ព័ត៌មានជាតិ
កសិករដាំពោតនៅស្រុកចំនួន ២ ជាប់ព្រំដែនថៃ កំពុងរងផលប៉ះពាល់ ក្រោយគ្មានភ្លៀងធ្លាក់
ក្រោយពីភ្លៀងបានធ្លាក់កាលពីដើមខែឧសភាផ្ទួនៗ ដែលបានសង្គ្រោះដំណាំពោត និងដំឡូង របស់ប្រជាកសិករឱ្យលូតលាស់ប្រសើរឡើងវិញម្តងរួចមក បច្ចុប្បន្ននេះដំណាំពោតក្រហមរាប់សិបហិកតានៅស្រុកចំនួន ២ ជាប់ព្រំដែន ខ្មែរ-ថៃ នៅស្រុកសំពៅលូន និងស្រុកភ្នំព្រឹក កំពុងជួបភាពរាំងស្ងួត ក្រោយគ្មានភ្លៀងធ្លាក់ក្នុងរយៈពេលប្រមាណ ១ ខែចុងក្រោយនេះ ដែលធ្វើឱ្យប្រជាកសិករមានក្តីព្រួយបារម្ភ បើសិនជាអាកាសធាតុក្តៅនៅតែបន្តអូសបន្លាយយូរថ្ងៃទៀត។
កសិករនៅតាមបណ្តាស្រុកជាប់ព្រំដែនថៃបានបញ្ជាក់ប្រាប់ «កម្ពុជាថ្មី» ថា ក្រោយពីមានក្តីរំពឹងឡើងវិញចាប់ពីដើមខែឧសភា កន្លងមក ពេលនេះក្តីរំពឹងក៏ត្រូវបានរំសាយពីអារម្មណ៍បាត់អស់ ហើយនាំមកនូវក្តីបារម្ភជំនួសវិញ ខណៈការរំពឹងទុកជាមួយផលដំណាំពោតថានឹងអាចឆ្លើយតបជាមួយបំណុលដែលជាដើមទុន ក្រោយការប្រមូលផលរួចរាល់។
កសិករឈ្មោះ រិនដា រស់នៅស្រុកភ្នំព្រឹក បានឲ្យដឹងថា «ដំណាំពោតខ្ញុំ ក៏ដូចជាពោតអ្នកភូមិផ្សេងទៀតបានលូតលាស់ល្អឡើងខៀវខ្ចីក្រោយពីជួបភាពរីងស្ងួតកន្លងមក ហើយភ្លៀងបានធ្លាក់ផ្ទួនៗកាលពីដើមខែ៥ ខ្ញុំសប្បាយចិត្តខ្លាំងនៅពេលនោះ ហើយខ្ញុំគិតថានឹងបានផល តែក្រោយមកភាពរីងស្ងួតក៏វិលមកម្តងទៀត។ បើគិតមកដល់ពេលនេះជាង ២០ថ្ងៃហើយ គ្មានភ្លៀងបន្តធ្លាក់ ហើយកម្តៅក៏បានវិលទៅរកដំណាក់កាលទី១ វិញ ធ្វើឲ្យពោតរបស់ខ្ញុំក៏ដូចជាអ្នកភូមិចាប់ផ្តើមស្វិតជាបន្តបន្ទាប់ ហើយខ្លះក៏នៅល្អធម្មតា ខ្ញុំកំពុងបារម្ភថា នឹងខូចខាតទាំងអស់ឆ្នាំនេះ បើ ១សប្តាហ៍អីទៀតមានភ្លៀងអាចប្រមូលផលបានខ្លះ»។
មិនខុសគ្នានេះ កសិករដាំដំណាំពោតនៅស្រុកសំពៅលូន ក៏កំពុងប្រឈមនឹងការគ្រៀមស្វិតជាបន្តបន្ទាប់ ហើយសម្រាប់អ្នកមានដាំលើទំហំដីតិចតួច បានរងផលប៉ះពាល់គ្មានសល់ មិនបានប្រមូលផលលក់ ដើម្បីដោះបន្ទុកគ្រួសារបានខ្លះៗនោះទេ។
លោក ស៊ីណា ជាកសិករនៅស្រុកសំពៅលូនបានត្អូញត្អែរថា «គ្មានសល់ទេបងអើយ ២ ហិកតាងាប់គ្មានសល់ មិនដឹងមានអីសង្ឃឹមសងគេទេ មានតែផ្សងព្រេងភ្ជួរសារថ្មីប្រហែលអាចបានផលសងទុនគេខ្លះៗ ចាំមើលបានធ្លាក់ភ្លៀងសិនទើបបន្តដាំម្តងទៀត មិនដឹងធ្វើម៉េច បើជាធម្មជាតិចឹងទៅបន្ទោសអ្នកណាកើត»។
បើតាមមន្ត្រីកសិកម្មខេត្តបាត់ដំបង កសិករក្នុងខេត្តបាត់ដំបង ក្រៅពីដំណាំស្រូវ គឺប្រកាន់យកដំណំាកសិឧស្សាហកម្មពីរប្រភេទ ដែលសំអាងលើការគ្រប់គ្រងសេដ្ឋកិច្ចគ្រួសារ គឺផលដំណាំពោត និងដំឡូងមី។
មន្ត្រីកសិកម្មខេត្តបានលើកឡើងពីកត្តាអាកាសធាតុមិនអំណោយផលដូចឆ្នាំមុនៗ នាំឲ្យដំណាំកសិកររងផលប៉ះពាល់។ លោកក៏បានអំពាវនាវដល់កសិករមុនបន្តធ្វើកសិកម្មលើកក្រោយ គួរស្វែងរកព័ត៌មានពាក់ព័ន្ធនិងអាកាសធាតុឱ្យបានគ្រប់ជ្រុងជ្រោយពីស្ថាប័ន ក្រសួង ឬមន្ត្រីជំនាញក្នុងមូលដ្ឋានខេត្តឱ្យបានច្បាស់ជាមុនសិន ទើបផលប៉ះពាល់អាចកាត់បន្ថយដោយប្រសិទ្ធិភាព៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា