ព័ត៌មានជាតិ
សម្ដេចធិបតី៖ សិង្ហបុរី ជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏ធំមួយរបស់កម្ពុជា
សិង្ហបុរី គឺជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏ធំមួយរបស់កម្ពុជា ហើយសិង្ហបុរី តែងតែស្ថិតក្នុងចំណោមប្រភពវិនិយោគបរទេសកំពូលទាំង១០នៅកម្ពុជា។ នេះជាការថ្លែងគូសបញ្ជាក់របស់សម្ដេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា ក្នុងវេទិកាធុរកិច្ចកម្ពុជា-សិង្ហបុរី ដែលរៀបចំឡើងនៅប្រទេសសិង្ហបុរី។
ក្នុងឱកាសនៃដំណើរទស្សនកិច្ចនៅសិង្ហបុរី សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះពីវេទិកាធុរកិច្ចកម្ពុជា-សិង្ហបុរី នាព្រឹកថ្ងៃទី១៩ ខែមិថុនា។ វេទិកាធុរកិច្ចនេះ មានវិនិយោគិនចូលរួមចំនួន ៤៨១នាក់ មកពីបណ្តាក្រុមហ៊ុនចំនួន ៣៤៨ក្រុមហ៊ុន។
ជាការកត់សម្គាល់ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ បាននិងកំពុងបន្តទាក់ទាញវិនិយោគិនបរទេស និយាយជារួម និងនិយាយដោយឡែក វិនិយោគិនសិង្ហបុរី តាមរយៈការរៀបចំវេទិកាធុរកិច្ច ក្នុងគោលដៅផ្សព្វផ្សាយពីសក្តានុពលវិនិយោគនៅកម្ពុជា ក៏ដូចជាយន្តការលើកទឹកចិត្តផ្សេងៗរបស់កម្ពុជាដល់វិនិយោគិន ដើម្បីបញ្ជ្រាបការយល់ដឹងបន្ថែមពីកម្ពុជាដល់វិនិយោគិនគ្រប់រូប ក្នុងការសិក្សាឈ្វេងយល់ឱកាសវិនិយោគ និងវិស័យសក្តានុពលដែលទីផ្សារកម្ពុជាកំពុងត្រូវការ។
ជាក់ស្ដែង វេទិកាធុរកិច្ចកម្ពុជា-សិង្ហបុរី ត្រូវបានសម្ដេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុកថា បានដើរតួនាទីដ៏សំខាន់ក្នុងការទំនាក់ទំនងសហគមន៍ធុរកិច្ចរបស់កម្ពុជា និងសិង្ហបុរីឱ្យកាន់តែស៊ីជម្រៅ និងបង្កើតកាលានុវត្តភាព ដែលផ្ដល់ប្រយោជន៍ ឱ្យគ្នាទៅវិញទៅមក។ កម្ពុជា និងសិង្ហបុរី អាចរួមគ្នាជំរុញនវានុវត្តន៍ កសាងទំនាក់ទំនងសេដ្ឋកិច្ចរឹងមាំ និងបង្កើតអនាគតប្រកបដោយវិបុលភាពថែមទៀតសម្រាប់ប្រជាជាតិទាំងពីរ។
សម្ដេចធិបតី បានគូសរំលេចនូវទំនាក់ទំនងយ៉ាងយូរអង្វែង និងស៊ីជម្រៅរវាងកម្ពុជា-សិង្ហបុរី ដែលចាប់ផ្ដើមពីការដែលកម្ពុជា ទទួលស្គាល់ឯករាជ្យរបស់សិង្ហបុរី ក្នុងឆ្នាំ១៩៦៥។ ឈរលើមូលដ្ឋានគ្រឹះនៃភាពជាដៃគូដ៏រឹងមាំនេះ សម្ដេចធិបតី បញ្ជាក់ថា កម្ពុជា-សិង្ហបុរី បានបន្តកាន់តែរឹងមាំថែមទៀតជាលំដាប់ ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍មកនេះ គឺភាគីទាំងពីរមានភាពរីកចម្រើនគួរឱ្យកត់សម្គាល់នូវទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-សិង្ហបុរី ហើយត្រូវបានពង្រឹង និងផ្លាស់ប្ដូរនូវកម្រិតកំពូលជាញឹកញាប់ និងការប្ដេជ្ញាចិត្តខ្ពស់ឆ្ពោះទៅភាពរីកចម្រើនថែមទៀត។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា សិង្ហបុរី បានក្លាយជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏ធំមួយរបស់កម្ពុជា ជាមួយនឹងការផ្លាស់ប្ដូរទំនិញ និងសេវាកម្មប្រកបដោយចីរភាព។ បើតាមសម្ដេចធិបតី ពាក់ព័ន្ធនឹងការវិនិយោគក្នុងឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគ ២៥៨គម្រោង ក្នុងទំហំទឹកប្រាក់ជិត ៤,៩ពាន់លានដុល្លារ ហើយក្នុងរយៈពេល៨ខែ ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័ត គម្រោងវិនិយោគសរុប ១៥៣គម្រោង ក្នុងទំហំទឹកប្រាក់ ២,៧៥ពាន់លានដុល្លារ បានកើនឡើង៤ដង បើប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ ក្នុងន័យនេះ សម្ដេចធិបតី ចង់បញ្ជាក់ថា សិង្ហបុរី តែងតែស្ថិតក្នុងចំណោមប្រភពវិនិយោគបរទេសកំពូលទាំង១០ នៅកម្ពុជា ក្នុងទសវត្សរ៍កន្លងមក ដែលបានចូលរួមចំណែកជិត ២ពាន់លានដុល្លារ ក្នុងទិដ្ឋភាពវិនិយោគរបស់កម្ពុជា។
សម្ដេចធិបតី ចាត់ទុកការវិនិយោគរបស់សិង្ហបុរី បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍកម្ពុជា ដែលបានជំរុញកំណើនក្នុងវិស័យជាច្រើន ជាអាទិ៍ កម្មន្តសាល អចលនទ្រព្យ និងបដិសណ្ឋារកិច្ច ខណៈក្រុមហ៊ុនយីហោល្បីៗរបស់សិង្ហបុរី ក៏ បានបង្ហាញវត្តមានដ៏រឹងមាំនៅកម្ពុជា ដែលបានឆ្លុះបញ្ចាំងនូវភាពជោគជ័យ និងសក្តានុពលនៃការវិនិយោគនៅកម្ពុជា។
លើសពីផ្លាស់ប្ដូរពាណិជ្ជកម្ម និងការវិនិយោគ សម្ដេចធិបតី ក៏បានបញ្ជាក់ដែរថា ប្រទេសទាំងពីរ កម្ពុជា និងសិង្ហបុរី មានកិច្ចសហប្រតិបត្តិការរួមគ្នាក្នុងការជំរុញលើវិស័យទេសចរណ៍ កសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងចាប់យកកាលានុវត្តភាពនៃបដិវត្តកម្មឌីជីថល។ លើសពីនេះ ភាកីទាំងពីរ បាននិងកំពុងធ្វើការរួមគ្នាយ៉ាងសកម្មក្នុងការបង្កើតធនធានមនុស្ស ដើម្បីធានាថា កម្លាំងពលកម្មកម្ពុជាមានជំនាញ និងចំណេះដឹង ស្របតាមតម្រូវការសេដ្ឋកិច្ចក្នុងសម័យទំនើប៕
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ជនដៃដល់ បាញ់មនុស្ស២នាក់ស្លាប់ នៅបុរីប៉េងហួត មានគោរម្យងារជា ឧកញ៉ា
-
KPT+៧ ថ្ងៃ ago
ប្រវត្តិដ៏គួរឱ្យចាប់អារម្មណ៍របស់ វត្តចំណាស់ទាំង ៧ ក្នុងខេត្តបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
សមត្ថកិច្ច ចាប់បានបុរសដែលបាញ់មនុស្ស២នាក់ឱ្យស្លាប់ និងរបួស នៅបុរីប៉េងហ៊ួតបឹងស្នោ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងហេតុការណ៍ផ្ទុះអាវុធ នៅក្នុងបុរីប៉េងហួតបឹងស្នោ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមាគមឧកញ៉ា នឹងស្នើបញ្ចប់ងារឧកញ៉ាពីឈ្មោះ ស្រី ស៊ីណា ក្រោយបាញ់ឱ្យមនុស្សស្លាប់
-
អត្ថាធិប្បាយ៤ ថ្ងៃ ago
សមត្ថកិច្ចប្រើពេល៣ម៉ោង ក្របួចកឧកញ៉ាប្រើកាំភ្លើងផ្ដាច់ជីវិតគូរស្នេហ៍មួយគូរ
-
KPT+២ ថ្ងៃ ago
១០ ប្រទេស កំពូលគ្រោះថ្នាក់ខ្លាំង ចំពោះស្រ្តី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ស្ពានអាកាសភ្លោះភ្ជាប់ផ្លូវ ៦០ ម៉ែត្រ ទៅព្រលានអន្តរជាតិតេជោ ប្រកាសបើកការដ្ឋាននៅថ្ងៃ ១៧ មិថុនា នេះ