Connect with us

ព័ត៌មានអន្ដរជាតិ

ដឹង​កូរ៉េ​ខាង​ជើង ដឹក​អាវុធ​ឲ្យ​រុស្ស៊ី ប៉ុន្មាន​កុងតឺន័រ​ហើយ ដើម្បី​យក​ទៅ​ច្បាំង​នៅ​អ៊ុយក្រែន?

បានផុស

នៅ

ខណៈ​សង្គ្រាម​អូសបន្លាយ​មិន​ដឹង​ថ្ងៃ​ណា​អាច​បញ្ចប់ រុស្ស៊ី​កំពុង​មាន​តម្រូវការ​សព្វាវុធ​ជា​ច្រើន​បន្ត​បន្ទាប់​ទៀត ដើម្បី​យក​​ទៅ​ធ្វើ​សឹក​សង្គ្រាម​នៅ​អ៊ុយក្រែន ហើយ​​មួយ​នៅ​ក្នុង​​ចំណោម​អ្នក​ផ្គត់ផ្គង់​អាវុធ​ដ៏​សំខាន់​របស់​ក្រុង​មូស្គូ គឺ​ប្រទេស​កូរ៉េ​ខាង​ជើង។ បើ​​តាម​របាយការណ៍​របស់​កូរ៉េ​ខាង​​ត្បូង និង​សហរដ្ឋ​អាមេរិក បាន​ឲ្យ​​ដឹង​​ថា ក្រុង​ព្យុងយ៉ាង​បាន​និង​កំពុង​ដឹក​សព្វាវុធ​ឲ្យ​រុស្ស៊ី​ក្នុង​ចំនួន​មិន​តិច​នោះ​ទេ ដោយ​យ៉ាង​ហោច​ណាស់​ក៏​មាន​ ១​​ម៉ឺន​កុងតឺន័រ​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាមេរិក បាន​ចោទ​ប្រកាន់​​​កូរ៉េ​ខាង​ជើង ជា​លើក​ដំបូង​ ​ថា​​បាន​ចាប់ផ្ដើម​លក់​អាវុធ​ឲ្យ​រុស្ស៊ី តាំង​ពី​ខែ​កញ្ញា ឆ្នាំ​២០២២​កន្លង​ទៅ ពោល​គឺ​រយៈពេល​៧​ខែ​បន្ទាប់​ពី​ផ្ទុះ​មាន​សង្គ្រាម​នៅ​អ៊ុយក្រែន។ យ៉ាង​ណា​មិញ នៅ​កាល​ណោះ​កូរ៉េ​ខាង​ជើង​បាន​បដិសេធ​មិន​ទទួល​ស្គាល់​នោះ​ឡើយ។

បន្ទាប់​មក​នៅ​ចុង​ខែ​សីហា ឆ្នាំ​២០២៣ សេតវិមាន​បាន​ព្រមាន​លោក វ៉្លាឌឺមៀ ពូទីន ​មេដឹក​នាំ​រុស្ស៊ី និង​លោក គីម ជុងអ៊ុន មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង ដោយ​ចោទ​ថា អ្នក​ទាំង​២​បាន​លួច​ចរចា​រឿង​ផ្គត់​ផ្គង់​អាវុធ​ដោយ​សម្ងាត់។ រួច​មក​នៅ​ក្នុង​ខែ​កញ្ញា លោក គីម ជុងអ៊ុន ក៏​បាន​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​​​តំបន់​ភាគ​កើត​ប្រទេស​រុស្ស៊ី ហើយ​ប៉ុន្មាន​សប្ដាហ៍​បន្ទាប់ មន្ត្រី​​អាមេរិក ក៏​បាន​​ប្រកាស​ថា កូរ៉េ​ខាង​ជើង​បាន​លួច​ដឹក​អាវុធ​ជាង ១០០០​កុងតឺន័រ​ឲ្យ​ទៅ​​រដ្ឋាភិបាល​ក្រុង​មូស្គូ សម្រាប់​ប្រើប្រាស់​នៅ​ក្នុង​សង្គ្រាម។ លុះ​មក​ដល់​ខែ​មីនា ឆ្នាំ​២០២៤ អាមេរិក​បាន​​បញ្ជាក់​ថា អាវុធ​ដែល​កូរ៉េ​ខាង​ជើង​លួច​ដឹក​ឲ្យ​ទៅ​រុស្ស៊ី មាន​ជិត​៧០០០​កុងតឺន័រ​ហើយ។

(រូបភាព៖ Reuters)

ចំណែក​ឯ​​កូរ៉េ​ខាង​ត្បូង​វិញ បាន​​រៀបរាប់​ថា អាវុធ​ដែល​កូរ៉េ​ខាង​ជើង ដឹក​ទៅ​រុស្ស៊ី អាច​ជា​​ប្រភេទ​គ្រាប់​កាំភ្លើង​ធំ​ប្រវែង ១៥២​​​មិល្លីម៉ែត្រ ក្នុង​ចំនួន ៣​លាន​គ្រាប់ ឬ​ក៏​ជា​ប្រភេទ​គ្រាប់​រ៉ុក្កែត​ប្រវែង ១២២​មិល្លីម៉ែត្រ ក្នុង​ចំនួន​ច្រើន​ជាង ៥០​ម៉ឺន​គ្រាប់។ លោក Shin Wok-sik រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កូរ៉េ​ខាង​ត្បូង បាន​ធ្វើ​ការ​ប៉ាន់​ស្មាន​​​កាល​ពី​ពេល​​ថ្មីៗ​នេះ​ថា ចំនួន​អាវុធ​ដែល​ដោះដូរ​រវាង​ក្រុង​ព្យុងយ៉ាង និង​ក្រុង​មូស្គូ បាន​កើន​ឡើង​​​ដល់​​ខ្ទង់ ១ម៉ឺន​កុងតឺន័រ​ហើយ។ បន្ថែម​ពី​នេះ កូរ៉េ​ខាង​ត្បូង ថា អាវុធ​​ដែល​ដោះដូរ​ អាច​មាន​ដូចជា មីស៊ីល​ប្រឆាំង​រថក្រោះ មីស៊ីល​បាញ់​ទៅ​អាកាស កាំភ្លើង​ធំ កាំភ្លើង​វែង ប្រព័ន្ធ​បាញ់​រ៉ុក្កែត និង​គ្រាប់​កាំភ្លើង​ធំ ជា​ដើម។

កាល​ពី​ខែ​មករា ដើម​ឆ្នាំ​២០២៤ សេតវិមាន បាន​​​ឲ្យ​ដឹង​ថា រុស្ស៊ី​ចាប់​ផ្ដើម​​ប្រើ​​ប្រាស់​មីស៊ីល​បាលិស្ទិក​​រយៈ​ចម្ងាយ​ខ្លី​ប្រភេទ Hwasong-11A ​វាយ​ប្រហារ​លើ​អ៊ុយក្រែន ដែល​​គ្រឿង​សព្វាវុធ​ប្រភេទ​នេះ​​ត្រូវ​បាន​ផលិត​ដោយ​កូរ៉េ​ខាង​ជើង។

សូម​បញ្ជាក់​ថា បើ​​ទោះ​ជា​មាន​ការ​ចោទ​ប្រកាន់​ជា​ច្រើន​ហូរហែ​យ៉ាង​ណា​ក៏​ដោយ ក៏​សម្ព័ន្ធមិត្ត​​ទាំង​២ បាន​បដិសេធ​មិន​​​​ព្រម​ទទួល​ស្គាល់​ការ​ដោះដូរ​គ្រឿង​សព្វាវុធ​​ទាំង​​អស់​នេះ​ឡើយ៕

ដោយ៖ ឈាង​​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ជប៉ុន ក្លាយជា​គូប្រជែងសម្រាប់ថៃ លើទិសដៅទេសចរណ៍កំពូល​ប្រចាំអាស៊ី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​ក្រុមហ៊ុន​អាកាសចរណ៍​អាមេរិក ប្រទះ​ឃើញ​សាកសពក្នុងកន្លែងដាក់​កង់​យន្តហោះ​​​​ដ៏កម្រ​បំផុត​​

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីដាក់ចេញទិសដៅសំខាន់ៗដើម្បីលើកកម្ពស់វិស័យសុខាភិបាលឲ្យកាន់តែប្រសើរ

កីឡា៤ ម៉ោង មុន

ខ្សែប្រយុទ្ធ​ចូល​​សញ្ជាតិ​វៀតណាម​ថ្មី Rafaelson លេង២​ប្រកួត ស៊ុត​បាន៣​គ្រាប់

ព័ត៌មានជាតិ៤ ម៉ោង មុន

ខេត្តរតនគិរី៖ ដំឡូងមីធ្លាក់ថ្លៃ អ្នកដាំស្នើអ្នកទិញកុំទម្លាក់តម្លៃខ្លាំងពេក តែអ្នកទិញថា តម្លៃទិញ វាអាស្រ័យលើតម្លៃលក់ចេញ

Sokha Hotels

ព័ត៌មានពេញនិយម