ព័ត៌មានជាតិ
ប.ស.ស លើកទឹកចិត្តអ្នកក្នុងបន្ទុកសមាជិក ប.ស.ស ធ្វើប័ណ្ណសមាជិក ដើម្បីទទួលបានការថែទាំសុខភាព
បេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) បានជំរុញ និងលើកទឹកចិត្តដល់អ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស ធ្វើប័ណ្ណសមាជិក ដើម្បីទទួលបានការថែទាំសុខភាព និងអត្ថប្រយោជន៍ផ្សេងៗ ទៀត។
![](https://www.kampucheathmey.com/wp-content/uploads/2024/06/photo_2024-06-06_10-04-07-2-1024x586.jpg)
លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា «ឥឡូវនេះ អ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. ទាំងអស់ ដូចជាប្តី ឬប្រពន្ធ និងកូន ក៏អាចស្នើសុំធ្វើប័ណ្ណសមាជិក ប.ស.ស. បានដែរ ដោយចំណាយត្រឹមតែ ១៥ ៦០០ រៀលប៉ុណ្ណោះ ក្នុង ១ ខែ នោះលោកអ្នក នឹងទទួលបានការថែទាំសុខភាពពេញ ២៤ ម៉ោង លើ ២៤ ម៉ោង នៅគ្រប់មន្ទីរពេទ្យដៃគូ ប.ស.ស. ទូទាំងប្រទេស រួមទាំងប្រាក់ឧបត្ថម្ភផងដែរ»។
លោកបណ្ឌិត បានបន្តថា ដើម្បីអាចស្នើសុំធ្វើប័ណ្ណសមាជិក ប.ស.ស លោកអ្នកត្រូវអនុវត្តតាមលក្ខខណ្ឌដូចខាងក្រោម។ ចំពោះសហព័ទ្ធ (ប្តី ឬប្រពន្ធ) ត្រូវមានសេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ឬសេចក្តីចម្លងសំបុត្របញ្ជាក់អាពាហ៍ពិពាហ៍ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ និងត្រូវមានអាយុមិនលើសពី ៦០ ឆ្នាំ។
![](https://www.kampucheathmey.com/wp-content/uploads/2024/06/9-24.jpg)
លោកបណ្ឌិត បានបន្តទៀតថា ចំពោះកូនក្នុងបន្ទុកត្រូវមានសេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត ង/ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ និងត្រូវមានអាយុក្រោម ១៨ ឆ្នាំ។
លោកបណ្ឌិត ចាត់ទុកការមានបណ្ណប.ស.ស.នេះ ពិតជាផ្តល់អត្ថប្រយោជន៍ច្រើន និងមានសារៈសំខាន់ខ្លាំងណាស់ ជាពិសេសនៅពេលមានបញ្ហាសុខភាព តម្រូវឲ្យសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ដោយលែងមានការបារម្ភអំពីការចំណាយប្រាក់កាក់ច្រើន។
![](https://www.kampucheathmey.com/wp-content/uploads/2024/06/photo_2024-06-19_15-37-06-890x1024.jpg)
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២៤ នេះ មានសមាជិករបស់ ប.ស.ស ប្រមាណជាង ២,២ លាននាក់ ក្នុងនោះបុគ្គលស្វ័យនិយោជន៍មានចំនួនជាង ២០ ម៉ឺននាក់។ គិតចាប់ពីថ្ងៃអនុវត្ត ឆ្នាំ ២០០៨ រហូតត្រឹមបំណាច់ខែឧសភា ឆ្នាំ ២០២៤ នេះ ប.ស.ស បានចំណាយប្រាក់ប្រមាណជាង ១២០ លានដុល្លារអាមេរិក សម្រាប់ការព្យាបាលជំងឺ និងអត្ថប្រយោជន៍ផ្សេងៗ ទៀត សម្រាប់វិស័យសាធារណៈ និងវិស័យឯកជន។ ដោយឡែក សម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស គិតចាប់ពីខែកក្កដា ឆ្នាំ ២០២៣ រហូតត្រឹមបំណាច់ខែឧសភា ឆ្នាំ ២០២៤ បានចំណាយប្រាក់ប្រមាណជិត ៣ លានដុល្លារអាមេរិក សម្រាប់ការព្យាបាលជំងឺ និងអត្ថប្រយោជន៍ផ្សេងៗ ដូចគ្នា។
ជាមួយគ្នានេះ មកដល់បច្ចុប្បន្ន មូលដ្ឋានសុខាភិបាលដែលបានចុះកិច្ចព្រមព្រៀងសម្រាប់របបថែទាំសុខភាពបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) សរុបចំនួន ១,៥៥០ មូលដ្ឋាន ក្នុងនោះមានដូចជា មន្ទីរពេទ្យថ្នាក់ជាតិចំនួន ១១ , មន្ទីរពេទ្យបង្អែក ១២៤ , មណ្ឌលសុខភាព ១,២៧៨ , និងមន្ទីរពេទ្យឯកជន ចំនួន ១៣៧៕
អត្ថបទ ៖ សំអឿន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ជនដៃដល់ បាញ់មនុស្ស២នាក់ស្លាប់ នៅបុរីប៉េងហួត មានគោរម្យងារជា ឧកញ៉ា
-
KPT+៦ ថ្ងៃ ago
ប្រវត្តិដ៏គួរឱ្យចាប់អារម្មណ៍របស់ វត្តចំណាស់ទាំង ៧ ក្នុងខេត្តបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
សមត្ថកិច្ច ចាប់បានបុរសដែលបាញ់មនុស្ស២នាក់ឱ្យស្លាប់ និងរបួស នៅបុរីប៉េងហ៊ួតបឹងស្នោ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងហេតុការណ៍ផ្ទុះអាវុធ នៅក្នុងបុរីប៉េងហួតបឹងស្នោ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សមាគមឧកញ៉ា នឹងស្នើបញ្ចប់ងារឧកញ៉ាពីឈ្មោះ ស្រី ស៊ីណា ក្រោយបាញ់ឱ្យមនុស្សស្លាប់
-
អត្ថាធិប្បាយ៤ ថ្ងៃ ago
សមត្ថកិច្ចប្រើពេល៣ម៉ោង ក្របួចកឧកញ៉ាប្រើកាំភ្លើងផ្ដាច់ជីវិតគូរស្នេហ៍មួយគូរ
-
KPT+១ ថ្ងៃ ago
១០ ប្រទេស កំពូលគ្រោះថ្នាក់ខ្លាំង ចំពោះស្រ្តី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ស្ពានអាកាសភ្លោះភ្ជាប់ផ្លូវ ៦០ ម៉ែត្រ ទៅព្រលានអន្តរជាតិតេជោ ប្រកាសបើកការដ្ឋាននៅថ្ងៃ ១៧ មិថុនា នេះ