ព័ត៌មានជាតិ
ក្រសួងព័ត៌មាន នឹងសហការជាមួយកសិដ្ឋានចិញ្ចឹមពូជគោប្រាម៉ាន់មួយ ដើម្បីផ្សាយពីរបៀបចិញ្ចឹម ទុកលក់ឱ្យបានថ្លៃ
លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បង្ហាញពីការគាំទ្រគម្រោងអភិវឌ្ឍពូជគោប្រាម៉ាន់ របស់កសិដ្ឋាន S.V. Ranch ខេត្តកែប ដោយជឿជាក់ថាកសិដ្ឋាននេះនឹងចូលរួមក្នុងការអភិវឌ្ឍវិស័យកសិកម្ម លើផ្នែកបច្ចេកវិទ្យាក្នុងការបង្កាត់ពូជគោប្រាម៉ាន់ ដែលមានគុណភាពខ្ពស់ មានសាច់ច្រើន ផ្តល់ផលចំណេញដល់អ្នកចិញ្ចឹម និងចូលរួមផ្គត់ផ្គង់តម្រូវការទីផ្សារសាច់គោនៅកម្ពុជា។ ដើម្បីជម្រុញដល់កិច្ចការងារនេះ ក្រសួងព័ត៌មាន នឹងចូលរួមសហការជាមួយ កសិដ្ឋាន S.V. Ranch ក្នុងការប្រើប្រាស់ប្រពន្ធ័ផ្សព្វផ្សាយ ដើម្បីជួយធ្វើការផ្សព្វផ្សាយបន្ថែមឱ្យបានទូលំទូលាយពីរបៀបចិញ្ចឹមពូជគោប្រាម៉ាន់ ការបង្កាត់ពូជ និងទីផ្សារសម្រាប់លក់ដែលទទួលបានផលចំណេញច្រើន។
នេះជាការថ្លែងរបស់ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសដឹកនាំ មន្រ្តីរាជការ ថ្នាក់ដឹកនាំក្រសួងព័ត៌មាន អញ្ជើញទៅធ្វើ ទស្សនកិច្ចនៅ កសិដ្ឋាន អេស វី រេញ (SV) ខេត្តកែប ដែលចិញ្ចឹមពូជគោប្រាម៉ាន់ និងសេះ នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ ។
លោករដ្ឋមន្ត្រី បានវាយតំលៃចំពោះកសិដ្ឋាន S.V. Ranch ដែលបានបណ្តាក់ទុនយ៉ាងច្រើនក្នុងការបង្កើតជាកសិដ្ឋានចិញ្ចឹមពូជគោប្រាម៉ាន់ ដែលជាកសិដ្ឋានមួយនាំមកនូវមោទនភាពឱ្យប្រទេសកម្ពុជា ដោយបាននាំមកនូវបច្ចេកទេស និងប្រភេទពូជគោប្រកបដោយផលិតខ្ពស់ និងគុណភាពល្អ មកធ្វើការចែកចាយនៅក្នុងទីផ្សារប្រទេសកម្ពុជា។
លោករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ការបង្កើតកសិដ្ឋានចិញ្ចឹមគោ និងសេះ អេស វី (SV) នៅខេត្តកែប ក៏ជាការកើតនូវសក្តានុពលទេសចរណ៍ថ្មីមួយទៀតនៅក្នុងខេត្ត ហើយទីតាំងកសិដ្ឋាននេះជាកន្លែងសិក្សាពីប្រភេទពូជគោប្រាម៉ាន់ និងវិធីសាស្ត្រក្នុងការបង្កាត់ពូជគោ និងការសិក្សាស្វែងយល់ពីពូជសេះ របស់ខ្មែរ និងពូជសេះ មកពីបរទេស ហើយការបង្កាត់ពូជគឺបានល្អព្រោះសេះទាំងនោះមាន មាឌធំ និងកម្ពស់ ។ ទាំងអស់នេះគឺជាផ្នែកមួយសំខាន់ណាស់ដែល លោករដ្ឋមន្ត្រី យល់ឃើញថា មិនមែនត្រឹមតែបង្កើតនូវភាពសម្បូរណ៍បែបក្នុងដំណើរសេដ្ឋកិច្ច និងកសិកម្មរបស់កម្ពុជាប៉ុណ្ណោះនោះទេ ក៏ប៉ុន្តែជាសក្តានុពលមួយក្នុងវិស័យទេសចរណ៍ ។
លោក នេត្រ ភក្ត្រា រំលឹកឡើងវិញថា កន្លែងកសិដ្ឋាន អេស វី ចិញ្ចឹមពូជគោប្រាម៉ាន់នេះ កាលពីមុនជាទីតាំងបានឆ្លងកាត់តំបន់សង្គ្រាម តែឥឡូវនេះបានក្លាយទៅជាតំបន់អភិវឌ្ឍន៍ ដែល ពោរពេញទៅដោយដំណាំកសិកម្ម និងវិស័យកសិកម្មជារួម ។ ទីតាំងនេះដែរ គឺមានទេសភាព ស្រស់ស្អាត ដែលជាផ្នែកមួយក្នុងការទាក់ទាញភ្ញៀវទេសចរមកលេងកំសាន្តបានច្រើន ។ ដូច្នេះចំពោះចក្ខុវិស័យទៅមុខក្នុងការបោះទុនវិយោគនៅកសិដ្ឋាន អេសវី មិនមែនត្រឹមតែសម្លឹងទៅរកចំណេញនៅក្នុងការលក់សាច់គោ ឬក៏ទឹកស្ពែមក្នុងការបង្កាត់ពូជនោះទេ ក៏ប៉ុន្តែកសិដ្ឋាននេះបានចូលរួមចំណែកលើកតម្លើងនូវសក្តានុពលនៃវិស័យទេសចរណ៍ផងដែរ ។ ជាមួយនេះ លោក រដ្ឋមន្ត្រី បានជម្រុញលើកទឹកចិត្តបន្ថែមទៀតសម្រាប់ការរៀបចំឱ្យបានកាន់តែល្អចំពោះទីតាំងនៃការជិះសេះកំសាន្ត ដើម្បីភ្ជាប់ជាមួយទេសចរណ៍ ព្រោះថា រាជរដ្ឋាភិបាលកម្ពុជា បានតម្រង់ទឹសដោយនៅខេត្តកែប ជាតំបន់ទេសចរណ៍ធម្មជាតិកម្រឹតខ្ពស់។
តាមការឱ្យដឹងរបស់ លោក សុខ សាវ៉ាត ម្ចាស់កសិដ្ឋាន អេស វី រេញ បានជម្រាបជូនថា កសិដ្ឋាន អេស វី ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២១ និងចុះបញ្ជីនៅឆ្នាំ២០២៣។ នៅក្នុងឆ្នាំ២០២១ កសិដ្ឋាន អេស វី (SV RANCH) មានគោមេ គោបាពូជប្រាម៉ាន់សុទ្ធចំនួន ៧ ក្បាលប៉ុណ្ណោះ។ ប៉ុន្តែមកដល់បច្ចុប្បន្ននេះ កសិដ្ឋាន បានបង្កើនចំនួនគោពូជប្រាម៉ាន់សរុបរហូតដល់ ៣០ក្បាល ហើយក្នុងនោះមាន ពូជគោបា ចំនួន ៦ ក្បាល សម្រាប់ផលិតទឹកស្ពែមបង្កាត់ពូជបន្ត និងមាន ពូជគោមេ ចំនួន ១៦ ក្បាល និងកូនគោពូជប្រាម៉ាន់ ចំនួន ៨ក្បាល តួលេខនេះ គិតត្រឹមឆ្នាំ ២០២៣។
លោក សុខ សាវ៉ាត បានបញ្ជាក់ថា ដើម្បីធានាបាននូវវឌ្ឍនភាព និងនិរន្តរភាពរបស់កសិដ្ឋានទាំងមូល គឺក្រុមការងារជំនាញបានកំណត់នូវចក្ខុវិស័យច្បាស់លាស់ក្នុង ការអភិវឌ្ឍពូជគោប្រាម៉ាន់ ផលិត និងផ្គត់ផ្គង់សាច់គោតាមបទដ្ឋានអន្តរជាតិ និងមានបទបដ្ឋានបច្ចេកទេសត្រឹមត្រូវ។ ទទន្ទឹមនេះ កសិដ្ឋានក៏មានបេសកកម្មចម្បងរបស់ខ្លួនក្នុងការជំរុញ និងអភិវឌ្ឍសមត្ថភាពកសិករចិញ្ចឹមគោខ្នាតតូចនៅក្នុងកម្ពុជាឲ្យមានជំនាញ និងបច្ចេកទេសច្បាស់លាស់ ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការចិញ្ចឹមពូជគោប្រាម៉ាន់ ឲ្យសម្រេចបាននូវទិន្នផលខ្ពស់ សំដៅធានាដល់ការផ្គត់ផ្គង់សាច់គោទាំងក្នុង និងក្រៅប្រទេសស្របតាមបទដ្ឋានបច្ចេកទេស និង បទដ្ឋានអនាម័យខ្ពស់។
រហូតមកដល់បច្ចុប្បន្ននេះ លោក សុខ សាវ៉ាតនិងលោក សាលី អ៊ូមើត ដែលជាវីរៈកីឡាករជម្រើសជាតិជាតិម៉ូតូទឹកកម្ពុជា និងជាម្ចាស់កសិដ្ឋាន អូ អឹម អេស (OMS) ដ៏ធំមួយនៅក្នុងទីក្រុងប៉ាតាយ៉ា(PATTAYA)ប្រទេសថៃ បានរួមសហការគ្នាដើម្បីអភិវឌ្ឍ និងលើកកម្ពស់ការបង្កាត់ពូជគោប្រាម៉ាន់ ទាំងបរិមាណ និង គុណភាព។ បង្កើតមជ្ឈមណ្ឌលផលិតទឹកស្ពែមមុនដំបូងគេបង្អស់ និងល្អបំផុតនៅកម្ពុជា។
