ព័ត៌មានជាតិ
សម្ដេចធិបតី អញ្ជើញដល់ប្រទេសសិង្ហបុរីដោយសុវត្ថិភាព ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិចាងយីប្រទេសសិង្ហបុរីប្រកបដោយសុវត្ថិភាព នៅវេលាម៉ោង១៣៖៣០នាទី ម៉ោងនៅប្រទេសសិង្ហបុរី ដែលត្រូវនឹងម៉ោង១២៖៣០នាទីម៉ោងនៅប្រទេសកម្ពុជា។
វត្តមាននៃការអញ្ជើញដល់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ទទួលបានការគារវកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅបំផុតពីសំណាក់លោក Tan See Leng រដ្ឋមន្ត្រីក្រសួងពលកម្មសិង្ហបុរី និងលោក សុខ ខឿន ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសកម្ពុជាប្រចាំប្រទេសសិង្ហបុរី ព្រមទាំងមន្ត្រីជំនាញការសំខាន់ៗជាច្រើនរូបទៀត។
ដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសសិង្ហបុរីនាពេលនេះ គឺតបតាមការអញ្ជើញពីសំណាក់សមភាគីសិង្ហបុរី។
តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស នៅលើទឹកសិង្ហបុរី សម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងមានជំនួបទ្វេភាគីជាមួយ លោក ឡរ៉េន វ៉ុង នាយករដ្ឋមន្ត្រីសិង្ហបុរី ដែលក្នុងឱកាសនោះថ្នាក់ដឹកនាំទាំងពីរនឹងផ្លាស់ប្តូរទស្សនៈគ្នាអំពីមធ្យោបាយនានាក្នុង ការធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងទ្វេភាគី និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ខណៈ ដែលប្រទេសទាំងពីរនឹងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ២០២៥។
នាយករដ្ឋមន្ត្រីទាំងពីរ ក៏រំពឹងថានឹងពិភាក្សាលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីបារម្ភរួម។ ក្រោយពីជំនួបពិភាក្សានោះ នឹងមានការចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការមួយចំនួន ហើយ គម្រោងច្រករបៀងតម្លាភាពហិរញ្ញវត្ថុនឹងត្រូវដាក់ឱ្យដំណើរការជាផ្លូវការផងដែរ។
ក្នុងឱកាសនៃទស្សនកិច្ចនេះ សម្តេចធិបតី នឹងជួបសម្តែងការគួរសមដោយឡែកពីគ្នាជាមួយ លោក ថាមេន ស្ពានមូហ្គារ៉ាត់ណាម ប្រធានាធិបតីសិង្ហបុរី និង លោក លី សៀនឡុង ទេសរដ្ឋមន្ត្រី នៃប្រទេសសិង្ហបុរី។
បន្ថែមពីនេះ សម្តេចធិបតី នឹងចូលរួមក្នុងវេទិកាធុរកិច្ចកម្ពុជា-សិង្ហបុរី ដែលមានការចូលរួមពីតំណាងរដ្ឋាភិបាល និងភាគីពាក់ព័ន្ធនានា។ សម្តេចធិបតី ក៏នឹងអញ្ជើញទស្សនាវិទ្យាស្ថានពហុបច្ចេកទេសណានយ៉ាង និង មជ្ឈមណ្ឌលនវានុវត្តន៍សម្រាប់ឧបករណ៍អេឡិចត្រូនិក និងអ៊ុនធឺណិត (Electronics and Internet of Things) ព្រមទាំងអញ្ជើញទស្សនាអាគារហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមហ៊ុន Keppel (Keppel’s Infrastructure@Changi) ។
គួរឱ្យដឹងថា សម្ដេចធិបតី ហ៊ុន ម៉ាណែត រួមជាមួយលោក លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងរដ្ឋមន្ត្រី មន្ត្រីសំខាន់ៗនៃរាជរដ្ឋាភិបាល និងតំណាងពីសភាពាណិជ្ជកម្មកម្ពុជា បានចាកចេញពីប្រទេសកម្ពុជាតាមរយៈយន្តហោះពិសេសនៅវេលាម៉ោងប្រមាណ១០៖៤០នាទីព្រឹក៕
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍២ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា៥ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