Connect with us

ព័ត៌មានជាតិ

កម្ពុជា-ចិន ប្តេជ្ញារួមគ្នាទប់ស្កាត់ល្បែងអនឡាញ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន

បានផុស

នៅ

កម្ពុជា-ចិន តាមរយៈអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រសួងសន្តិសុខសាធារណៈចិន បានគូសបញ្ជាក់ជាថ្មីពីការប្តេជ្ញារួមគ្នាក្នុងការទប់ស្កាត់ល្បែងអនឡាញខុសច្បាប់ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ក៏ដូចជាការកសាងសមត្ថភាពកងកម្លាំងនគរបាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបង្ហាញឆន្ទៈនេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារដាច់ដោយឡែកពីគ្នារវាងភាគីចិនតំណាងដោយលោក វ៉ាង យ៉ុង (WANG YONG) អគ្គនាយកស្ដីទី នៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ក្រសួងសន្តិសុខសាធារណៈចិន និងជាប្រធាននគរបាលអន្តរជាតិប៉េកាំង ជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរង កាលពីថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ ២០២៤។

នៅក្នុងជំនួបនេះ គណៈប្រតិភូក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន មានគោលបំណង អនុវត្តទៅតាមផែនការសហប្រតិបត្តិការរបស់ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខចិន និងដើម្បីពិភាក្សាផ្លាស់ប្តូរយោបល់បំពេញបន្ថែមលើដំណើរការ នៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ រួមគ្នាទប់ស្កាត់ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ពិសេសកិច្ចសហការប្រយុទ្ធប្រឆាំងបទល្មើសនានា ក៏ដូចជាការកសាងសមត្ថភាពកងកម្លាំងនគរបាល ។

ក្នុងឱកាសនោះលោក វ៉ាង យ៉ុង បានស្នើកម្ពុជាដើម្បីបង្កើនកិច្ចសហប្រតិបត្តការឱ្យកាន់តែជិតស្និទក្នុងការរួមគ្នាប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន ជាពិសេសបទល្មើសល្បែងអនឡាញ និងបង្កើនកិច្ចសហការផ្លាស់ប្តូរព័ត៌មានស្រាវជ្រាវស្វែងរកមុខសញ្ញាដែលរត់គេចខ្លួន។

ជាការឆ្លើយតប លោក ស ថេត បានថ្លែងអំណរគុណចំពោះការជួយជ្រោមជ្រែងរបស់រដ្ឋាភិបាល និងប្រជាជនចិន ក្នុងពេលកន្លងមក ខណៈលោកបានលើកទឹកចិត្តដល់ភាគីទាំងពីរធ្វើការពិនិត្យ និងពិភាក្សាគ្នាឱ្យបានល្អិតល្អន់នៅក្នុងជំនួបក្រុមការងារបច្ចេកទេសជំនាញ៕

អត្ថបទ៖ ឡាយ សាមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម