សេដ្ឋកិច្ច
ប្រទេសអាស៊ានបីរួមគ្នាជំរុញការធ្វើពាណិជ្ជកម្មថាមពលឆ្លងដែន
ប្រទេសកម្ពុជា សិង្ហបុរី និងឡាវ បានបង្កើតក្រុមការងារមួយដើម្បីជំរុញពាណិជ្ជកម្មអគ្គិសនីឆ្លងព្រំដែន ដែលជាកិច្ចខិតខំប្រឹងប្រែងក្នុងសម្រេចឱ្យបាននូវចក្ខុវិស័យបណ្តាញថាមពលអាស៊ាន ស្របពេលដែលកម្ពុជាកំពុងជំរុញការផលិតថាមពលស្អាតឱ្យបាន៧០ភាគរយត្រឹមឆ្នាំ២០៣០។
កាលពីថ្ងៃទី៣ ខែមិថុនា ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី ថាមពល និងរ៉ែនៃប្រទេសឡាវ និងរ៉ែ និងថាមពលកម្ពុជា បានចាប់ដៃគ្នា និងចាប់ផ្តើមក្រុមការងារ ដោយកំណត់គោលដៅសំខាន់ចំនួនបី។ នេះបើយោងតាមសារព័ត៌មានរបស់ឡាវ Laotian Times។
ក្រុមការងារនឹងបង្កើតក្របខណ្ឌដ៏ទូលំទូលាយមួយ ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍គម្រោងពាណិជ្ជកម្មអគ្គិសនីឆ្លងដែនក្នុងអាស៊ាន ដោយចាប់ផ្តើមពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី។
«ក្រុមការងារនេះក៏នឹងធ្វើរៀបចំបទប្បញ្ញត្តិ និងនីតិវិធីផ្តល់អាជ្ញាប័ណ្ណសម្រាប់ការផលិត ការនាំចេញ និងការនាំចូលអគ្គិសនីផងដែរ។ ការងារនេះរួមមានទាំងការធ្វើឱ្យកម្មវិធីមានលក្ខណៈងាយស្រួល និងការអនុញ្ញាតសម្រាប់ការស្ទាប់ស្ទង់បញ្ជូនថាមពលតាមបាតសមុទ្រ និងការដំឡើងខ្សែថាមពលឆ្លងកាត់សមុទ្រឆ្លងកាត់ព្រំដែន»។ នេះបើយោងតាមសារព័ត៌មានដដែល។
បន្ទាប់មក សមាជិកនៃប្រទេសទាំងបីនឹងរិះរកមធ្យោបាយសម្របសម្រួលកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការផលិត និងបញ្ជូន ធានាឱ្យមានការជួញដូរអគ្គិសនីឆ្លងដែនដោយរលូនក្នុងចំណោមប្រទេសទាំងបី។
កិច្ចប្រជុំចាប់ផ្តើមនៃក្រុមការងារនេះ ធ្វើឡើងក្រោមអធិបតីភាពរដ្ឋមន្ត្រីទី២ នៃក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី លោក Tan See Leng អនុរដ្ឋមន្ត្រីក្រសួងថាមពល និងរ៉ែឡាវ លោក Chansaveng Boungnong និងរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលកម្ពុជា លោក កែវ រតនៈ។
ក្នុងជំនួបនោះ អនុរដ្ឋមន្ត្រី Chansaveng បានលើកឡើងពីសារៈសំខាន់នៃគម្រោងសម្រាប់ប្រទេសឡាវ ដោយសង្កត់ធ្ងន់លើតួនាទីរបស់ខ្លួនក្នុងការសម្រេចបាននូវបណ្តាញថាមពលអាស៊ាន និងការប្រើប្រាស់ធនធានថាមពលបៃតងរបស់ប្រទេស ដើម្បីសម្រេចបាននូវគោលដៅថាមពលស្អាតក្នុងតំបន់។
លោកបានបង្ហាញក្តីសង្ឃឹមថា៖ « គម្រោងនេះនឹងទាក់ទាញការវិនិយោគបន្ថែមទៀតលើថាមពលកកើតឡើងវិញទាំងក្នុងប្រទេសឡាវ និងក្នុងតំបន់»។
លោក Tan ក៏បានសម្តែងសុទិដ្ឋិនិយមចំពោះកិច្ចសហប្រតិបត្តិការនេះ ដោយគូសបញ្ជាក់ថា ក្រុមការងារមានគោលបំណងបង្កើតក្របខណ្ឌពាណិជ្ជកម្មអគ្គិសនីឆ្លងដែន និងដោះស្រាយបញ្ហាខ្សែថាមពលក្រោមសមុទ្រក្នុងអាស៊ាន។ លោកបានលើកទឹកចិត្តដល់ដៃគូក្នុងតំបន់ផ្សេងទៀតឲ្យចូលរួមគំនិតផ្តួចផ្តើមនេះ។
លោកកែវ រតនៈបានភសាទរសម្រាប់គម្រោងនេះ ដោយលោកបានកត់សម្គាល់ថា ការខិតខំប្រឹងប្រែងរបស់ពួកប្រទេសទាំងបីក្នុងការជំរុញបណ្តាញថាមពលអាស៊ាន និងចែករំលែកថាមពលស្អាតប្រកបដោយប្រសិទ្ធភាព គឺជាគំរូដ៏រឹងមាំមួយ។ លោកសង្ឃឹមថា៖« ភាពជាដៃគូនឹងជំរុញឱ្យប្រជាជាតិអាស៊ានដទៃទៀត ចូលរួមក្នុងការកសាងបណ្តាញថាមពលប្រកបដោយនិរន្តរភាព និងទំនាក់ទំនងគ្នាទៅវិញទៅមក»៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា