុន ចាន់ថុល បានអះអាងថា ទំនិញចេញពីកម្ពុជាជាង ៣០% បានដឹកឆ្លងកាត់ប្រទេសវៀតណាម។ អីចឹងទេ តាមរយៈគម្រោងព្រែកជីកហ្វូណននឹងសម្រួលថ្លៃដឹកជញ្ជូន ធ្វើឲ្យកម្ពុជាមានលទ្ធភាពប្រកួតប្រជែងថ្លៃដឹកជញ្ជូនជាមួយប្រទេសជិតខាង។
ទាក់ទងគម្រោងព្រែកជីកហ្វូណនតេជោ ដែលមានការចោទប្រកាន់ដោយមតិជ្រុលនិយមថា ដើម្បីសម្រួលកងទ័ពចិន លោក ស៊ុន ចាន់ថុល បានឆ្លើយតបថា ជាការមូលបង្កាច់ទាំងស្រុង។
លោកថា រដ្ឋធម្មនុញ្ញកម្ពុជាបានកំណត់ច្បាស់ហើយថា មិនអនុញ្ញាតឲ្យបរទេសដាក់កងទ័ពប្រើប្រាស់ទឹកដីកម្ពុជានោះទេ។
ជាមួយគ្នានេះ លោកក៏ឆ្លើយតបមតិលើកឡើងថា គម្រោងព្រែកជីកនេះធ្វើឲ្យកម្ពុជាខាតបង់ និងប៉ះពាល់ដល់បរិស្ថាននោះ ជាការលើកឡើងដោយគ្មានមូលដ្ឋាន។
លោកថា គម្រោងព្រែកជីកនេះ បានសិក្សាទាំងផលប៉ះពាល់បរិស្ថាន ការសិក្សាលំហូរទឹកចេញចូល ផលប៉ះពាល់ចំពោះសង្គម និងផ្នែកផ្លូវច្បាប់។
តាមការសិក្សាគម្រោងព្រែកជីកហ្វូណនតេជោ នឹងត្រូវចាយថវិកាសាងសង់ប្រមាណ ១៧០០ លានដុល្លារ។ តាមរយៈគម្រោងនេះ នឹងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន ដូចជា កាត់បន្ថយតម្លៃដឹកជញ្ជូន កាត់បន្ថយពេលវេលាចម្ងាយ ការខូចខាតផ្លូវថ្នល់ ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាកាត់បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទក្នុងការឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ ការបង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍន៍ផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាបនៅតាមព្រែក អចលនទ្រព្យ និងការវិនិយោគផ្សេងៗជាដើម៕
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជើងហោះហើរនៅអាកាសយានដ្ឋានសៀមរាបអង្គរ កើនឡើងពី ២០ ជើង ទៅ ៥០ ជើងក្នុងមួយថ្ងៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មកស្គាល់ពីសាកលវិទ្យាល័យចំនួន៦ សម្រាប់សិស្សដែលទើបបញ្ចប់ការសិក្សាទី១២ អាចរើសជំនាញដែលសមស្រប
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
រដ្ឋកំពុងសិក្សាផ្លូវជិះកង់ពីខេត្តកែប ដល់ខេត្តកោះកុង នៅតាមមាត់សមុទ្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការសិក្សាថ្មី! ភពអ៊ុយរ៉ានូស អាចឲ្យមនុស្សរស់នៅបាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
យន្តហោះBoeing ដឹកអ្នកដំណើរ២៤៩នាក់ ហោះបុកសត្វស្លាប បណ្តាលឲ្យឆេះម៉ាស៊ីន
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ចោទប្រកាន់មនុស្ស៣នាក់ ជាប់ពាក់ព័ន្ធការស្លាប់ Liam Payne អតីតក្រុម One Direction
-
ព័ត៌មានជាតិ១ ថ្ងៃ ago
រាជធានីខេត្តចំនួន ៣ ទទួលបានភ្ញៀវទេសចរច្រើនជាងគេ នៅថ្ងៃទី ១ នៃពិធីបុណ្យអុំទូក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់បញ្ជូនឃាតករទៅសម្លាប់លោកត្រាំជាការសងសឹកជូនឧត្តមសេនីយ៍ Qassem Soleimani