ពង្រឹងសមត្ថភាពកសិករខ្នាតតូចឲ្យមានជំនាញចិញ្ចឹម ពូជគោប្រាម៉ាន់ តាមបែបវិទ្យាសាស្ត្រទំនើបតាមរយៈការចុះបង្រៀន ការបង្វឹកក្រុមគ្រូពេទ្យសត្វបង្គោល ការផ្តល់សេវាប្រឹក្សាបច្ចេកទេស ការផ្គត់ផ្គង់ទឹកស្ពែម និង ការផ្តល់សេវាឲ្យនៅជាប់ជាមួយប្រជាកសិករ ដើម្បីធានាដល់ការចិញ្ចឹមគោប្រកបដោយប្រសិទ្ធភាព និងទទួលបានទិន្នផលខ្ពស់។
ទន្ទឹមនឹងការអភិវឌ្ឍសហគ្រាសផលិត និងផ្គត់ផ្គង់ចំណីសម្រាប់សត្វគោស្របតាមបទដ្ឋានអន្តរជាតិ និងបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ដើម្បីចូលរួមជំរុញកំណើននៃការផលិតរបស់ប្រជាកសិករឲ្យបានច្រើន សំដៅធានាដល់ការផ្គត់ ផ្គង់សាច់គោមកក្រុមហ៊ុនវិញ។
ក្រុមហ៊ុននឹងប្រមូលទិញគោពីប្រជាកសិករមកវិញក្រោយការផលិត និងចិញ្ចឹមបានធំធាត់ហើយ តែតម្លៃទិញ លក់ ផ្អែកតាមតម្លៃទីផ្សារជាក់ស្តែង។ ជំរុញបង្កើតសហគ្រាសផលិតសាច់គោស្រស់ និង បង្កកស្របតាមបទដ្ឋានអនាម័យត្រឹមត្រូវ មានគុណភាព ខ្ពស់ និងមានភាពប្រកួតប្រជែង ៕
-
ព័ត៌មានជាតិ២ ថ្ងៃ ago
រថយន្តដឹកទំនិញ រត់សាកល្បងជោគជ័យពីទីក្រុងគុនមីនប្រទេសចិន មកដល់រាជធានីភ្នំពេញ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
នគរបាលខណ្ឌព្រែកព្នៅ បញ្ជូនខ្លួនលោក ណុប សក្កដា ហៅគ្រូផេះគ្រូអង្កាមទៅតុលាការ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ចោទកម្ពុជាបង្កើត CoolApp ដើម្បីយកការណ៍ ឯកឧត្ដម ឌី វិជ្ជា ចោទសួរទៅវិញថាតើ Appរបស់ប្រទេសមហាអំណាចបង្កើតដើម្បីអ្វី?
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បញ្ចេញបញ្ជីឈ្មោះគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុស្របច្បាប់នៅកម្ពុជា បញ្ចៀសពលរដ្ឋកុំប្រើសេវាក្រៅផ្លូវការនាំហានិភ័យខ្ពស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រុមអភិវឌ្ឍន៍សង្កាត់ទឹកល្អក់ទី៣ ខិតខំប្ដូរលូតូចចេញ ដាក់លូធំជាងមុន ដើម្បីបញ្ជៀសទឹកឲ្យបានលឿន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចធិបតី៖ ក្រុមហ៊ុនចិន BYD គ្រោងដាក់ទុនរៀបចំផលិតរថយន្តនៅកម្ពុជា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រុមហ៊ុន ចំនួន២ កើតទុក្ខមិនសុខចិត្ត រឿងដេញថ្លៃសង់ផ្លូវបេតុង ក្នុងឃុំថ្មពេជ្រ ក្នុងខេត្តត្បូងឃ្មុំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
រយៈពេល៣៥ថ្ងៃ សាលាដំបូងរាជធានីខេត្ត ទទួលបានសំណុំរឿង ក្មេងទំនើងចំនួន ២៤៤ករណី