Connect with us

ព័ត៌មានជាតិ

រដ្ឋនិងអង្គការ រៀបចំ ទិវាបរិស្ថានពិភពលោក ចូលរួមទប់ទល់ប្រែប្រួលអាកាសធាតុ

បានផុស

នៅ

តំណាងស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា អង្គការ វីអេសអូ និងអង្គការ Save the Children ប្រចាំកម្ពុជា បានសហការរៀបចំ ទិវាបរិស្ថានពិភពលោក ដើម្បីបង្ហាញពីផលជះរបស់គម្រោង ដែលកំពុងបន្តអនុវត្តដោយផ្តោតលើការលើកកម្ពស់ការអនុវត្តប្រកបដោយនិរន្តរភាព ស្របតាមសេដ្ឋកិច្ចបៃតង ការដោះស្រាយបញ្ហាប្រឈមនៃការរិចរិលដី វាលខ្សាច់ និងគ្រោះរាំងស្ងួតនៅកម្ពុជា ក៏ដូចជាបញ្ហាផ្សេងៗទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មវិធីនេះ ត្រូវបានរៀបចំឡើង កាលពីថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៤ នៅរាជធានីភ្នំពេញ ក្រោមការគាំទ្រថវិកាពី សហភាពអ៊ឺរ៉ុបប្រចាំកម្ពុជា និង UKAid ដោយមានអ្នកចូលរួមប្រមាណ៨៥នាក់ ក្នុងនោះមាន សមាជិកសហគមន៍នេសាទ ម្ចាស់អាជីវកម្មបៃតងក្នុងស្រុក សហគ្រិនវ័យក្មេង អ្នកស្ម័គ្រចិត្តសហគមន៍ និងប្រជាកសិករមកពីតំបន់បឹង​ទន្លេ​សាបខាងកើត ព្រមទាំង តំណាងមកពីក្រសួងស្ថាប័នរាជរដ្ឋាភិបាល អង្គការដៃគូផ្នែកអភិវឌ្ឍន៍ និងវិស័យឯកជន។​

ទិវាបរិស្ថានពិភពលោកនាឆ្នាំនេះ ក៏រៀបចំឡើងក្នុងគោលបំណងដើម្បីគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចអភិរក្សបរិស្ថាននៅតំបន់ទន្លេសាប និងការអនុវត្តប្រកបដោយនិរន្តរភាពនៅក្នុងសហគមន៍នេសាទ រួមមានការអនុវត្តនូវដំណោះស្រាយជាក់ស្តែងក្នុងការកែច្នៃថាមពល ការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ការកែច្នៃនិងអភិរក្សធនធានធម្មជាតិដែលទាំងបុគ្គលនិងសហគមន៍អាចទទួលបានផលប្រយោជន៍ក្នុងជីវិតប្រចាំថ្ងៃ។

លោកស្រី មាស ច័ន្ទធីតា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ដែលបានចូលរួមកម្មវិធីនេះ បានលើកឡើង អំពីបញ្ហាការប្រែប្រួលអាកាសធាតុ បានក្លាយជាប្រធានបទមួយដ៏សំខាន់ ដែលត្រូវបានយកចិត្តទុកដាក់កាន់តែខ្លាំងឡើងៗ ទាំងនៅកម្ពុជា ក៏ដូចជានៅលើពិភពលោក ជាពិសេសក្នុងពេលដែលការប្រែប្រួលអាកាសធាតុបានបង្កនូវគ្រោះមហន្តរាយកាន់តែធំឡើងៗសម្រាប់ភពផែនដី និងមនុស្សជាតិទំាងមូល។
លោកស្រីបញ្ជាក់ថា៖«ទោះបីជាប្រទេសកម្ពុជាស្ថិតក្នុងចំណោមប្រទេសដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់ទាបបំផុតក៏ដោយ ក៏យើងបានចូលរួមចំណែក ដើម្បីកាត់បន្ថយការប្រែប្រួលអាកាសធាតុ»។
លោកស្រីបន្ថែមថា យុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និង«កម្ពុជាស្អាត ខ្មែរធ្វើបាន» ដែលយុទ្ធនាការទាំងពីរនេះ បាននឹងបន្តសកម្មភាពខ្លួនយ៉ាងសកម្ម និងដូចភ្លៀងរលឹម ដើម្បីបរិស្ថានស្អាត និងមានការទទួលស្គាល់ពីជនរួមជាតិដោយភាពជឿជាក់ និងនៅលើឆាកអន្តរជាតិ។

អង្គការ Save the Children  បានឱ្យដឹងថា ការៀបចំ ទិវាបរិស្ថាននេះ ដើម្បីបង្ហាញពីសារៈសំខាន់នៃការចូលរួមទូទាំងពិភពលោកក្នុងកិច្ចខិតខំប្រឹងប្រែងអភិរក្ស។ អង្គការនេះបន្តថា កិច្ចខិតខំប្រឹងប្រែងទាំងនេះ រួមមាន ការស្ដារឡើងវិញនូវដីដែលខូចគុណភាព ប្រយុទ្ធប្រឆាំងនឹងការរិចរិលដី វាលខ្សាច់ ការកសាងភាពធន់នឹងគ្រោះរាំងស្ងួត និងការការពារប្រព័ន្ធអេកូឡូស៊ីធម្មជាតិដែលទ្រទ្រង់ជីវិតទាំងអស់។
ក្នុងនាមជាយុទ្ធនាការបរិស្ថានដ៏សំខាន់មួយរបស់អង្គការសហប្រជាជាតិ តាមរយៈ ទិវាបរិស្ថានពិភពលោកឆ្នាំនេះ បានអំពាវនាវដល់បុគ្គល សហគមន៍ និងប្រជាជាតិនានា ឱ្យរួបរួមគ្នាក្នុងការថែរក្សាភពផែនដីរបស់យើងសម្រាប់មនុស្សជំនាន់ក្រោយ៕

អត្ថបទ៖ ឡាយ សាមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម