Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី-កូរ៉េខាងជើង នឹងជួយគ្នា បើបរទេសណា ហ៊ានឈ្លានពាន

បានផុស

នៅ

ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន នៅប្រទេសកូរ៉េខាងជើង បានបញ្ចប់ហើយ ប៉ុន្តែអ្វីដែលគេចាប់អារម្មណ៍ខ្លាំងគឺកិច្ចព្រមព្រៀងមួយ ដែលបញ្ជាក់ថា សម្ព័ន្ធមិត្តទាំងពីរ នឹងជួយគ្នាទៅវិញទៅមក បើប្រទេសណាមួយត្រូវបរទេសឈ្លានពាន។

លោក ពូទីន (ឆ្វេង) និងលោក គីម (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសេចក្តីរាយការណ៍របស់ RT កាលពីថ្ងៃពុធទី១៩ខែមិថុនាឆ្នាំ២០២៤, លោក ពូទីន និងលោក គីម ជុងអ៊ុន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើនជាមួយគ្នាដូចជាទំនាក់ទំនង វប្បធម៌ ទេសចរណ៍ ពាណិជ្ជកម្ម សេដ្ឋកិច្ច និងសន្តិសុខ ជាដើម។

ដោយហៅវាថាជា “កិច្ចព្រមព្រៀងវិជ្ជមានប្រកបដោយផ្លែផ្កា”, លោកពូទីន និយាយថា “ឯកសារស្តីពីភាពជាដៃគូគ្រប់ជ្រុងជ្រោយ ដែលយើងបានចុះហត្ថលេខានៅថ្ងៃនេះ គឺសម្ព័ន្ធមិត្តទាំងពីរ នឹងជួយគ្នាទៅវិញទៅមក ក្នុងករណីមានការឈ្លានពានប្រឆាំងនឹងភាគីណាមួយ”។

លោក គីម និងលោក ពូទីន (រូបថត៖ Getty)

លោកបន្តថា ទីក្រុងមូស្គូ គាំទ្រដល់ចេតនារបស់ទីក្រុងព្យុងយ៉ាង ក្នុងការការពារសន្តិសុខនិងអធិបតេយ្យរបស់ខ្លួន ពីការឈ្លានពានរបស់លោកខាងលិច។ ប្រទេសនេះ ចាត់ទុកសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់គេ ថាជាអ្នកទទួលខុសត្រូវចំពោះភាពតានតឹងខ្លាំងឡើងៗ នៅក្នុងតំបន់។ ការឃោសនារបស់លោកខាងលិច មិនអាចលាក់បាំងចេតនាភូមិសាស្ត្រនយោបាយដ៏គឃ្លើនរបស់ពួកគេបានទៀតទេ រួមទាំងនៅអាស៊ីភាគពាយព្យផងដែរ។

មុនដំណើរទស្សនកិច្ចនេះ ប្រធានាធិបតីរុស្ស៊ី ធ្លាប់បានព្រមានទៅលោកសេរីរួចមកអំពីគោលបំណងរបស់ទីក្រុងកៀវ ក្នុងការប្រើអាវុធបស្ចិមប្រទេសដើម្បីវាយប្រហារចូលជ្រៅនៅក្នុងប្រទេសរុស្ស៊ី។ លោកក៏ព្រមាននៅដើមខែមិថុនាដែរថា ប្រសិនបើរឿងនេះកើតឡើងមែន ទីក្រុងមូស្គូ អាចជួយសព្វាវុធដូចគ្នា ទៅឲ្យសត្រូវរបស់លោកខាងលិច ដែលអាចបាញ់កម្ទេចទីតាំងយោធារបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ពួកគេ។

មីស៊ីលរុស្ស៊ី (រូបថត៖ Getty)

សូមជម្រាបជាថ្មី លោក ពូទីន បានចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសកូរ៉េខាងជើង កាលពីថ្ងៃពុធទី១៩ខែមិថុនា ដែលនេះជាដំណើរទស្សនកិច្ចលើកដំបូងក្នុងរយៈពេល២៤ឆ្នាំ។ ក្រោយចាកចេញពីទីក្រុងព្យុងយ៉ាង លោក ពូទីន ក៏បន្តដំណើរទៅវៀតណាម ទៀតសម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋ តាមការអញ្ជើញរបស់លេខាបក្សវៀតណាមលោក Nguyen Phu Trong។

ទោះបីជាយ៉ាងណាក៏ដោយ ជុំវិញដំណើរទស្សនកិច្ចនៅកូរ៉េខាងជើង, សហគមន៍​អន្តរជាតិ​បានបង្ហាញក្តីកង្វល់ជាពន់ពេក ដោយ​អគ្គលេខាធិការ​អង្គការ​ណាតូ លោក Jens Stoltenberg ​និយាយ​ថា សម្ព័ន្ធមិត្ត​យោធាមួយនេះ ​បារម្ភបំផុត​អំពីរឿងម្យ៉ាងគត់ នោះគឺ​​រុស្ស៊ី​អាច​ផ្តល់ជំនួយដល់​កម្មវិធី​មីស៊ីលនិង​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ រុស្ស៊ី-កូរ៉េខាងជើង ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម