Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ ថា គ្មានការដោះលែងជនសង្ស័យ ស្រី ស៊ីណា ឡើយ គឺសមត្ថកិច្ចកំពុងបន្តនីតិវិធីស៊ើបសួរ

បានផុស

នៅ

ឆ្លើយតបនឹងការលេចលឺដំណឹងថា ជនសង្ស័យឈ្មោះ ស្រី ស៊ីណា ក្នុងករណីបាញ់ប្រហារបង្កឱ្យមនុស្សស្លាប់ ត្រូវបាន ដោះលែងឱ្យមានសេរីភាពនោះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានចេញមកអះអាងថា មិនមែនជាការពិតឡើយ ដោយលោក បញ្ជាក់ថា ជនសង្ស័យកំពុងស្ថិតក្រោមការស៊ើបសួរបស់សមត្ថកិច្ចព្រហ្មទណ្ឌ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចេញមកអះអាងបែបនេះរបស់អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មានមួយចំនួននៅលើបណ្ដាញសង្គម ថា បុគ្គលដែលជាឃាតករបាញ់ប្រហារបង្កឱ្យមនុស្សស្លាប់២នាក់ ត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញ។

ជុំវីញការផ្សាយនេះ លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់នៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០២៤នេះ ករណីនេះ គឺជាព័ត៌មានក្លែងក្លាយ​មានចរិកធ្វើឱ្យចលាចល កេងចំណេញផ្នែកនយោបាយ ហើយធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់នីតិវិធី និងកេរ្តិ៍ឈ្មោះរបស់នគរបាលយុត្តិធម៌។ លោក ទូច សុខៈ ថា នេះគឺជារឿងបំភ្លៃខុសពីការពិត។ ដូច្នេះ លោក អំពាវនាវដល់សាធារណជនទាំងអស់កុំជឿទៅលើព័ត៌មានបែបញុះញង់នេះ។

បើតាមការបញ្ជាក់របស់អ្នកនាំពាក្យរូបនេះ បុគ្គលឈ្មោះ ស្រី ស៊ីណា កំពុងស្ថិតក្នុងដៃសមត្ថកិច្ចព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ ដែលកំពុងតែបន្តស៊ើបសួរតាមនីតិវិធី តាមជំនាញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ នាពេលឆាប់ៗ ដោយមិនឱ្យខុសពីនីតិវិធី ដែលកំណត់ក្នុងនីតិវិធីព្រហ្មទណ្ឌនោះឡើយ។

កាលពីរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ មានករណីដ៏កក្រើកមួយនៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលបង្កឡើងដោយខ្មាន់កាំភ្លើងម្នាក់ បានបាញ់ប្រហារទៅលើមនុស្សចំនួន៤នាក់ ក្នុងនោះបុរសម្នាក់ និងនារីម្នាក់ ដែលជាគូដណ្ដឹងនឹងគ្នា បានស្លាប់បាត់បង់ជីវិត ខណៈរងគ្រោះធ្ងន់ស្រាល២នាក់។ ខ្មាន់កាំភ្លើងរូបនេះ ត្រូវបានគេស្គាល់ថា ឈ្មោះ ស្រី ស៊ីណា ដែលមានងារជាឧកញ៉ាថែមទៀតផង។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងពាក់ព័ន្ធត្រូវបានបញ្ជូនទៅនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់ជាធរមាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម